អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានថ្លែងថ រាល់វិធានការណ៍ទាំងអស់នឹងត្រូវធ្វើឡើង ដើម្បីស៊ើបអង្កេតទៅលើហេតុការណ៍សម្លាប់មនុស្ស៩នាក់នៅតំបន់ជាយក្រុង Frankfurt កាលពីដើមសប្តាហ៍នេះ។
លោកស្រី Angela Merkel បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «មានចំណុចបង្ហាញជាច្រើនដែលថា ជនសង្ស័យដែលធ្វើសកម្មភាពគឺជាពួកស្តាំនិយម ពួកជ្រុលនិយម និងពួកប្រកាន់ពូជសាសន៍»។
រដ្ឋអាជ្ញាសហព័ន្ធនៃប្រទេសអាល្លឺម៉ង់ លោក Peter Frank បានអះអាងបញ្ជាក់ថា ជនសង្ស័យគឺជាបុគ្គលដែលបានបង្ហោះវីដេអូដែលមានលក្ខណៈជ្រុលនិយម និងវោហារសាស្រ្តបញ្ឆេះកំហឹងនៅតាមបណ្តាញអ៊ិនធឺណិត ដែលត្រូវបានដកហូត។
ក្នុងវីដេអូនោះ ជនខ្មាន់កាំភ្លើងរូបនោះបាននិយាយថាប្រទេសអាល្លឺម៉ង់ឥឡូវនេះមានក្រុមជនជាតិភាគតិច មានជាតិសាសន៍ និងវប្បធម៌ផ្សេងៗទៀតមកជ្រៀតចូលនៅក្នុងសង្គមរបស់យើង ដែលជាការបំផ្លិចបំផ្លាញដល់គ្រប់ផ្នែកទាំងអស់ដែលធ្លាប់ទទួលបានការគោរព។ ខ្មាន់កាំភ្លើងរូបនោះបានអំពាវនាវឲ្យបោសសម្អាតការជ្រៀតចូលទាំងនោះ និងបាននិយាយថាដើម្បីឲ្យបានស្អាតល្អ អាចត្រូវកាត់ចោលពាក់កណ្តាលនៃចំនួនប្រជាជននៅក្នុងពិភពលោកនេះ។
លោកស្រី Merkel បានសច្ចាថានឹងចាត់រាល់វិធានការដើម្បីស៊ើបអង្កេតលើការសម្លាប់នេះ។
លោកស្រីអធិការបតីបានបញ្ជាក់ថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់និងស្ថាប័នរដ្ឋទាំងអស់ត្រូវក្រោកឈរដើម្បីសិទ្ធិ និងភាពថ្លៃថ្នូររបស់មនុស្សម្នាក់ៗនៅក្នុងប្រទេសរបស់យើង។ យើងមិនបែកចែកពលរដ្ឋផ្អែកលើប្រភពដើម ឬវប្បធម៌របស់ពួកគេទេ។ យើងនឹងប្រឈមមុខយ៉ាងដាច់ខាតចំពោះបុគ្គលណាដែលព្យាយាមបំបែកប្រទេសអាល្លឺម៉ង់»៕