ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួនមនុស្សក្រីក្រ និងជនស្រេកឃ្លាន នឹងកើនឡើងដោយសារជំងឺកូវីដ១៩


ពលរដ្ឋ​តម្រង់​ជួរ​ទទួល​អាហារ​ថ្ងៃ​ត្រង់​ដោយ​ឥត​គិត​ថ្លៃ​​ពី​«ឆ្នាំង​សហគមន៍»​មួយ​កន្លែង​នៅ​ទី​ក្រុង​លីម៉ា ​ប្រទេស​​ប៉េរូ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២០។
ពលរដ្ឋ​តម្រង់​ជួរ​ទទួល​អាហារ​ថ្ងៃ​ត្រង់​ដោយ​ឥត​គិត​ថ្លៃ​​ពី​«ឆ្នាំង​សហគមន៍»​មួយ​កន្លែង​នៅ​ទី​ក្រុង​លីម៉ា ​ប្រទេស​​ប៉េរូ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២០។

អង្គការស្បៀង​អាហារ​និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ (FAO )​ និយាយ​ថា ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​នឹងការ​ស្រេកឃ្លាន​មាន​ដំណើរ​ថយ​ក្រោយ​១០ឆ្នាំ​ដោយសារការរាតត្បាត​ជា​សាកល​នៃវីរុស​កូរ៉ូណា។

លោក Maximo Torero Cullenដែល​ជាប្រធាន​អ្នក​សេដ្ឋសាស្ត្រនៃ​អង្គការ FAO និយាយ​ថាបញ្ហា​មិនមែនការខ្វះ​ម្ហូបអាហារ​ទេតែការ​ទទួល​ម្ហូបអាហារ។

លោកថ្លែងថា៖«ប្រជារាស្ត្រ​មិន​អាច​ទទួល​ម្ហូបអាហារពីព្រោះ​ពួក​គេបាត់​បង់ការងារ ពីព្រោះពួក​គេគ្មានប្រាក់​ចំណូល។ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍនឹង​មាន​ឧបសគ្គ​យ៉ាងច្រើន​ដោយសារសេដ្ឋកិច្ច​មិន​រីកចម្រើននៅ​ក្នុង​ពិភពលោក។ ហេតុដូច្នេះ​ហើយ​បានជា​មនុស្ស​ដែល​ខ្វះខាត​អាហារ​អាច​កើន​ចំនួន​១៣២​លាន​នាក់​ថែម​ទៀត»។

លោក Cullen ទស្សន៍ទាយ​ថាភាព​ក្រីក្រ​នឹង​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោកថ្លែងថា៖«យើង​រំពឹង​ថា​មនុស្សរហូត​ដល់​១៥០លាននាក់នឹង​ធ្លាក់​ខ្លួន​ចូល​ដល់​ស្ថានភាព​ក្រីក្រ​ខ្លាំង​បំផុត។ យើង​រំពឹង​ថា​មនុស្ស​ដែល​មានអាហារមិន​គ្រប់គ្រាន់​នឹង​កើនឡើង​ចំនួន​១៣២លាននាក់​ថែមទៀត»។

លោក Cullen និយាយ​ថា​អ្នក​ដែលងាយ​រងគ្រោះ​បំផុត​គឺ​ពួកអ្នក​ដែល​ឋិតក្នុង​តំបន់​មាន​ចលាចល​ឬ​មាន​ការប្រែប្រួល​អាកាសធាតុ។

លោកថ្លែងថា៖«ពួក​ជន​ដែល​ងាយ​រងគ្រោះ​ភាគ​ច្រើនរស់​នៅ​ក្នុងតំបន់​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៅ​ក្នុង​តំបន់​ Sahel នៃទ្វីបអាហ្វ្រិក។ ជន​ទាំង​នោះ​ភាគច្រើន​កំពុង​តែ​ប្រឈម​ជា​មួយ​ការ​ប្រែ​ប្រូល​ធាតុអាកាស​ជាស្រេច​ទៅហើយ។ ឬ​មួយ​ពួក​គេ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ហ្វូង​កណ្តូបធំៗ​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃទ្វីបអាហ្វ្រិក»។

