ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​ភាពក្រីក្រ​នៅ​កម្ពុជា​កើន​ដល់​១៨% ហើយ​វិបត្តិ​កូវីដ​ជា​កត្តា​មួយ​នាំ​ឲ្យ​មាន​កំណើន​នេះ


រូបឯកសារ៖ មនុស្ស​ម្នា​ពាក់​ម៉ាស់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ក្នុងទីក្រុង​ភ្នំពេញប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។(ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ មនុស្ស​ម្នា​ពាក់​ម៉ាស់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ក្នុងទីក្រុង​ភ្នំពេញប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។(ទុំ ម្លិះ/វីអូអេ)

ក្នុង​ពេល​ប្រទេស​កម្ពុជា​រង​វិបត្តិ​ជំងឺ​កូវីដ​១៩ ​បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សាជា​ថ្មី ​ដែល​នាំ​ឲ្យអត្រា​ភាព​ក្រី​ បាន​កើន​ឡើង​ដល់​ប្រមាណ​១៨%។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ផែន​ការ​ចុះ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ​ឆ្នាំ​២០​២១។​

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​«ខ្សែ​បន្ទាត់​ភាព​ក្រីក្រ​ថ្មី​ និង​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ឆ្នាំ​ ២០១៩-២០២០»​ឲ្យ​ដឹង​ថា​ ការ​កំណត់​ខ្សែ​បន្ទាត់​ភាព​ក្រី​ក្រ​ថ្មីនេះ ប្រើ​ប្រាស់​ទិន្ន​ន័យ​ពី​ការ​អង្កេត​សេដ្ឋ​កិច្ច​កម្ពុជា​ឆ្នាំ​២០១៩-២០២០។ ​ខ្សែ​បន្ទាត់​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា​មាន​ចំនួន ​១០.៩៥១​ រៀល​ក្នុង​មនុស្ស​ម្នាក់ ​ក្នុង​មួយ​ថ្ងៃ ​ដែល​ដូច​គ្នានឹង​ការ​កំណត់​បន្ទាត់​ភាព​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ។​ ចំណែក​នៅ​តំបន់​ទី​ប្រជុំ​ជន​ផ្សេង​ទៀត​មាន​ចំនួន​ ៩.៥៧១​ រៀល​ និង​ ៨.៩០៨ រៀល ​នៅ​តំបន់​ជនបទ។​

កាល​ពី​មុន ​បន្ទាត់​ភាព​ក្រីក្រ​ ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ចំនួន​ប្រមាណ ​៧.៦០០ ​រៀល​សម្រាប់​ពលរដ្ឋ​ម្នាក់​ក្នុង​មួយ​ថ្ងៃ។ ​

ប្រជា​ជន​ប្រមាណ​ ១៧,៨%​ នៃ​ប្រជាជន​កម្ពុជា​សរុប​ជាង​ ១៦ ​លាន​នាក់​បាន​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​នេះ ​ក្នុង​ឆ្នាំ ​២០១៩-២០២០ ​ក្នុង​នោះ​អត្រា​ភាព​ក្រីក្រ​នៅ​ភ្នំពេញ​មាន​ចំនួន ​៤,២% ​ តំបន់​ទីប្រជុំ​ជន​ផ្សេង​ទៀត​មាន​ចំនួន​ ១២,៦% ​និង​តំបន់​ជន​បទ​មាន​ចំនួន ​២២,៨%។ ​នេះ​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ផែនការ។

បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ផែន​ការ ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​អត្រា​ភាព​ក្រីក្រ​មាន​ចំនួន​១៣,៥% ​ដែលជា​អត្រា​ភាព​ក្រីក្រ​ចុង​ក្រោយមុន​មាន​វិបត្តិ​កូវីដ​១៩។​

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ រដ្ឋមន្រ្តី​ក្រសួង​ផែន​ការ ​លោក ​ឆាយ ថន​ បាន​ថ្លែង​ថា​ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩-២០២០​ បាន​កើន​ឡើង​ ដោយ​សារ​«ផល​ប៉ះ​ពាល់​ខ្លះ»​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា៖ ​«ការ​រីក​រាល​ដាល​កូវីដ១៩​លើ​សេដ្ឋ​កិច្ច​កម្ពុជា ​បាន​ចាប់​ផ្តើម​ពី​ដើម​ឆ្នាំ​២០២០ តាម​រយៈ​ការ​បង្ក​ផល​ប៉ះពាល់​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​សម្រាប់​ការ​ផលិត​ផលិត​ផល​នាំ​ចេញ ​ការ​ថយ​ចុះ​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស ​និង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេស​ចរណ៍​ ប៉ុន្តែ​ផល​ប៉ះពាល់​លើ​កម្រិត​ជីវភាព​រស់​នៅ​របស់​គ្រួសារ​ប្រជាជន​កម្ពុជា​ អាច​ចាប់​ផ្តើម​ពីខែ​មេសា​ ឆ្នាំ​២០​២០​ នៅ​ពេល​ដែល​វិធាន​ការ​រឹត​បន្តឹង​នានា​ត្រូវ​បាន​អនុវត្ត»។​

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០​ អង្គ​ការ​កម្ម​វិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ​នៅ​កម្ពុជា ឬ​ UNDP​ បាន​ចេញ​ផ្សាយរបាយ​ការណ៍ថ្មី​ ដោយ​លើក​ឡើង​ថា ​វិបត្តិ​កូវីដ​១៩​ នឹងជំរុញ​កំណើន​អត្រា​ភាព​ក្រី​ក្រ​នៅ​កម្ពុជាឡើង​ដល់​ជិត​១៨%។​

កាល​ពី​ចុង​ខែ​ឧសភា​ ឆ្នាំ​២០២០​ របាយ​ការណ៍​របស់​ធនា​គារ​ពិភព​លោក ​(World Bank)​ ឲ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​៣០ឆ្នាំ​មក​នេះ ​កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ពី​ការ​រាត​ត្បាត​ជំងឺ​កូវីដ ដែល​នឹង​នាំ​ឲ្យ​ការងារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​ ១លាន​ ៧​សែន​នាក់​«ស្ថិត​ក្នុង​ហានិ​ភ័យ»។ ​

ចំណែក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ​កាល​ពី​កន្លង​ទៅ ​បាន​វាយ​តម្លៃ​ថា​ ​ប្រជាជន​ប្រមាណ ​១,៣ ​លាន​នាក់​ អាច​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ​ដោយ​សារ​រង​វិបត្តិ​ជំងឺ​កូវីដ​១៩។​

លោក ថេង​ បញ្ញាធន​ ​ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អគ្គនាយក​ផែន​ការ​នៃ​ក្រសួង​ផែន​ការ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​កំណត់​ខ្សែ​បន្ទាត់​ក្រីក្រជា​«មូលដ្ឋាន​គោល»​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ប្រសើរ​ឡើង​នៃ​សុខុមាលភាព​របស់​ប្រជា​ជន​កម្ពុជា។​

លោក​បន្ថែម​ថា​ ការ​កំណត់​បន្ទាត់​ភាព​ក្រីក្រថ្មី​នាំ​ឲ្យ​រក​ឃើញ​កំណើន​អត្រា​ភាព​ក្រីក្រ ​ដែល​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ មិន​មែន​តែ​កម្ពុជា​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ ​«ការ​កាត់​បន្ថយ​ភាព​ក្រីក្រនេះ ​គឺ​រក​ទី​បញ្ចប់​អត់​ឃើញ ​ដោយ​សារ​តែ​លុះ​ត្រា​តែ​ប្រទេស​ហ្នឹង​ឡើង​ទៅ​ដល់​កម្រិត​ដែល​មាន​ការ​អភិវឌ្ឍ​ខ្លាំង ​ហើយ​ពេល​នោះ​ហើយ ​បាន​ការ​គិត​គូរ​ពាក់​ព័ន្ធ​ទៅ​នឹង​ភាព​ក្រីក្រ​ហ្នឹង ​គឺ​លែង​គិត។ ​គិត​តែ​ពី​រឿង​ការ​ទទួល​បាន​ការងារ​ធ្វើ​អី​ហ្នឹង​[វិញ]»។​

បើ​តាម​មន្រ្តី​រូប​នោះ​ ប្រជាជន​ជាង​១០​ម៉ឺន​គ្រួសារ​ បាន​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ​ដោយសាររង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩ ​ដែល​នាំ​ឲ្យ​ចំនួន​ប្រជាជន​ក្រី​ក្រ​មាន​ប្រមាណ​៣​លាន​នាក់។​

ការ​សិក្សា​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទៅ​លើ​ពលរដ្ឋ​ជាង​២​ម៉ឺន​គ្រួសារ​ដែល​ជា​សមាជិក​របស់​សមាគម​នៅ​តាម​បណ្តា​ខេត្ត​នានា ​បង្ហាញ​ថា វិបត្តិ​សុខ​ភាព​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩​បាន​បង្ក​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ទី​ជនបទ​ និង​អ្នក​ប្រកប​របរ​កសិកម្ម​ ហើយ​ក៏​បាន​ជំរុញ​ឲ្យពួក​គេ​កាន់តែ​ធ្លាក់​ក្នុង​ស្ថាន​ភាព​ក្រីក្រ​លំបាក។ ​កសិករ​ បាន​បាត់បង់​ចំណូល​ ខណៈ​ការ​ចំណាយ​កើន​ឡើង​ ដែល​នាំ​ឲ្យ​ពួកគេ​ជំពាក់​បំណុល​កាន់តែ​ខ្លាំង។ ​ការសិក្សា​ទ្រង់​ទ្រាយ​តូច​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០២១​ ​ផ្តោត​លើ​ការ​ប្រែប្រួល​ដែល​ចាប់​ផ្តើម​តាំង​ពី​ខែតុលា ឆ្នាំ​២០២០​ ​ក្នុង​ចំណោម​កសិករ​នៅ​ខេត្ត​ក្រចេះ ​ត្បូងឃ្មុំ​ ស្វាយរៀង ​ព្រៃវែង​ កណ្តាល​ តាកែវ​ កំពង់ស្ពឺ​ ព្រះ​សីហនុ ​កោះកុង ​និង​ខេត្ត​ព្រះ​វិហារ៕

XS
SM
MD
LG