ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​​ភ្នំពេញ​កាន់​តែ​ព្រួយ​បារម្ភ ​ខណៈ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​​​កើន​ឡើង​ទ្វេដង


មនុស្ស​ម្នា​ពាក់​ម៉ាស់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ក្នុងទីក្រុង​ភ្នំពេញប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)
មនុស្ស​ម្នា​ពាក់​ម៉ាស់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ក្នុងទីក្រុង​ភ្នំពេញប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)

ប្រជា​ពលរដ្ឋ​មួយ​ចំនួនក្នុង​រាជធានី​ភ្នំពេញបាន​បង្ហាញ​ក្តីព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ ទាក់ទង​នឹង​បញ្ហា​សុខភាព ​និង​ចំណូល​របស់​ពួក​គេ ​ខណៈអ្នក​ឆ្លង​វីរុស​កូរ៉ូណា​កូវីដ​១៩​ត្រូវ​បាន​រក​ឃើញ​ចំនួន​១២​ករណី​ថ្មី​ទៀត​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​១១​នាក់ ​ទើប​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ​ពួកគេ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៥ ​និង​រាជធានី​ភ្នំពេញ។ ​ចំនួន​សរុប​នៃ​ការ​ឆ្លង​មេរោគ​នេះ​បាន​ឡើង​ទៅ​ដល់​ ២៤​ករណី​ នៅ​ទូទាំង​ប្រទេស​គឺ​កើន​ឡើង​ទ្វេដង។​

អ្នកស្រី​ ម៉ៅ លីនដា ​អាយុ​៤០​ឆ្នាំ ​និង​ជា​អ្នក​លក់​ខោអាវ​ជជុស នៅ​ផ្ទះ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អ្នកស្រី​នឹង​បិទ​ហាង​របស់​អ្នកស្រី​មួយ​រយៈ​នៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ ដោយ​បារម្ភ​ខ្លាច​មាន​ការ​ចម្លង​រោគ​នេះ។ អ្នកស្រី​បន្ត​ថា​ ​អ្នកស្រី​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ករណី​វីរុស​កូវីដ​១៩​នេះ ​បាន​កើត​នៅ​ភ្នំពេញ​កាន់​តែច្រើន។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្មែរ​ហ្នឹង ​ចុះ​តៗ​គ្នា​មក​ទៀត​នោះ​ មិន​ដឹង​ថា​ ​ខ្មែរ​ហ្នឹង​ទៅ​ជួប​បរទេសណា។ ​យើង​ម៉េច​ដឹង?​មិន​ត្រូវ​អ៊ីចឹង»។​

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកស្រី​បានបាត់​បង់​ភ្ញៀវ​មួយ​ចំនួន ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ និង​អង្គការ​មួយ​ចំនួន​ដែល​មាន​ទីតាំង​នៅ​ម្តុំ​ផ្ទះ​របស់​អ្នកស្រី ​បាន​ឈប់​សម្រាក​ក្នុង​សប្តាហ៍​នេះ។​

អ្នកស្រី​បញ្ជាក់​ថា៖​«អត់ដឹង​ធ្វើ​ម៉េច ​មិន​ងាប់!​ចុះ​បើ​គេ​ឈប់​អស់​ហើយ​ យើង​លក់​ឲ្យ​ណា​គេ?​ទេ​អត់​មាន​ចូល​ផង!​ហាង​ខ្ញុំ ស្ងាត់ឈឹងហ្នឹង!»​

ពលរដ្ឋ​ម្នាក់​ទៀត​គឺ​លោក​ ម៉ាន់ នីន ​អាយុ​៣៥​ឆ្នាំ ​អ្នក​រត់​រ៉ឺម៉ក​កង់បី​នៅ​ខាង​មុខ​ផ្សារ​ធំថ្មី ​មាន​ប្រសាសន៍​ថា បើ​សិន​ជា​ករណី​នេះ​បន្តកើនឡើង​កាន់តែ​ច្រើន​ ​លោក​នឹង​ផ្អាក​ការ​ដឹក​ភ្ញៀវ​មួយរយៈ​សិន​ ដែល​នឹងប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​លោក ​ហើយ​ភរិយា​របស់​លោក​ដែល​ជា​កម្មករ​រោងចក្រ​ក៏​នឹង​ឈប់​ដែរ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖«ប៉ះពាល់​ច្រើន​ ​បើ​យើង​ត្រូវ​ការ​រកលុយ។​ យើង​ជំពាក់លុយ​ធនាគារ​អ៊ីចឹង។ ​ប្រពន្ធ​[ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ] ​ក៏​ឈប់។ ​ហើយ​បើសិន​ណា ​ វា​រាលដាល​ច្រើន​ទៅៗ​ ​យើង​ម៉េច​ហ៊ាន​រត់?​ខ្លាច។ យើង​នៅ​ផ្អាក​ទាំង​អស់គ្នា។ ​នៅ​ផ្ទះ​ហ្មង»។​

