សកម្មជននិយាយថា កោះដាច់ស្រយាលរបស់កេនយ៉ាឈ្មោះ Lamu ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កំពុងស្ថិតក្រោមការគំរាមកំហែង។ អាជ្ញាធរកំពុងអនុវត្តគម្រោងធំៗនៅលើដីគោក រួមទាំងការសាងសង់កំពង់ផែ និងបំពង់បង្ហូរប្រេងផងដែរ។ ពួកគេក៏សង្ឃឹមថា នឹងសាងសង់រោងចក្រផលិតថាមពលដើរដោយធ្យូងថ្មជាលើកដំបូងនៅក្នុងតំបន់ផងដែរ។ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធទំនងអាចនឹងជួយធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់នោះមានភាពល្អប្រសើរ ប្រជាជននៅលើកោះ Lamu មួយចំនួនព្រួយបារម្ភថា ការអភិវឌ្ឍ និងលំហូរជនមកពីខាងក្រៅ នឹងប៉ះពាល់ដល់វប្បធម៌ក្នុងស្រុក ហើយអ្នកខ្លះនិយាយថា អគារមួយចំនួនបានរងការខូចខាតរួចទៅហើយ។
នៅលើកោះ Lamu ក្នុងប្រទេសកេនយ៉ា មានផ្លូវតូចៗដែលមិនអាចបើករថយន្តបាន ហើយពលរដ្ឋនៅលើកោះនេះ ប្រើប្រាស់សត្វលាជាមធ្យោបាយដ៏សំខាន់សម្រាប់ការធ្វើដំណើរ។
ភាពដាច់ស្រយាលនៃកោះនេះ បានជួយឱ្យកោះនេះអាចរក្សាវប្បធម៌ និងប្រពៃណី Swahili ដែលមានអាយុកាល ៦៥០ឆ្នាំរបស់ពួកគេបាន។
ប៉ុន្តែអ្នកស្រុកបារម្ភថា ការសាង់សង់កំពង់ផែថ្មី និងបំពង់បង្ហូរប្រេង និងការភ្ជាប់មធ្យោបាយធ្វើដំណើរនៅលើដីគោក នឹងធ្វើឱ្យអ្នកខាងក្រៅទៅតាំងទីលំនៅនៅលើកោះ Lamu និងផ្លាស់ប្តូរវប្បធម៌ដ៏ពិសេសរបស់ពួកគេ។
លោក Abu Bakr Badawi ធ្វើការនៅព្រះវិហារឥស្លាម Riyadha ដែលមានអាយុកាលរាប់សតវត្សរ៍ បានថ្លែងថា៖
«យើងព្យាយាមអស់ពីលទ្ធភាពរបស់យើងក្នុងការរារាំងមិនឱ្យមានការចូលរួមពីអ្នកខាងក្រៅ និងការអភិវឌ្ឍដូចនោះ ដើម្បីឱ្យយើងអាចអភិរក្សកោះ Lamu របស់យើងបាន»។
អាជ្ញាធរនិយាយថា គម្រោងជាច្រើនដែលត្រូវចំណាយទឹកប្រាក់២៦ពាន់លានដុល្លារនឹងជួយធ្វើឱ្យការភ្ជាប់សេដ្ឋកិច្ចរវាងកេនយ៉ា ស៊ូដង់ខាងត្បូង និងអេត្យូពីមានភាពល្អប្រសើរឡើង និងជួយបង្កើតការងាររាប់ពាន់។
ក៏ប៉ុន្តែកាលពីខែមិថុនា តុលាការកេនយ៉ា បានសម្រេចផ្អាកការសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មដែលជួយទ្រទ្រង់គម្រោងទាំងនោះ ហើយសម្រេចរបស់តុលាការនោះ បានលើកទឹកចិត្តដល់អ្នកប្រឆាំងនឹងគម្រោងទាំងនោះ។
