ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ថា​ ការ​បណ្តោយ​ឱ្យ​មាន​សំណង់​ធំៗ​ក្នុង​តំបន់​អភិរក្ស​នៅ​ក្រុង​សៀមរាប​នឹង​ប៉ះពាល់​ឋានៈ​អង្គរ​វត្ត​ជា​បេតិកភណ្ឌ​ពិភពលោក


រូបឯកសារ៖ ភ្ញៀវទេសចរណ៍កម្ពុជាដើរទស្សនាទិដ្ឋភាពប្រាង្គប្រាសាទនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។ (AFP)
រូបឯកសារ៖ ភ្ញៀវទេសចរណ៍កម្ពុជាដើរទស្សនាទិដ្ឋភាពប្រាង្គប្រាសាទនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។ (AFP)

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃចន្ទ​នេះ ​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​បកស្រាយ​របស់​អ្នក​ជំនួញ​អចលន​ទ្រព្យ​មួយ​រូប​ដោយ​លោក​ពន្យល់​ថា​បាន​វាយ​តម្លៃ​ខុស​ពី​លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ​សំណង់​ធំៗ​ក្នុង​តំបន់​ប្រាសាទ​អង្គរ​ដែល​ត្រូវ​បាន​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​(UNESCO) ​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​ពិភព​លោក ​កាល​ពី​៣០​ឆ្នាំ​មុន។​

កាល​ពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០២២ ​ អគ្គ​នាយក​ក្រុមហ៊ុន​ខ្មែរ​រៀល អ៊ីស្ទេត​ (Khmer Real Estate)​គឺ​លោក ​គីម ហ៊ាង​ ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ ដក​ស្រង់​សម្តី​ថា ​ វិស័យ​អចលន​ទ្រព្យ​ក្នុង​ខេត្ត​សៀមរាប​ មិន​អាច​ជឿន​លឿន​ទៅ​មុខ​បាន ​ដោយ​សារ​ការ​កំណត់​កម្ពស់​នៃ​ការ​សាង​សង់​ដែល​ជា​ចំណុច​រាំង​ខ្ទប់​មិន​ឱ្យ​វិស័យ​អចលន​ទ្រព្យ​អភិវឌ្ឍ​ទៅ​មុខ​បាន​ក្នុង​ខេត្ត ​ដែល​ជា​តំបន់​វប្បធម៌​មួយ​នេះ។ ​

នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ មេ​ដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​លោក ​ហ៊ុន សែន ​ប្រាប់​ក្រុម​មន្ត្រី​កម្ពុជា​ថា​ ការ​បក​ស្រាយ​របស់​លោក​ គីម ហ៊ាង​ មិន​ស្រប​ទៅ​នឹង​ការ​កំណត់​នានា​របស់​យូណេស្កូ ​ដែល​លោក​ថា​ អាច​នឹង​ដក​ប្រាសាទ​អង្គរ​វត្ត​ចេញ​ពី​បញ្ជី​បេតិភណ្ឌ​ពិភព​លោកបើ​មាន​ការ​សាង​សង់​ថ្មី​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ជា​ដុំកំភួន​ ដូច​ជា​កន្លែង​ស្តុក​ទឹក​ ឬ​អគារ​ខ្ពស់ៗ​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​អភិរក្ស​ក្នុង​ក្រុង​សៀមរាប។​

«គាត់​ថា​ នៅ​សៀមរាប​ មិន​អាច​អភិវឌ្ឍ​បាន​ ដោយ​សារ​តែ​មាន​ការ​រាំង​ស្កាត់​ការ​រាំង​ស្កាត់​ដោយ​អាជ្ញាធរ​មិន​ឱ្យ​សាង​សង់​ផ្ទះ​មិន​ឱ្យ​សាងសង់​ខ្ពស់។​ខ្ញុំ​សុំ​បញ្ជាក់​ថា​មិន​អាច​យក​តំបន់​សៀមរាប​ ប្រៀប​ធៀប​ទៅ​នឹង​ទីផ្សារ​អចលន​ទ្រព្យ​ ដូច​ជា​ខេត្ត​ដទៃ​ទេ។​បើ​សិន​ជា​ធ្វើ​ដូច្នោះ​ កម្ពុជា​ នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ ដោយ​យក​អង្គរវត្ត​របស់​យើង​ចេញ​ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ហើយ»។