លោក​ សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​មាន​ប្រសាសន៍​ថា ​ លោក​បារម្ភ​ពី​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ​មួយ​ចំនួន​ដូចជា​អ្នក​លក់ដូរអ្នក​បើកបរ​តាក់ស៊ី ​ឬ​អ្នក​រត់រ៉ឺម៉ក​កង់​បី​ជាដើម។​

លោក​មាន​ប្រសាសន៍​ថា៖​«ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​រកស៊ី​មួយ​ថ្ងៃ​សម្រាប់តែ​មួយ​ថ្ងៃអ្នក​លក់​ដូរតាម​ដង​ផ្លូវ​អីជា​ដើម​ហ្នឹង​ រួម​ទាំង​អ្នក​លក់ដូរ​នៅ​តាម​ផ្សារ។យើង​ចង់​ឲ្យ​មាន​ការ​រក​មធ្យោបាយ​អី​មួយ​ដើម្បី​ជួយ​កាត់​បន្ថយ​ពី​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​មេរោគ​កូវីដ​១៩​នេះ»។​

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស្រី​ ឱ វ៉ាន់ឌីន ​និង​លោក ​លី សូវ៉ាន់ ​អ្នក​នាំពាក្យក្រសួង​សុខាភិបាល​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

ទោះ​ជា​យ៉ាងណា ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះក្រសួងសុខាភិបាលបាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​«រក្សា​ភាព​នឹង​នរ​ក្នុង​ចិត្ត​ ​កុំ​មាន​ការ​ភ័យ​ខ្លាច ​ជឿ​ទុក​ចិត្ត​លើ​វិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នេះ​របស់​រាជរដ្ឋាភិបាល»។ ក្រសួង​ក៏បាន​សម្រេច​ប្រើប្រាស់​សណ្ឋាគារ ​Great Duke​ អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ​ថែ​ទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នេះ។​

ខណៈ​ករណី​ឆ្លង​កើន​ឡើង​ដល់​ទ្វេ​ដង​នេះ​រដ្ឋាភិបាល​ក៏​បាន​សម្រេច​ឲ្យ​ផ្អាក​ដំណើរ​ការ​កន្លែង​ដែល​អាច​មាន​ការ​ជួប​ជុំ​មនុស្ស​ច្រើន​ ក្នុង​នោះ​រួម​មានបិទ​ខារ៉ាអូខេ ​និង​រោង​ភាព​យន្ត​ទូទាំង​ប្រទេស​ ចាប់​ពី​ថ្ងៃទី​១៧​ ខែមីនា ​នេះ​រហូត​ដល់​ជំងឺ​ឆ្លង​វីរុស​កូវីដ​១៩​បាន​ធូរ​ស្បើយ។​

រដ្ឋាភិបាល​ក៏​បាន​សម្រេច​បិទ​ការ​ជួប​ជុំ​បែប​សាសនា​គ្រប់​ប្រភេទ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។​ ចំណែក​ក្រសួង​អប់រំ​ក៏​បាន​ហាម​ប្រាម​ស្ថាប័ន​ដែល​នៅ​ក្រោម​ឱវាទ​ខ្លួន ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ណា​ដែល​មាន​មនុស្ស​លើស​ពី​៥០​នាក់។ ​ចំណែក​កាល​ពី​ថ្ងៃ​ច័ន្ទ ​ក្រសួង​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​បង្រៀន​គ្រប់​កម្រិត​ ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន​នៅ​ទូទាំង​ប្រទេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG