ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន


រូបឯកសារ៖ សកម្មភាព​ជួបជុំគ្នា​នៃ​សកម្មជន​និង​មន្រ្តី​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ គណបក្ស​ភ្លើង​ទៀន)
រូបឯកសារ៖ សកម្មភាព​ជួបជុំគ្នា​នៃ​សកម្មជន​និង​មន្រ្តី​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ គណបក្ស​ភ្លើង​ទៀន)

សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​បាន​ចាប់​ផ្តើម​បន្ត​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​បើ​ទោះ​ជា​ពួកគេ​អះអាង​ពី​ការ​បន្ត​ប្រឈម​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ពេល​ខាង​មុខ។​

លោក ​អ៊ុំ យ៉េត​ អាយុ​៦៨​ឆ្នាំ​ជា​អតីត​ប្រធាន​ប្រតិបត្តិ​ក្រុង​សួងខេត្ត​ត្បូង​ឃ្មុំ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​ លោក​ថ្លែង​ថា​លោក​បាន​ចូល​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ភ្លាមៗ​ក្រោយ​លោក​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០២១​ក្រោយពី​លោក​បាន​ជាប់​រយៈ​ពេល​មួយ​ឆ្នាំ​ពី​បទ​ញុះ​ញង់​ដែល​លោក​ថា​«អយុត្តិធម៌»​សម្រាប់​រូប​លោក។​

លោក​យ៉េត​ដែល​ចូល​ធ្វើ​នយោបាយ​តាំង​ពី​ឆ្នាំ​១៩៩៥​ជាមួយ​គណបក្ស​ជាតិ​ខ្មែរ​ យល់​ថា​នឹង​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​សម្រាប់​សកម្មជន​ថ្នាក់​ក្រោម​ដូច​រូប​លោក​ ប៉ុន្តែ​លោក​ថា​លោក​នៅ​តែ​ចង់​ធ្វើ​នយោបាយ​បើ​ទោះ​ប្រឈម​បញ្ហា​យ៉ាង​ណា​ក៏​ដោយ។​

លោក​ថ្លែង​ថា៖​«ខ្ញុំ​គិត​ថា​រឿង​នយោបាយ​គេ​មិន​គិត​ថា​យើង​ធ្លាប់​ជាប់​ពន្ធនាគារ​ យើង​ទៅ​រាង​ចាល​ជាមួយ​ពន្ធនាគារ​ទេ​ដោយ​សារ​យើង​គិត​ថា​ប្រទេស​ជាតិ​យើង​មាន​ពហុបក្ស​ អ៊ីចឹង​បក្ស​ដែល​យើង​ស្រឡាញ់​យើង​ចូល​ទៅ​គណបក្ស​ណា​ក៏​បាន​...​ បម្រើ​ឲ្យ​គណបក្ស​ណា​ក៏​បាន។​អ៊ីចឹង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចូល​គណបក្ស​ភ្លើង​ទៀន​តែ​ម្តង»។​

លោក​អ៊ុំ យ៉េត​បញ្ជាក់​ថា​លោក​មិន​រង់ចាំ​ការ​វិល​ត្រឡប់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ​ដោយសារ​គណបក្ស​មួយ​នេះ​ត្រូវ​បាន​រំលាយ​រួច​ទៅ​ហើយ។​

សកម្ម​ជន​ម្នាក់​ទៀត​លោក​ម៉ក់ សំអាន​អាយុ​៤៣​ឆ្នាំ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ក្រវៀន​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ថ្លែង​ថាលោក​បាន​ចូល​គណ​បក្ស​ភ្លើង​ទៀន​ភ្លាមៗ​ក្រោយ​លោក​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០២២។​ លោក​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​ដោយ​រង​ការ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។​

លោក​សំអាន​ដែល​ពី​ដើម​ឡើយ​ជាសមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​ក្រោយ​មក​បាន​ចូល​ជាមួយ​គណបក្ស​សម រង្ស៊ី​កាល​ពី​ឆ្នាំ​២០០៤​ថ្លែង​ថា​លោក​នៅ​តែ​បន្ត​តស៊ូ​សកម្មភាព​នយោបាយ​ដោយ​សារ​លោក​ចង់​ឃើញ​ការ​អភិវឌ្ឍ​ពិត​ប្រាកដ​ក្នុង​ប្រទេស​មិន​ចង់​ឃើញ​បញ្ហា​អំពើ​ពុក​រលួយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បញ្ហា​បូរណភាព​ទឹក​ដី​និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ជាដើម។​

លោក​ប្រាប់​វីអូអេ​ថា៖​«សម្រាប់​បញ្ហា​ប្រឈម​នេះ​ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ទោះបី​ជាមាន​ ទោះ​បី​មិន​មាន​ ជាការ​មួយ​មិន​ព្រួយ​បារម្ភ​ទេ​សម្រាប់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ធ្លាប់​ប្រឈម​នឹង​បញ្ហា​ជាប់​ពន្ធនាគារ​ហ្នឹង​ហើយ​ ដោយ​សារ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​នាម​យើង​ជា​គណ​បក្ស​ប្រឆាំង​ជាអ្នក​ដើរ​លើ​ផ្លូវ​លទ្ធិ​ប្រជា​ធិបតេយ្យ ។​ប៉ុន្តែ​បើ​សិន​ជា​នៅ​តែ​មាន​បញ្ហា​ប្រឈម​អាហ្នឹង​ជា​រឿង​មួយ​ផ្សេង​ទៀត។​ ចាំ​ដល់​ដំណាក់​កាល​ហ្នឹង​ ចាំគិត​ទៀត»។​

ចំណែក​លោក​ស៊ូ យាន​ អាយុ​៤៦​ឆ្នាំ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា​លោក​បាន​ជាប់​ពន្ធនាគារ​ពីរ​ដង​រួច​មក​ហើយ​ ហើយ​ចុង​ក្រោយ​នេះ​លោក​ជាប់​១​ឆ្នាំ​ពី​បទ​ញុះញង់​ និង​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​២២​ខែ​តុលា​ឆ្នាំ​២០២១។​ លោក​បន្ត​ថា​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ស្រាប់​ ដូច្នេះ​លោក​សម្រេច​ចិត្ត​ចូលរួម​ដោយ​សារ​លោក​នៅ​តែ​ចង់​បន្ត​ធ្វើ​នយោបាយ។​

លោក​ប្រាប់​វីអូអេ​ថា៖​«និយាយ​ទៅសង្គម​ជាតិ​មួយ​ បើ​សិន​ជា​ប្រជា​ពលរដ្ឋ​យើង​មិន​អើ​ពើ​ពី​នយោបាយ​ វា​ប្រៀប​បាន​ដូច​ជា​សត្វ។​ យើង​អត់​បាន​គិត​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​មហាជន​របស់​ប្រជា​ពលរដ្ឋ ។​អ៊ីចឹង​យើង​ត្រូវ​តែ​ចូលរួម​ធ្វើ​ឲ្យ​សង្គម​យើង​មាន​ភាព​ល្អ​ប្រសើរ។​ ទោះ​បី​បច្ចុប្បន្ន​នេះ​អ្នក​កាន់​អំណាច​មាន​ភាព​រឹត​ត្បិត​យើង​យ៉ាងណា​យើង​ត្រូវ​តែ​រក​យុទ្ធសាស្រ្ត​ យុទ្ធ​វិធី​ដើម្បី​យើង​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន»។​

ប្រធាន​ស្តីទី​គណបក្ស​ភ្លើង​ទៀន​លោក​ថាច់ សេដ្ឋា​ដែល​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ប្រាប់​វីអូអេ​ថា​គណបក្ស​នឹង​បញ្ចប់​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្នាក់​ខេត្ត​នៅ​ចុង​ខែ​នេះ​ដោយ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មណ្ឌលគិរី​និង​រតនគិរី។​ លោក​បន្ត​ថា​សម្រាប់​រចនា​សម្ព័ន្ធ​ថ្នាក់​ស្រុក​ក្រុង​ឃុំ​សង្កាត់​ គណបក្ស​កំពុង​សម្រុក​រៀបចំ។​ ទោះ​ជាយ៉ាងណា​ លោក​ថា​គណបក្ស​មិន​ទាន់​សម្រេច​ចិត្ត​ថា​តើ​នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា ឆ្នាំ​២០២២​ឬ​យ៉ាង​ណា។​

បើ​តាម​លោក​ថាច់ សេដ្ឋា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​ការ​ដក​ស្លាក​គណបក្ស​ក្នុង​ខេត្ត​ប៉ៃលិន​និង​ការ​ព្យាយាម​ប្រាប់​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​ចុះ​ចូល​ជាដើម។​

លោក​សុខ ឥសាន​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ប្រាប់​វីអូអេ​ថា​សកម្មជន​នយោបាយ​មាន​សិទ្ធិ​ចូលរួម​ជាមួយ​គណបក្ស​ណា​ដែល​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​បន្ថែម​ថា​គណបក្ស​កាន់​អំណាច​មិន​បាន​«សម្លុត​គំរាម​កំហែង»​ឲ្យ​ចូល​រួម​នយោបាយ​ជាមួយ​ខ្លួន​ឡើយ៕

XS
SM
MD
LG