ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រាតត្បាត​ដោយ​ដង្កូវ​ហ្វូង​គំរាម​កំហែង​សន្តិសុខ​ស្បៀង​អាហារ​ប្រទេស​ ម៉ាឡាវី ​ក្នុង​ទ្វីប​អាហ្វ្រិក


ដង្កូវ Armyworm វាយ​ប្រហារ​លើ​សន្តិសុខ​ស្បៀង​ប្រទេស​ម៉ាឡាវី។ កសិករ​និយាយ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​កសិករ​ប្រើ មិន​គ្រប់​គ្រាន់​ទេ។
ដង្កូវ Armyworm វាយ​ប្រហារ​លើ​សន្តិសុខ​ស្បៀង​ប្រទេស​ម៉ាឡាវី។ កសិករ​និយាយ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​កសិករ​ប្រើ មិន​គ្រប់​គ្រាន់​ទេ។

អាជ្ញាធរ​ក្នុង​ប្រទេស​ម៉ាឡាវី​ ​និយាយ​ថា​ ការ​រាត​ត្បាត​ដោយ​ដង្កូវ​​ហ្វូង​ដែល​ភាសា​អង់​គ្លេស​ហៅ​ថា​ armyworms​ កំពុង​គំរាម​កំហែង​ធ្វើ​ឱ្យ​មាន​កង្វះ​ស្បៀង​អាហារ​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក។

ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​រដូវ​ភ្លៀង​កាល​ពី​ខែ​វិច្ឆិកា​មក​ ​ដង្កូវ​ប្រភេទ​នេះ​បាន​បំផ្លាញ​ដំណាំ​របស់កសិករ​៥​សែន​គ្រួសារ។​ ពួក​កសិករ​និយាយ​ថា​ ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចង្រៃ​ដែលរដ្ឋាភិបាល​បាន​ផ្តល់​ឱ្យ​នោះ​ មាន​មិន​គ្រប់គ្រាន់ គ្មាន​ប្រសិទ្ធិភាព​ទេ​ ហើយ​ការណ៍​នេះ​បាន​បង្ខំ​ឱ្យ​កសិករ​ខ្លះ​វិល​ទៅ​រកវិធី​តាម​ប្រពៃណី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្វល្អិត​ចង្រៃនេះ។

អ្នកស្រី​ Tereza Manuel ​ដែល​ជា​កសិករ​ម៉ាឡាវី ​អាយុ​២៦​ឆ្នាំ​ ឋិត​នៅ​ក្នុង​ចំណោម​ពួក​កសិករ​រង​ផល​ប៉ះ​ពាល់​អាក្រក់​បំផុត​ដោយ​ការ​រាត​ត្បាត​នៃ​ដង្កូវហ្វូង​នេះ។​

ជា​ធម្មតា ​ស្ត្រី​មាន​កូន​បី​នាក់​រូប​នេះ​ទទួល​ផល​ពោត​ជាង​៤០​ការ៉ុង​ពី​ចម្ការ​អ្នកស្រី​ទំហំ​២​អា​ ​ក៏​ប៉ុន្តែ​នៅ​រដូវនេះ​ អ្នកស្រី​រំពឹង​ថា​ ​សឹងតែ​គ្មាន​បានអ្វី​ទាំង​អស់។​

អ្នកស្រី ​Tereza Manuel​ ដែល​ជា​កសិករ ​ម៉ាឡាវី ​និយាយ​ថា៖ «ដង្កូវ​ហ្វូង​បាន​រាតត្បាត​ចម្ការ​ពោត​ខ្ញុំ​ទាំង​ស្រុង​ ​ហើយ​នៅ​ពេល​នេះ​ ​ខ្ញុំ​គ្មាន​អ្វី​ទេ‍»។​

ដង្កូវ​ហ្វូង​ជា​សត្វ​ចង្រៃ​រាតត្បាត​មក​ពី​ទ្វីប​អាមេរិក​ដែល​បាន​បំផ្លាញ​ដំណាំ​ក្នុង​ទ្វីប​ អាហ្វ្រិក ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក។

ដង្កូវ​ទាំង​នេះ​ស៊ី​ដំណាំ​គ្រាប់​ធញ្ញ​ជាតិ​ដូច​ជា​ពោត​ជា​ដើម​ដែល​ជា​អាហារ​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​ ម៉ាឡាវី។

អាជ្ញាធរ ​ម៉ាឡាវី ​ស្ទង់​ប្រមាណ​ថា​ ​ចាប់តាំង​ពីខែ​វិច្ឆិកា​មក​ ​ដង្កូវ​នេះ​បាន​បំផ្ឡាញ​ដំណាំ​របស់​កសិករ​៥​សែន​គ្រួសារ។ ​លោក​ Aidah Deleza ​ដែល​ជា​ប្រធាន​ជាន់​ខ្ពស់​នៃ​តំបន់ ​Chikumbu ​និយាយ​ថា៖​ «ការណ៍​នេះ​មាន​ន័យ​ថា​ ​នៅ​ពេល​នេះ​មានការ​ស្រេកឃ្លាន​មួយ​លើកទៀត។​យើង​នឹង​ប្រឈម​នឹង​ការ​ស្រេក​ឃ្លាន​ក្នុង​តំបន់​នេះ។​ មាន​ភូមិ​ជា​ច្រើន​ដែល​រង​ផល​ប៉ះពាល់​ ​ហើយ​ដូច​ដែល​ខ្ញុំ​បាន​និយាយ​ហើយ​ថា​ ​ការណ៍​នេះ​មាន​ន័យ​ថា​ជា​ការ​ស្រេក​ឃ្លាន​នៅ​ពេល​នេះ។ ​ដូច្នេះ​យើង​ត្រូវ​ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល‍»។​

ក្រសួង​កសិកម្ម​ ម៉ាឡាវី​ និយាយ​ថា​ ​ការ​រាតត្បាត​ដោយ​ដង្កូវ​ហ្វូង​នោះ​បណ្តាល​មក​ពី​អាកាស​ធាតុ។​

ក្រសួង​នេះ​បាន​ចែកថ្នាំ​សម្លាប់​សត្វ​ល្អិត​ចង្រៃ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ពួក​កសិករ​រង​ដែល​ផល​ប៉ះពាល់​ ​ក៏​ប៉ុន្តែ​បាន​ទទួល​ការ​ត្អូញត្អែរ​ថា​ ​ថ្នាំ​ទាំង​នេះ​គ្មាន​បាន​ការ​ទេ។​ ​អ្នកស្រី​ Hillary Ching'anda ​នៃ​ក្រសួង​កសិកម្ម​ និយាយ​ថា៖ «បញ្ហា​គឺ​ថា​ ​កសិករ​ភាគ​ច្រើន​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ​នៅ​ពេល​ដង្កូវ​ធំ​ទៅ​ហើយ។ ​ជា​លទ្ធផល ​ដង្កូវ​ទាំង​នេះ​មិន​ងាប់​ទេ​ ​ពីព្រោះ​វា​ចាស់​គ្រប់គ្រាន់​ក្នុង​ការ​ទប់ទល់​នឹង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទាំង​នេះ‍»។​

ពួក​កសិករ​ដូច​ជា​អ្នកស្រី ​Manuel ​ជា​ដើម​ពឹង​ពាក់​លើ​ថ្នាំ​ផលិត​ក្នុង​ស្រុក​ដើម្បី​កម្ចាត់​សត្វ​ដង្កូវ​ចង្រៃ​ទាំង​នេះ។​

អ្នកស្រី​ Tereza Manuel ​ដែល​ជា​កសិករ​ ម៉ាឡាវី ​និយាយ​ថា៖ «ក្នុង​ឋានៈ​ជា​កសិករ​ ​យើង​ប្រើ​វិធី​តាម​ប្រពៃ​ណី​របស់​យើង​ផ្ទាល់ ​ដូចជា​ចាក់​ទឹក​ស៊ុប​ត្រី​តូចៗ​ ដាក់ស្លឹក​ neem​ និង​ម្សៅ​សាប៊ូ​ទៅ​ក្នុង​ដី​ចម្ការ‍»។​

ក៏​ប៉ុន្តែ​ពួក​កសិករ ​ម៉ាឡាវី ​និយាយ​ថា​ ​ពួក​គេត្រូវការ​ជំនួយ​ថែម​ទៀត​ដើម្បី​រើប​ពីការ​ខូចខាត​ដោយ​សារ​សត្វ​ដង្កូវ​ចង្រៃទាំង​នេះ។​ កសិករ​ Adiya John និយាយ​ថា៖ «ដោយ​សារ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ ​ការ​រាតត្បាត​ដោយ​ដង្កូវ​ទាំង​នេះ​មាន​ភាព​ធំធេង​ អ្វី​ដែល​យើង​ចង់​បាន​គឺ​សូម​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ពូជ​ធញ្ញជាតិ​ឱ្យ​យើង​ឬ​មួយ​រដ្ឋាភិបាល​គួរ​ផ្តល់​ស្បៀង​អាហារ​ឱ្យ​យើង​រហូត​ដល់​រដូវ​ដាំ​ដុះ​លើក​ក្រោយ‍»។​

អាជ្ញាធរ​ ម៉ាឡាវី ​និយាយ​ថា​ ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ​ពួក​គេ​នឹង​ចែកគ្រាប់​ពូជ​ធញ្ញ​ជាតិ​ឱ្យពួក​កសិករ​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​រាតត្បាត​ដោយ​សត្វដង្កូវ​ចង្រៃ​ទាំង​នេះ។​

ការ​រាត​ត្បាត​ដោយ​ដង្កូវ​ហ្វូង​កាលពី​ឆ្នាំ​២០១៧​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស ​ម៉ាឡាវីប្រកាស​ថា​ ស្រុក​ចំនួន​២០​ក្នុង​បណ្តា​ស្រុក​២៨​នៃ​ប្រទេស​នេះជា​តំបន់​មាន​មហន្ត​រាយ៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ​

XS
SM
MD
LG