លោក ​ហ៊ុន សែន ​បន្ថែម​ថា៖​«អ្នក​ដែល​ប្រកាស​ថា​ នឹង​ជីក​ស្រះ​ដ៏​ធំ​ និង​ធ្វើ​ស្អីៗ​ ក៏​ត្រូវ​កែតម្រូវ​បញ្ជាក់​ គឺ​រាជ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ទេ។​ ខ្ញុំ​ ធ្លាប់​បាន​ប្រើ​ហើយ ​ យើង​មិន​សម្លាប់​មេ​មាន់​ គ្រាន់​តែ​ដើម្បី​ឆ្ងាញ់​មួយ​ពេល​នោះ​ទេ។​យើង​ត្រូវ​ចិញ្ចឹម​មេមាន់​ឱ្យ​បាន​ល្អ​ ដើម្បី​ទទួល​ពង​របស់​វា​ឱ្យ​បាន​ច្រើន។​យើង​មិន​អាច​ទុក​ឱ្យ​ បេតិ​កភណ្ឌ​ពិភពលោក​គឺ​ប្រាសាទ​អង្គរ​នៅ​ទីនេះ​ រង​នូវ​ផល​ប៉ះពាល់​ណាមួយ​ដែល​បាត់​បង់​លក្ខណៈ​សម្បតិ្ត​បេតិក​ភណ្ឌ​ពិភព​លោក»។

បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ការ​អត្ថាធិប្បាយ​របស់​អ្នក​ជំនាញ​អចលន​ទ្រព្យ​លោក​គីម ហ៊ាង​ ទទួល​បាន​ប្រតិកម្ម​កន្លង​មក ​ពី​មន្ត្រី​កម្ពុជា​មួយ​ចំនួន ​រួមមាន​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​សុខ ទូច ​និង​កូន ប្រុស​ពៅ​របស់​លោក​គឺ ​លោក ហ៊ុន ម៉ានី​ ដែល​ជា​តំណាង​រាស្ត្រមណ្ឌល​ខេត្ត​កំពង់​ស្ពឺ។ ​

អគ្គ​នាយក​ក្រុមហ៊ុន​ខ្មែរ​រៀលអ៊ីស្ទេត​លោក​ គីម ហ៊ាង​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​លោក​យល់​ស្រប​នឹង​ការ​ ធ្វើ​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​មើល​ឃើញ​ទូលំទូលាយ​ពី​ស្ថានភាព​របស់​ប្រទេស​ជាតិ។​

«អ៊ីចឹង​ដូច​សម្តេច​បាន​លើក​ឡើង​ថា​ ​មិន​អាច​គិត​តែ​ផល​ប្រយោជន៍​ បុគ្គល​រឿង​តូចតាច​ ហើយ​ធ្វើ​ឱ្យប៉ះពាល់​ដល់​ផល​ប្រយោជន៍​ដែល​ជា​បេតិក​ភណ្ឌ​ពិភពលោក។​ អ៊ីចឹង​ ក្នុង​នាម​ជា​អ្នក​រក​ស៊ី​ដែល​ប្រជាជន​នៃ​ប្រទេស​នេះ​ គឺ​យើង​ត្រូវ​គោរព​ទៅ​តាម​អ្វី​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋ​បាន​រៀបចំ»។​

អ្នក​ជំនួញ​អចលន​ទ្រព្យ​រូប​នេះ​ធ្លាប់​បាន​ចេញ​ការ​សុំ​ទោស​ជាសាធារណៈ​ ក្រោយ​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​រយៈពេល​ជាង​២​ម៉ោង​អំពី​ចំណុច​ខ្សោយ​ និង​ចំណុច​ខ្លាំង​នៃ​ការ​វិនិយាគ​ និង​អភិវឌ្ឍ​វិស័យ​អចលន​ទ្រព្យ​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃទី​១២​ ខែ​កុម្ភៈ។​ ក្នុង​លិខិត​សុំទោស​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​១៧​ ខែ​កុម្ភៈ​លោក​លើក​ឡើង​ថា​ លោក​ពិត​ជា​និយាយ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​ ដែល​ជា​កំហុស​ដ៏​ធំមួយ​ ដែល​លោក​បាន​បង្កើត​ឡើង​ដោយ​អចេតនា។​