អ្នកនាង Raya Famau Ahmed ជាសកម្មជនប្រឆាំងនឹងការសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្ម។ អ្នកនាងនិយាយថា៖
«ក្នុងនាមជាពលរដ្ឋ Lamu យើងខ្លាច ដោយសារតែនៅពេលដែលមនុស្សម្នាមកពីតំបន់ផ្សេងៗមកទីនេះ ពួកគេនាំយកអ្វីៗជាច្រើនមកជាមួយពួកគេ ដូចជាភាសា វប្បធម៌ និងរបៀបរស់នៅរបស់ពួកគេ។ នេះអាចនឹងផ្លាស់ប្តូររបៀបរស់នៅបែបវប្បធម៌របស់យើងនៅទីនេះ»។
លោក Athman Hussein ដែលបម្រើការនៅសារមន្ទីរជាតិកេនយ៉ានិយាយថា សកម្មជនបារម្ភថា គម្រោងទាំងនោះក៏អាចនឹងប៉ះពាល់ដល់លក្ខណៈពិសេស និងលក្ខណៈបុរាណរបស់ក្រុង Lamu ផងដែរ។ ១ភាគ៣នៃអគារប្រវត្តិសាស្ត្ររបស់ក្រុង Lamu កំពុងរងការខូចខាតរួចទៅហើយ។ លោក Athman Hussein និយាយថា៖
«អ្នកស្រុកនៅទីនោះខ្លះ មិនចង់ឱ្យមានការចូលរួមពីមនុស្សមកពីខាងក្រៅទេ។ ពួកគេគិតថា ប្រហែលជាតាមរយៈការបរិច្ចាគប្រាក់ទៅលើអគារទាំងនោះ អ្នកទាំងនោះនឹងក្លាយជាម្ចាស់អគារទាំងនោះ។ ពួកគេ កំពុងយកអគារអ្វីមួយជាកម្មសិទ្ធិរបស់ពួកគេ។ ដូច្នេះ វាជារឿងដ៏ស្មុគស្មាញ»។
អាជ្ញាធរនៅកោះ Lamu សន្យាថា ពួកគេនឹងការពារបេតិកភណ្ឌពិភពលោករបស់កោះនេះពីគម្រោងអភិវឌ្ឍនានា។ អ្នកនាង Fahima Araphat បម្រើការជាមួយនឹងរដ្ឋាភិបាលថ្នាក់តំបន់ Lamu។ អ្នកនាងនិយាយថា៖
«យើងក៏បានចាត់វិធានការដើម្បីធានាថា សកម្មភាពកម្មវិធី LAPSSET នឹងនៅតែស្ថិតនៅលើដីគោក ដែលរួមមានតំបន់ Hindi តំបន់ Mokowe និងតំបន់ស្រដៀងគ្នាផ្សេងទៀត ហើយប្រជុំកោះ Lamu រាប់ចាប់ពីកោះ Shela រហូតដល់កោះ Kipungani នៅតែជាបេតិកភណ្ឌពិភពលោក»។
អាជ្ញាធរនៅកោះ Lamu និយាយថា ពួកគេកំពុងរៃអង្គាសប្រាក់ដើម្បីជួយជួសជុលកែលម្អអគារប្រវត្តិសាស្ត្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយប្រើប្រាស់វិស័យទេសចរណ៍ជាសសរស្តម្ភ។
ក្នុងគ្រាដែលប្រឈមនឹងហានិភ័យនៃការប្រើប្រាស់វប្បធម៌របស់ពួកគេជាអាជីវកម្ម អ្នកខ្លះអះអាងថា ការនាំអ្នកទេសចរណ៍មកកាន់តែច្រើនអាចជួយរក្សាប្រពៃណីដ៏ពិសេសរបស់កោះ Lamu ឱ្យនៅរស់បន្តទៀតបាន៕
ប្រែសម្រួលដោយលោក ប៊ុន ប៉េងហុយ