អ្នកស្រី Nazizi Dube កំពុងសម្លឹងមើលនូវអ្វី ដែលជារង្វាន់ដ៏ធំបំផុតរបស់អ្នកស្រី គឺជាឯកសារដែលបានបញ្ជាក់ពីការទទួលបាននូវសញ្ជាតិកេនយ៉ារបស់អ្នកស្រី។
អ្នកស្រី Dube ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិច Shona ប្រមាណ១៧០០នាក់ និងជនជាតិភាគតិចរវ៉ាន់ដាចំនួន១៣០០នាក់ ដែលទើបបានទទួលសញ្ជាតិកេនយ៉ាស្របច្បាប់ក្នុងខែធ្នូកន្លងទៅ បន្ទាប់ពីរស់នៅក្នុងលក្ខណៈគ្មានប្រទេសពិតប្រាកដជាច្រើនទសវត្សរ៍។
នៅថ្ងៃទី១២ ខែធ្នូ ស្របពេលដែលប្រទេសកេនយ៉ា ប្រារព្ធខួបឯករាជ្យទី៥៧ឆ្នាំរបស់ខ្លួន អ្នកស្រី Nazizi និងសមាជិកនៃសហគមន៍ Shona ជាច្រើននាក់ក្នុងប្រទេសកេនយ៉ា ត្រូវបានទទួលស្គាល់ជាពលរដ្ឋកេនយ៉ាស្របច្បាប់ បន្ទាប់ពីមានអនុក្រិត្យមួយដែលចេញដោយលោកប្រធានាធិបតី Uhuru Kenyatta របស់ប្រទេសកេនយ៉ា។
អ្នកស្រី Nazizi Dube ថ្លែងបញ្ជាក់ថា៖
«ការប្រឈមទាំងពួងដែលយើងបានឆ្លងកាត់ជាមួយនឹងឋានៈដែលគ្មានប្រទេសនោះ យើងមានការរំភើបណាស់ ដោយបានដឹងថា គ្រប់យ៉ាងបានមកដល់ទីបញ្ចប់ ហើយនេះជាការចាប់ផ្តើមថ្មីមួយ»។
វាជាការចាប់ផ្តើមមួយដែលគេសង្ឃឹមថា នឹងបើកនូវឱកាសថ្មីសម្រាប់ពួកគេ។ អ្នកស្រី Diana Gichengo នៃគណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសកេនយ៉ា បានគូសបញ្ជាក់ថា រយៈពេលជាច្រើនទសវត្សរ៍នៃការរស់នៅក្នុងភាពគ្មានប្រទេសនោះ បានធ្វើឲ្យសហគមន៍នេះ បាត់បង់នូវឱកាសផ្សេងៗ។ អ្នកស្រីបន្តទៀតថា៖
«នៅពេលដែលពួកគេរស់នៅក្នុងសភាពដែលគ្មានប្រទេសពិតប្រាកដនោះ សិទ្ធិរបស់ពួកគេត្រូវទទួលរងការរំលោភបំពាន សេរីភាពនៃការធ្វើដំណើរក៏ត្រូវបានរំលោភបំពាន។ ពួកគេមិនអាចចាកចេញពីប្រទេសបាន ហើយមនុស្សមួយចំនួនតូច ដែលអាចធ្វើដំណើរបាន ត្រូវបានបង្ខំឲ្យប្រើប្រាស់នូវអត្តសញ្ញាណក្លែងក្លាយ ឬមិនប្រក្រតី។ ពួកគេ ក៏មិនអាចទទួលបាននូវការសិក្សាផងដែរ»។
ចំណែកលោក Ishmael Dlamini បានបើកមុខរបរជាជាងឈើនៅជាយក្រុងណៃរ៉ូប៊ី អស់ជិត២០ឆ្នាំមកហើយដោយគ្មានឯកសារ ឬអត្តសញ្ញាបណ្ណសម្គាល់ខ្លួននោះឡើយ។ ក្នុងនាមជាជនជាតិភាគតិច Shona ការរកកម្រៃប្រចាំថ្ងៃរបស់លោក Ishmael មានចំនួនកម្រិត ពីព្រោះគាត់មិនអាចខ្ចីលុយពីធនាគារបានឡើយ ដែលខុសពីពលរដ្ឋកេនយ៉ាទូទៅ ដែលគេអាចធ្វើបាននោះ។ តែបញ្ហាទាំងនេះ ត្រូវបានផ្លាស់ប្តូរហើយនៅពេលនេះ។
លោក Dlamini និយាយថា យើងនឹងទទួលបាននូវលិខិតបញ្ជាក់សញ្ជាតិរបស់យើង។ លោកបន្តថា វានឹងអាចជួយរូបខ្ញុំឲ្យទៅធនាគារ ឬស្ថាប័នផ្តល់កម្ចីផ្សេងៗដើម្បីទទួលបានប្រាក់កម្ចី ដើម្បីប្រកបមុខរបរបន្ថែមទៀត។
ក្រុមជនជាតិភាគតិច Shona បានចាប់ផ្តើមមករស់នៅក្នុងប្រទេសកេនយ៉ាក្នុងទសវត្សរ៍១៩៣០ ដែលភាគច្រើននៃពួកគេចេញមកពីតំបន់ដែលបច្ចុប្បន្ននេះជាប្រទេសស៊ីមបាវ៉េ ហើយមួយចំនួនបន្ថែមទៀត បានមកប្រទេសកេនយ៉ា ក្នុងទសវត្សរ៍១៩៦០ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា។ ប៉ុន្តែនៅពេលដែលកេនយ៉ាបានក្លាយជាប្រទេសឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៦៣នោះ ក្រុមជនជាតិ Shona ភាគច្រើនខកខានមិនទទួលបានសញ្ជាតិកេនយ៉ាក្នុងរយៈពេល២ឆ្នាំ ដែលត្រូវបានទុកក្នុងការសុំចូលសញ្ជាតិនោះ ដោយរួមមានទាំងកូនចៅរបស់ពួកគេ ដែលបានកើតនៅក្នុងប្រទេសកេនយ៉ានោះផងដែរ។
ការជំរុញឲ្យមានការទទួលស្គាល់ពួកគេជាជនជាតិកេនយ៉ានោះ មានសន្ទុះឡើងខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។
អ្នកស្រី Wanja Munaita មន្ត្រីនៃឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន បានស្វាគមន៍សេចក្តីសម្រេច ដែលបានផ្តល់សញ្ជាតិដល់ក្រុមជនជាតិភាគតិច Shona នោះ។ អ្នកស្រីបន្ថែមថា៖
«អត្តសញ្ញាណផ្លូវច្បាប់មានសារៈសំខាន់ខ្លាំង ជាពិសេសនៅពេលនេះ ដែលប្រទេសកេនយ៉ាកំពុងចូលក្នុងសម័យកាលអត្តសញ្ញាណបណ្ណឌីជីថល ពីព្រោះពួកគេអាចត្រូវបានគេទុកឲ្យស្ថិតនៅក្រៅប្រព័ន្ធនេះ ដោយសារតែមិនមានឯកសារនោះ»។
អ្នកស្រី Gichengo នៃគណៈកម្មការសិទ្ធិមនុស្សកេនយ៉ា ដែលបានចូលរួមនៅក្នុងយុទ្ធនាការបញ្ចប់នូវភាពដែលគ្មានរដ្ឋនោះ បានគូសបញ្ជាក់ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ក្នុងការជួយដល់សហគមន៍ជនជាតិ Shona នោះ។ អ្នកស្រីបន្ថែមយ៉ាងដូច្នេះថា៖
«យើងសង្ឃឹមថា ពួកគេអាចទទួលបាននូវការគាំទ្រពីរដ្ឋាភិបាលជាតិ និងរដ្ឋាភិបាលមូលដ្ឋាន ក្នុងលក្ខខណ្ឌសកម្មភាពបញ្ជាក់អត្តសញ្ញាណដើម្បីទទួលបានមកវិញនូវឱកាសដែលពួកគេបានបាត់បង់ជាច្រើនឆ្នាំ ក្នុងរយៈពេលកន្លងទៅ»។
នៅមានក្រុមជនជាតិ Shona ដែលត្រូវបានគេប៉ាន់ស្មានថា មានចំនួនប្រមាណ១៣០០នាក់ទៀត មិនទាន់ដាក់ពាក្យសុំចូលសញ្ជាតិកេនយ៉ានៅឡើយទេ ប៉ុន្តែអ្នកដែលកំពុងរង់ចាំទទួលបានលិខិតបញ្ជាក់សញ្ជាតិរបស់ពួកគេនោះ និយាយថា ពួកគេត្រៀមខ្លួនដើម្បីបង្ហាញថា ការទទួលបាននូវសញ្ជាតិរបស់ពួកគេ ពិតជាមានសារៈសំខាន់។
លោក Absolom Dube លើកឡើងថា៖
«យើងចង់បង្ហាញថា យើងមិនមែនជាបន្ទុកសម្រាប់ប្រទេសជាតិនោះទេ។ យើងជាសត្វស្លាបដែលមានស្លាបហើរដ៏ភ្លីចិញ្ជាច។ យើងមិនអាចធ្វើអ្វីបានទេ នៅពេលដែលជាប់ក្នុងទ្រុងនោះ។ ពេលនេះ យើងចង់ហោះហើរ ដើម្បីបង្ហាញពីស្លាបដ៏ស្រស់ថ្លារបស់យើង»។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និយាយថា ប្រទេសកេនយ៉ាមានពលរដ្ឋរស់ក្នុងលក្ខណៈគ្មានប្រទេសចំនួនប្រមាណ១៨.០០០នាក់ ដែលភាគច្រើនជាជនជាតិភាគតិច៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