កាល​ពី​ឆ្នាំ​២០២១​រដ្ឋាភិបាល​បាន​បង្កើត​ឯកសារ​ស្តីពី​ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០៣៥​ ដោយ​ដាក់​ចេញ​យន្តការ​គ្រប់គ្រង ​និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ច្បាស់​លាស់​សំដៅ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​តំបន់​អង្គរ​ និង​ធនធាន​ធម្មជាតិ​ឱ្យ​បាន​ជា​អតិបរមា។ ​ នេះ​បើ​តាម​របាយ ​ការណ៍​សង្ខេប​របស់​រដ្ឋាភិបាល។​

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​តំបន់​បេតិក​ភណ្ឌ​នៃ​ឧទ្យាន​អង្គរ​ លោក ​ឡុង កុសល​ ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា​ការ​អភិវឌ្ឍ​សំណង់​អគារ​ អាច​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីតាំង​មួយ​ចំនួន​ ពោល​មិន​មែន​មាន​ការ​ហាម​ឃាត់​ពេញ​មួយ​ក្រុង​សៀមរាប​ទេ។​លោក​បន្ថែម​ថា​ ការ​អភិវឌ្ឍ​នោះ​ទៀត​សោត​ ត្រូវ​ស្រប​តាម​លក្ខខណ្ឌ​កំណត់​ដូច​ជា​កម្ពស់​ និង​មាន​រចនាបថ​ដែល​មិន​ប៉ះពាល់​អត្ត​សញ្ញាណ​ក្រុង​សៀមរាប។​

«ចង់​និយាយ​ថា​ទីតាំង​មួយ​ចំនួន​គឺ​មាន​ការ​កំណត់​នូវ​កម្ពស់​ ក៏​ប៉ុន្តែ​ការ​សាងសង់​ ការ​អនុញ្ញាត​អី​នៅតែ​មាន​ធម្មតា​ទេ​ មិន​ហាម​ការ​សាងសង់​ទេ»។ ​ លោក​បន្ថែម​ថា៖​ «ក៏ប៉ុន្តែ​គ្រាន់​តែ​ការ​សាងសង់​ហ្នុង​ គឺត្រូវ​តែ​ស្ថិត​នៅ​ក្នុង​កម្រិត​បទដ្ឋាន​ដែល​មាន​ការ​កំណត់​នូវ​កម្ពស់​ ហើយ​កំណត់​នូវ​រចនាបទ​ ​កំណត់​នូវ​ការ​សាងសង់​ហ្នឹង​ឱ្យបាន​ត្រឹម​ត្រូវ​កុំ​ឱ្យ​ចេះ តែ​សាង​សង់​ វា​ខុស​ក្បួន​ ខុស​ខ្នាត។​ វា​ធ្វើ​ឱ្យ​ទីក្រុង​សៀមរាប​ហ្នឹង​ ខូចខាត​នូវ​អត្ត​សញ្ញាណ​របស់​ខ្លួន ឬ​ក៏​បាត់​បង់​នូវ​អត្ត​សញ្ញាណ​របស់​ខ្លួន។​ ចង់​និយាយ​អ៊ីចឹង»។​

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​១៩៩២​ តំបន់​បេតិក​ភណ្ឌ​នៃ​ឧទ្យាន​អង្គរ​ទំហំ​ប្រមាណ​៤០០​គីឡូម៉ែត្រ​ការ៉េ​ ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ ស្រប​តាម​គុណ​សម្បតិ្ត​សំខាន់ៗ​មួយ​ចំនួន​ ក្នុង​នោះ​ អាយុ​កាល​រាប់​សតវត្សរ៍ ​និង​ស្នាដៃ​សិល្បៈ​ដែល​ពិសេស​គ្មាន​ពីរ​ និង​មរតក​នៃ​វប្បធម៌​របស់​ចក្រភព​ខ្មែរ​ពី​សត​វត្សរ៍​ទី៩​ដល់​សត​វត្សរ៍​ទី​១៤​ ក៏​ដូច​ជា​តួនាទី​របស់​ចក្រភព​ខ្មែរ​ដែល​មាន​លក្ខណៈ​អប់រំ​ក្នុង​ការ​អភិវឌ្ឍ​វប្បធម៌​ និង​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នាសម័យ​កាល​នោះ។​ នេះ​បើ​តាម​គេហទំព័រ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ទទួល​បន្ទុក​អភិរក្ស​តំបន់​អង្គរ៕​

XS
SM
MD
LG