ក្នុងឆ្នាំ​នេះ​មាន​ហ្វូង​កណ្តូប​ធំៗក្នុង​ផ្នែក​ខាង​កើត​នៃ​ទ្វីប​អាហ្រ្វិក។ ប្រទេស​កេនយ៉ា បានជួប​បញ្ហា​សត្វល្អិត​អាក្រក់​បំផុត​ក្នុង​រយៈពេល​៧០ឆ្នាំ​ដែល​នាំ​ឱ្យ​មាន​បញ្ហាធ្ងន់ធ្ងរ​ដល់ជីវភាព​មនុស្ស​រាប់​លាននាក់។

ទោះណា​ជា​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩ធ្ងន់ធ្ងរក្នុង​ផ្នែក​ឯ​ទៀតៗនៃ​ពិភពលោក​ដូច​ជាក្នុង​សហរដ្ឋ​អាមេរិក​និង​ទ្វីប​អឺរ៉ុបក៏​ដោយ ក៏​ការស្ទង់មតិ​មួយ​របស់​គណៈកម្មាធិការអន្តរជាតិ​នៃកាកបាទ​ក្រហមហៅ​កាត់​ថា​ICRC បានរក​ឃើញ​ថា​ពួក​អ្នកឆ្លើយតប​នឹង​ការស្ទង់​មតិ​មាន​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​នេះចាប់​តាំងពី​ការចាប់​ផ្តើមការ​រាតត្បាត​នៃ​ជំងឺ​នេះ​ម្ល៉េះ។

លោកស្រី Halimatou Amadou នៃគណៈកម្មាធិការ ICRC បាននិយាយ​ជាមួយវីអូអេ​ពី​ក្រុង Dakar ថា៖ «ការ​ស្ទង់​មតិ​នេះបានត្រូវ​ធ្វើ​ក្នុង​ចំណោម​មនុស្ស​២៤០០​នាក់ក្នុងប្រទេស​១០ក្នុង​ទ្វីប Afrique។ ហើយអ្វីដែលពួកគេ​បាន​និយាយ​ប្រាប់យើង​នោះ ជាការណ៍នាំ​ឱ្យ​មានទុក្ខ​ព្រួយ​ណាស់។ ឧទាហរណ៍​មនុស្ស​៩៤ភាគរយបាន​ប្រាប់​យើង​ថា​ម្ហូបអាហារនៅ​ក្នុង​ផ្សារ​មូលដ្ឋាន​បាន​ឡើង​ថ្លៃ។ យើង​ក៏​ឃើញ​ដែរ​ថា​៨២ភាគរយ​នៃ​ពួក​ជន​យើង​បាន​សម្ភាសន៍បាននិយាយ​ថា​ពួក​គេគ្មាន​ប្រាក់​ចំណូល​ទេ»។

លោកស្រី Amadou ថ្លែងថា​មានមនុស្ស​តែ​៧ភាគរយ​ប៉ុណ្ណោះ​ដែល​បាននិយាយ​ថា​ពួក​គេ​មាន​ប្រាក់​សន្សំ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ស្ថានភាព​បច្ចុប្បន្ន។ នៅកន្លែង​ឯ​ទៀតៗ​ស្ថានភាពរឹត​តែអាក្រក់ថែមទៀតដោយសារសង្គ្រាម។

លោកស្រី​ថ្លែងថា៖ «នៅ​ក្នុង​ប្រទេស Burkina Faso មាន​មនុស្ស​ប្រមាណ២លាន៨​សែន​នាក់ដែល​ប្រឈម​នឹង​វិបត្តិ​អសន្តិសុខ​ស្បៀង​អាហារ​យ៉ាង​ធ្ងន់ធ្ងរ។ នេះ​គឺ​២០០ភាគរយច្រើន​ជាង​កាល​ពី​ឆ្នាំ​ទៅ​មិញ។ អ្វី​ដែល​យើង​ឃើញ​គឺនៅ​ពេល​នេះមាន​មនុស្ស​ជាង​១លាន​នាក់​បានខ្ចាត់​ព្រាត់​ពីផ្ទះ​សំបែង ហើយ​ពួកគេ​គ្មាន​ដី​ដាំ​ដំណាំ​ទេ។ ហើយ​ជា​ធម្មតាការណ៍​នេះនាំ​ឱ្យ​ពួកគេ​កាន់តែ​ពិបាក​ទទួល​បាន​អាហារ»។

ក្រៅ​ពី​ទ្វីបអាហ្វ្រិក អង្គការ​ FAO ក៏​ព្រួយ​បារម្ភជា​ពិសេស​អំពី​តំបន់​អាមេរិក​ឡាទីន​ដែល​រង​គ្រោះធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ១៩ដែរ៕

ប្រែ​សម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG