ទីភ្នាក់ងារស្បៀងអាហារអង្គការសហប្រជាជាតិបានឲ្យដឹងនៅថ្ងៃចន្ទថា ចំនួនមនុស្សដែលកំពុងប្រឈមនឹងភាពស្រេកឃ្លានកំពុងកើនឡើងខ្លាំងរហូតដល់៤៥លាននាក់នៅក្នុងប្រទេសចំនួន៤៣ ស្របពេលដែលស្ថានភាពគ្រោះទុរ្ភិក្សដ៏ធ្ងន់ធ្ងរកំពុងកើតមានច្រើននៅជុំវិញពិភពលោក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ចំនួនមនុស្សដែលប្រឈមនឹងគ្រោះទុរ្ភិក្ស ហក់ឡើងលើសពី៤២លាននាក់កាលពីដើមឆ្នាំនេះគឺដោយសារការវាយតម្លៃអំពីសន្តិសុខស្បៀងអាហារដែលរកឃើញថា មនុស្សប្រមាណ៣លាននាក់ផ្សេងទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងប្រឈមនឹងភាពស្រេកឃ្លាន។ នេះបើតាមការបញ្ជាក់របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP)។
នាយកប្រតិបត្តិនៃអង្គការស្បៀងអាហារពិភពលោក លោក David Beasley ត្រូវបានគេស្រង់សម្តីថា «មនុស្សរាប់លាននាក់មានស្ថានភាពដ៏អាក្រក់។ យើងប្រឈមនឹងជម្លោះ ការប្រែប្រួលអាកាសធាតុ និងការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្កើនចំនួនមនុស្សប្រឈមនឹងការស្រេកឃ្លានខ្លាំង»។
លោកបន្ថែមថា «ហើយទិន្នន័យចុងក្រោយបំផុតនេះបានបង្ហាញថាពេលនេះមានមនុស្សជាង៤៥លាននាក់នៅជុំវិញពិភពលោកកាន់តែជិតមានគ្រោះទុរ្ភិក្ស ។ លោកបានលើកឡើងដូចនេះបន្ទាប់ពីធ្វើដំណើរទៅប្រទេសអាហ្វអាហ្គានីស្ថាន ដែលនៅទីនោះអង្គការស្បៀងអាហារពិភពលោកកំពុងបង្កើនការគាំទ្រដល់មនុស្សប្រមាណជិត២៣លាននាក់។
លោកបានបន្ថែមថា «តម្លៃប្រេងឥន្ធនៈអាហារនិងជីរឡើងថ្លៃ ហើយបញ្ហាទាំងអស់នេះនាំឱ្យទៅជាវិបត្តិថ្មី ដូចវិបត្តិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងគ្រោះអាសន្នដ៏យូរដូចជានៅប្រទេសយេម៉ែន និងស៊ីរី»។
អង្គការស្បៀងអាហារពិភពលោកបាននិយាយថា ការចំណាយលើការទប់ស្កាត់ទុរ្ភិក្សនៅទូទាំងពិភពលោកឥឡូវនេះមានចំនួន ៧ ពាន់លានដុល្លារគឺឡើងពី ៦,៦ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ ប៉ុន្តែបានព្រមានថា លំហូរមូលនិធិតាមទម្លាប់ត្រូវបានពង្រីកហួសប្រមាណ។ គ្រួសារដែលប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរកំពុងត្រូវបាន«បង្ខំឱ្យយកជម្រើសដ៏អាក្រក់»ដូចជារៀបការកូនពីក្មេង ឱ្យពួកគេឈប់រៀន ឬឱ្យពួកគេបរិភោគសត្វកណ្តូប ស្លឹកឈើព្រៃ ឬដើមដំបងយក្ស។
អង្គការនេះនិយាយថា «ទន្ទឹមនឹងនោះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយពីប្រទេសអាហ្វហ្គានីស្ថានបាននិយាយពីក្រុមគ្រួសារដែលគេរាយការណ៍ថាត្រូវបានបង្ខំឱ្យលក់កូនដើម្បីរស់»។
គ្រោះរាំងស្ងួតជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថានរួមផ្សំជាមួយនឹងការដួលរលំនៃសេដ្ឋកិច្ចបានរុញច្រានឱ្យគ្រួសារនានាកាន់តែប្រឈមនឹងទុរ្ភិក្ស ខណៈមនុស្សប្រមាណ ១២,៤ លាននាក់នៅក្នុងប្រទេសស៊ីរីមិនដឹងថា បានអាហារពីណាហើយវាជាចំនួនច្រើនជាងពេលមានជម្លោះមួយទសវត្សរ៍។
ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមបាននិយាយថា កំណើនភាពស្រេកឃ្លានធ្ងន់ធ្ងរក៏មាននៅក្នុងប្រទេសអេត្យូពី ហៃទី សូម៉ាលី អង់ហ្គោឡា កេនយ៉ា និងប៊ូរុនឌីផងដែរ៕