ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​កេនយ៉ា​ចំនួន​២​ស្វែងរក​សំណង​សម្រាប់​ការ​រឹបអូស​ដីធ្លី​ក្នុង​សម័យ​អាណានិគម​អង់គ្លេស


រូប​ឯកសារ៖ កម្មករ​ម្នាក់​បេះ​ស្លឹក​តែ​នៅ​ក្នុង​ចម្ការ​មួយ​នៅ​ក្នុង​ក្រុង Kericho​ ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០១៩។

ប្រទេស​កេនយ៉ា​ប្រារព្ធ​ខួប​នៃ​ការ​បញ្ចប់​ការ​គ្រប់គ្រង​បែប​អាណានិគម​របស់​អង់គ្លេស​មក​លើ​ប្រទេស​នេះ​ កាលពី​ជាង​៥ទសវត្សរ៍​មុន​គឺ​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦៣។ ស្រប​ពេល​ជាមួយ​គ្នា​នេះ សហគមន៍​ចំនួន​ពីរ​ចង់​ឱ្យ​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​រឹបអូស​ដីធ្លី​នៅ​សម័យ​អាណានិគម។

សហគមន៍ Kipsigis និង​សហគមន៍ Talai បាន​ចោទប្រកាន់​អាណានិគម​អង់គ្លេស​ថា​បាន​ធ្វើ​ទណ្ឌកម្ម​ ដោយ​បាន​បណ្តេញ​ពួកគេ​ចេញ​ពី​ដី​របស់​ពួកគេ ដែល​ក្រោយ​មក ដី​នោះ​បាន​ក្លាយ​ជា​ចម្ការ​តែ ​ដែល​អាច​រក​ប្រាក់​ចំណេញ​យ៉ាង​ច្រើន។

ក្រុង Kericho ក្នុង​តំបន់ Great Rift Valley នៃ​ប្រទេស​កេនយ៉ា​ មាន​ឈ្មោះ​ល្បីល្បាញ​ដោយសារ​ចម្ការ​តែ ដែល​ភាគច្រើន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​អ្នក​មាន​ទ្រព្យ​ធន និង​ក្រុមហ៊ុន​ធំៗ​ក្នុង​សាកលលោក។​

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ស្រុក​ដូចជា​លោក Kibore Cheruiyot Ngasura ដែល​មាន​វ័យ​៩៥ឆ្នាំ​ និយាយ​ថា ពួកគេ​នៅ​តែ​ចាំ​ថ្ងៃ​មួយ​ក្នុង​ឆ្នាំ១៩៣៤ នៅ​ពេល​ដែល​ប្រទេស​អាណានិគម​មក​លើ​ប្រទេស​កេនយ៉ា​បណ្តេញ​ពួកគេ​ចេញ​ពី​ផ្ទះសម្បែង​ និង​យក​ដី​របស់​ពួកគេ។

លោក Kibore Cheruiyot Ngasura បាន​និយាយ​ថា៖ «នៅ​ថ្ងៃ​ដែល​គេ​បណ្តេញ​យើង​ចេញ​នោះ កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​របស់​រដ្ឋបាល​អង់គ្លេស​មក​ទី​នោះ ហើយ​បណ្តេញ​យើង​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​យើង។ ស្ត្រីៗ​ដែល​ប្តី​របស់​ពួកគេ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ត្រូវ​បាន​គេ​រំលោភ។ ពួកគេ​វាយដំ​មនុស្ស​គ្រប់គ្នា​នៅ​ទីនេះ»។

នៅ​ក្នុង​ខែ​កញ្ញា មេធាវី​របស់​ពលរដ្ឋ​កេនយ៉ា​ជាង​១សែន​នាក់បាន​ស្នើសុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ។

ពួកគេ​កំពុង​ទាមទារ​សំណង​សម្រាប់​ពលរដ្ឋ​កេនយ៉ា​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ដី​ដូនតា​របស់​ពួកគេ។

លោក Joel Kemutai Bosek ដែល​ជា​មេធាវី​សម្រាប់​សហគមន៍ Talai និង​សហគមន៍ Kipsigis បាន​និយាយ​ថា៖ «មូលហេតុ​សំអាង​របស់​យើង​គឺ​ថា ពួកគេ​បាន​ចាប់​ផ្តើម​ចាប់​បំបែក​ជាតិ​សាសន៍​នៅ​ក្នុង​ក្រុង Kericho ក្នុង​ទម្រង់​មួយ​ ហើយ​ពិភពលោក​ត្រូវ​តែ​ដឹង​អំពី​រឿងរ៉ាវ​ទាំង​នេះ។ មូលហេតុ​សំអាង​របស់​យើង​គឺ​ជា​ការ​ឈឺចាប់ ហើយ​វា​កើត​ចេញ​ពី​ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​គាបសង្កត់។ យើង​គិត​ថា យើង​មាន​ហេតុផល​គ្រប់គ្រាន់ ហើយ​ពួកគេ​គួរ​តែ​មាន​ហេតុផល​សមរម្យ​ដែរ»។​

ការិយាល័យ​បរទេស​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ខ្លួន​នឹង​ឆ្លើយតប​ទៅ​តាម​ការ​ស៊ើបអង្កេត​ណា​មួយ​របស់​អង្គការ​សហប្រជាជាតិ។

គណៈកម្មាការ​សុរិយោដី​កេនយ៉ា​បាន​សម្រេច​កាល​ពី​ខែ​កុម្ភៈ​ថា អាណានិគម​អង់គ្លេស​បាន​រឹបអូស​ដីធ្លី​ដោយ​ខុស​ច្បាប់ ទោះ​បី​ជា​ច្បាប់​អាណានិគម​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ​ក៏​ដោយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមហ៊ុន​ផលិត​តែ​កំពុង​ធ្វើ​ការ​ជំទាស់​ទៅ​នឹង​ការ​សម្រេច​នេះ​តាម​ផ្លូវ​តុលាការ ដើម្បី​រារាំង​ការ​រឹបអូស​ដីធ្លី​ពី​សំណាក់​រដ្ឋាភិបាល​ថ្នាក់​ក្រុង។

លោក Paul Chepkwony អភិបាល​ក្រុង Kericho បាន​និយាយ​ថា៖ «អ្នក​ស្រុក​មិន​ចង់​បណ្តេញ​អ្នក​វិនិយោគ​ចេញ​នោះ​ទេ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់។ ពួកគេ​ដឹង​ថា អ្នក​វិនិយោគ​ទាំង​នេះ​កំពុង​ធ្វើ​អាជីវកម្ម​ដោយ​សុចរិត​នៅ​លើ​ដី​ដែល​ត្រូវ​បាន​គេ​ប្លន់ ហើយ​ពួក​អ្នកស្រុក​ចង់​ពិភាក្សា​ស្វែង​រក​វិធី​ដែល​ពួកគេ​អាច​ទទួល​បាន​សំណង ដើម្បី​អាច​ឲ្យ​ពួកគេ​រស់​នៅ​យ៉ាង​សុខដុមរមនា​ជាមួយ​នឹង​វិនិយោគិន»។

ខណៈ​ពេល​នេះ អ្នក​ដាក់​បណ្តឹង​ទាមទារ​ដែល​មាន​វ័យ​ចាស់ជរា​ដូចជា លោក Ngasura និយាយ​ថា លោក​គ្រាន់​តែ​សង្ឃឹម​ថា លោក​អាច​នៅ​មាន​ជីវិត​រហូត​ដល់​ទទួល​បាន​យុត្តិធម៌ ឬ​យ៉ាង​ហោច​ណាស់​ឮ​ពាក្យ​សុំទោស​ពី​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG