ខណៈដែលអាជ្ញាធរកំពុងសម្រុករៀបចំសណ្នាប់ធ្នាប់តំបន់អង្គរ ដោយបានបង្គាប់ឱ្យប្រជាពលរដ្ឋចាកចេញពីកន្លែងដែលពួកគេបានរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត ប្រជាពលរដ្ឋមួយចំនួនដែលដីរបស់ពួកគេរងផលប៉ះពាល់ ត្រូវបានជម្លៀសឱ្យទៅរស់នៅកន្លែងផ្សេង។ ពួកគេទទូចឱ្យអាជ្ញាធរទុកពេលដល់ពួកគេ នៅក្នុងការរុះរើផ្ទះ ជាពិសេសស្នើឱ្យមានការពិភាក្សា ក៏ដូចជាជូនដំណឹងជាមុន។
ប្រជាពលរដ្ឋដែលផ្ទះត្រូវបានអាជ្ញាធររុះរើ អ្នកស្រី ទន់ សារ៉េន អាយុ ៣០ ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃសុក្រថា កាលពីថ្ងៃព្រហស្បតិ៍ វេលាម៉ោងប្រមាណ ៩ ព្រឹក អាជ្ញាធរអប្សរាជាង ៥០ នាក់ ស្ថិតក្នុងស្លៀកពាក់ខោអាវចម្រុះ បានចុះមករើរុះផ្ទះរបស់អ្នកស្រី ខណៈមិនមានការជូនដំណឹងទុកជាមុនឡើយ។
អ្នកស្រីថ្លែងថា៖ «ប៉ុន្តែពួកយើងអត់ទទួលបានដីកា ឬក៏ការ Inform (ជូនដំណឹង) មកពីខាង Team (ក្រុម) របស់គាត់ ឬក៏ខាងសង្កាត់អីដែលគាត់ចុះមក គឺអត់មានទេ។ មានតែចូលទៅ គឺរើផ្ទះតែម្តង»។
មានទីលំនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប អ្នកស្រី ទន់ សារ៉េន អះអាងថា គ្រួសាររបស់អ្នកស្រីបានរស់នៅទីនោះយូរមកហើយ តាំងពីអ្នកស្រីធំដឹងក្តីមកម្ល៉េះ។ អ្នកស្រីថ្លែងបន្តថា ទំហំដីផ្ទះរបស់អ្នកស្រីមានបណ្តោយ ៤០ ម៉ែត្រ និងទទឹង ៣១,៥០ ម៉ែត្រ និងផ្ទៃដីសរុបមាន ១.២៦០ ម៉ែត្រការ៉េ។
អ្នកស្រីបានបន្ថែមថា អ្នកស្រីមិនមានចេតនាប្រឆាំងនឹងចំណាត់ការរបស់អាជ្ញាធរឡើយ ប៉ុន្តែអ្នកស្រីគ្រាន់តែចង់ឱ្យមានការពិភាក្សាជាមុន និងជូនដំណឹងពីសំណាក់អាជ្ញាធរឱ្យបានលំទូលំទូលាយ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់ចង់មានអំពើហិង្សាឬក៏ស្អីទេ។ ឱ្យតែគាត់ធ្វើតាមសន្តិវិធី ហើយមានលក្ខខណ្ឌដែលគាត់ចុះមក ហើយមុននឹងធ្វើការរុះរើ គាត់បានប្រកាសមុន»។
ចំណែកអ្នកស្រី ឌន់ សាវឺយ អ្នកលក់ដូរនៅម្តុំស្រះស្រង់នៃប្រាសាទបន្ទាយក្តី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អ្នកស្រីមានចម្ងល់ពាក់ព័ន្ធជាមួយចំណាត់ការរបស់អាជ្ញាធរថា ហេតុអ្វីបានជារុះរើផ្ទះស្ងាត់ៗ ដោយមិនមានការប្រាប់ជាមុន។ អ្នកស្រីថ្លែអបន្តថា អាជ្ញាធរមិនទុកពេលវេលាឱ្យឡើយ ខណៈទាមទារឱ្យរុះរើផ្ទះឬក៏តូបភ្លាមៗ នៅពេលពួកគេចុះមក។ តូបរបស់អ្នកស្រីត្រូវបានរុះរើកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងខ្ញុំឆ្ងល់ថា ច្បាប់របស់ពួកគាត់មក មកដល់រើហើយឱ្យរួចក្នុងរយៈពេលដែលគាត់ចង់បាន ដែលលឿនបំផុត ហើយគាត់អាលនឹងដាំឈើភ្លាមៗ ក្នុងរយៈពេលនោះ។ ចង់និយាយថា ដល់ពេលអ៊ីចឹង ខ្ញុំដូចអត់យល់»។
បើតាមអ្នកស្រី ឌន់ សាវឺយ ក្រុមគ្រួសាររបស់អ្នកស្រីរស់នៅដោយពឹងផ្អែកលើការអាជីវកម្មលក់ដូរ។ អ្នកស្រីថា បើគេបិទឈប់ឱ្យលក់ ការផ្គត់ផ្គង់ជីវភាពមិនដឹងត្រូវដោះស្រាយដោយរបៀបណាឡើយ។ អ្នកស្រីថ្លែងបន្តថា អ្នកស្រីកំពុងរង់ចាំមើលការសន្យារបស់អាជ្ញាធរដែលថា បន្ទាប់ពីចំណតរថយន្តត្រូវបានធ្វើរួចរាល់ នឹងមានការរៀបចំឱ្យមានការលក់ដូរឡើងវិញ។ អ្នកស្រី សាវឺយ ក៏ទទូចឱ្យអាជ្ញាធរជូនដំណឹងជាមុន មុននឹងចាត់វិធានការណាមួយ។
អ្នកស្រីនិយាយថា៖ «សូមឱ្យមានជាដំណឹង ជាលិខិតអីបញ្ជាក់មុន។ ឱ្យគ្នាត្រៀមខ្លួនអ៊ីចឹងហាស។ ដល់ពេលចឹង មនុស្សអាចស្លាប់បាន។ អ្នកដែលមានជំងឺមានអី លេងដាក់ព្រឹបៗអ៊ីចឹង អាចស្លាប់បាន»។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរបានជូនដំណឹង និងពិភាក្សាជាមួយប្រជាពលរដ្ឋរួចហើយ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងការលើកឡើងនេះ មិនមែនថាមិនបានជូនបណ្តឹងទេ។យើងបានជូនដំណឹងរួចរាល់អស់ហើយ»។
ជាដំណោះស្រាយនៃការជម្លៀសពលរដ្ឋចេញពីតំបន់អង្គរ ប្រជាពលរដ្ឋនឹងត្រូវបានប្រគល់ដីទំហំ ២០ ម៉ែត្រគុណនឹង ៣០ ម៉ែត្រ នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី។ នេះបើតាមការលើកឡើងរបស់លោក ឡុង កុសល។ ទោះជាយ៉ាងណាក្តី លោកថា លោកមិនទាន់ដឹងនៅឡើយទេថា តើប្រជាពលរដ្ឋប៉ុន្មានគ្រួសារហើយដែលយល់ព្រមទទួលសំណងនេះដែលផ្តល់ឱ្យដោយរដ្ឋាភិបាល។
លោក នីរ៉ាន នូ (Niran Nou) មន្ត្រីកម្មវិធីទទួលបន្ទុកផ្នែកវប្បធម៌នៃអង្គការយូណេស្កូ ប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃសុក្រថា ការការពារថែរក្សា និងការគ្រប់គ្រង់នៅតំបន់បេតិកភណ្ឌអង្គរវត្ត ជាការទទួលខុសត្រូវរបស់រដ្ឋភាគី ដែលបានផ្តល់សច្ចាប័នទៅលើកតិកាសញ្ញាស្តីពីបេតិកភណ្ឌពិភពលោក។ លោកថ្លែងបន្តថា វាក៏ជាទំនួលខុសត្រូវរបស់រដ្ឋាភិបាល ព្រមទាំងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានានូវគុណតម្លៃ ដែលត្រូវបានកំណត់ថាជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកបានបញ្ជាក់ជាសារអ៊ីមែលថា៖ «រដ្ឋជាភាគីត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ ដើម្បីដោះស្រាយបញ្ហានៃការទន្ទ្រាន និងការសាងសង់ថ្មីៗ ក្នុងតំបន់ ១ និងតំបន់ ២ ស្របតាមគោលការណ៍នៃការចិញ្ចឹមជីវិតរបស់ពួកគេ ការចូលរួមពីគ្រប់ភាគី និងការអភិវឌ្ឍប្រកបដោយចីរភាព»។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន ២ កាលពីព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលព្រមចាកចេញពីតំបន់អង្គរ។ លោកថ្លែងបន្តថា បើមិនចាកចេញទេ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលត្រូវបានចុះបញ្ជីកាលពីឆ្នាំ ១៩៩២។
លោកបានថ្លែងថា៖ «ប្រសិនបើមិនចាកចេញ ហើយនៅតែនៅខុសច្បាប់ក្នុងតំបន់អង្គរ អង្គរវត្តនឹងត្រូវគេដកចេញពីបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកហើយ ព្រោះយើងមិនអនុវត្តតាមកាតព្វកិច្ចតម្រូវដោយគណៈកម្មការបេតិកភណ្ឌពិភពលោក»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានលើកឡើងថា សំណង់ជាង ២.០០០ និងការលក់ដូរមិនត្រូវអនុញ្ញាតឱ្យនៅបន្តឡើយក្នុងតំបន់អង្គរ។ លោកថ្លែងបន្តថា រដ្ឋត្រៀមចែកដីឡូត៍ចំនួន ៦ ពាន់កន្លែង នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជូនដល់ប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅពីតំបន់អង្គរ៕
ភ្នំពេញ —