ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សម្រេច​មិន​ឲ្យ​ជនជាតិ​វៀតណាម​ចូល​ក្នុង​ប្រទេស​តាម​គ្រប់​ច្រក


រូបឯកសារ៖ ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​​​លោក ជីញ ឌិញ ស៊ុង (Trinh Dinh Dung) ឧបនាយករដ្ឋមន្ត្រីវៀតណាម។
រូបឯកសារ៖ ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​​​លោក ជីញ ឌិញ ស៊ុង (Trinh Dinh Dung) ឧបនាយករដ្ឋមន្ត្រីវៀតណាម។

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃព្រហស្បតិ៍នេះ​បាន​ប្រកាស​ថា​ កម្ពុជា​នឹង​សម្រេច​បិទ​ការ​ធ្វើ​ដំណើរ​របស់​ជនជាតិ​វៀតណាម​ចូល​ក្នុង​ប្រទេស​កម្ពុជាចាប់​ពីអធ្រាត្រ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​តទៅ ជា​វិធានការ​មួយ​ឆ្លើយ​តប​នឹង​ការ​សម្រេច​ចិត្ត​បិទ​ច្រក​ព្រំដែន​ពី​ភាគី​វៀតណាម ដែល​លោក ហ៊ុន សែន ថា​មិន​មាន​ការ​ជូន​ដំណឹង​ជា​មុន។

​ក្នុង​សំឡេង​ដែល​មាន​មាន​រយៈ​ពេល​ជាង​១០នាទី និង​ត្រូវ​បាន​ចែកចាយ​តាម​ប្រព័ន្ធ​សង្គម ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​ថា ​វៀតណាម​បាន​បិទ​ច្រក​ព្រំដែន​គោក ដើម្បី​ប្រឆាំង​នឹង​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា ​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ជា​មុន ហើយ​លោក​ក៏​សម្រេច​បិទ​ច្រក​ព្រំដែន​វិញ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែមីនា ក្រសួង​ការបរទេស​កម្ពុជា​ បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ដោយ​ពលរដ្ឋ​វៀតណាម និង​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម ​ដោយ​ពលរដ្ឋ​កម្ពុជា ​តាម​ផ្លូវ​គោក​ ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ទាំង​អស់​ នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់​ពី​អធ្រាត្រ​ថ្ងៃ​ទី​២០ ខែ​មីនា។ ក្រសួង​បញ្ជាក់​ថា វិធានការ​នេះមិន​អនុវត្ត​ចំពោះ​ពលរដ្ឋ​វៀតណាម​និង​កម្ពុជា ដែល​កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត និង​ផ្លូវ​ការ​ទេ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ «វិធាន​ការ​នេះ​មាន​គោល​បំណង​បញ្ចៀស​នូវ​ការ​លំបាក​ចំពោះ​ពលរដ្ឋ​វៀតណាម ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែល​តម្រូវ​ឲ្យ​បង្ខាំង​ខ្លួន​នៅ​ដាច់​ពីគេ​ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​វៀតណាម»។

ភាគី​កម្ពុជាស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា ​ដើម្បី​សម្របសម្រួល និង​ធានា​ថា ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួម អាច​អនុវត្ត​ដោយ​គ្មាន​ការ​រាំង​ស្ទះ។

លើស​ពី​នេះ​ទៅ​ទៀត ភាគី​កម្ពុជា​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​សម្រួល​ការ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​របស់​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ក្នុង​ប្រទេស​វៀតណាម ប្រសិន​បើ​មាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស។

លិខិត​របស់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ផ្ញើ​ទៅ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ជា​បណ្តោះ​អាសន្ន​ មិន​ឲ្យ​ជន​បរទេស​ទាំង​អស់​ចូល​វៀតណាម ​រយៈពេល​៣០​ថ្ងៃ ​ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២០​នេះ។

លិខិត​នេះ​បញ្ជាក់​បន្ថែម​ថា ​អ្នក​ដែល​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​ រួម​មាន​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ​ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ថា​ គ្មាន​ជំងឺ​ COVID19​ ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ដែល​ពួកគេ​រស់​នៅ​ ​ហើយ​ត្រូវ​មាន​ការ​យល់​ព្រម​ជា​មុន​ពី​អាជ្ញាធរ​វៀតណាម​ ​ទើប​អាច​ចូល​ប្រទេស​វៀតណាម​បាន។

​ក្នុង​សំឡេង​ដែល​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ VOA លោក ហ៊ុន សែន បញ្ជាក់​ថា ​ការ​សម្រេច​ចិត្ត​របស់​វៀតណាម​ក្នុង​ការ​បិទ​ច្រក ដែល​លោក​ថា​មិន​បាន​ជូន​ដំណឹង «នេះ​ជា​ការ​មួយ​ដែល​យើង​ពិបាក​យល់»។

លោក​បន្ថែម​ថា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា«មិន​មែន​ជា​ការ​សង​សឹក​ឬ​ឆ្លើយ​តប​គំរោះគំរើយ»។ លោក​បន្ថែម​ថា បំរាម​របស់​កម្ពុជា​ត្រូវ​អនុវត្ត​ ​រហូត​ដល់​វៀតណាម​លើក​បំរាម​របស់​ខ្លួន​ចេញ។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «យើង​មិន​ទាន់​បញ្ជូន​ជំងឺ​ទៅ​ឲ្យ​វៀតណាម​ណា​ម្នាក់​ទេ។ ...យើង​ក៏​ត្រូវ​អនុវត្ត​វិធានការ​មួយ​ការ​ពារ​ប្រជាជន​របស់​យើង​ដែរ។ គាត់​សង្ស័យ​មក​លើ​យើង យើង​ក៏​សង្ស័យ​លើ​គាត់​ដែរ។ មាន​សិទ្ធិ​សង្ស័យ​ទាំង​សង​ខាង។ ហើយ​មាន​សិទ្ធិនឹង​ការ​ពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទាំង​សង​ខាង»។

ករណី​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បាន​កើន​ដល់​៣៧​នាក់ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ​ទី​១៩ ​ខែ​មីនា ​ឆ្នាំ​២០២០ ​ដោយ​ក្នុង​នោះ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​២៤​នាក់។ ​

គួរ​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​បិទ​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន​៦​ចូល​ប្រទេស​កម្ពុជា ​រួម​មាន​អ៊ីតាលី ​បារាំង ​អាល្លឺម៉ង់ ​អេស្ប៉ាញ ​អាមេរិក ​និង​អ៊ីរ៉ង់ ​តាំង​ពី​ថ្ងៃ​ទី​១៧​ ខែ​មីនា៕

XS
SM
MD
LG