ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះជាតិ​រៀបចំ​ផែនការ​មុន​ការបោះឆ្នោត​មូលដ្ឋាន​ដោយ​ផ្តោត​ខ្លាំងលើ​ការងារ​ការទូត


ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​មួយ​របស់​បក្ស​ នៅ​សហរដ្ឋ​អាមេរិក នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (ទំព័រ​ហ្វេសប៊ុក​​លោក​សម រង្ស៊ី)
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​មួយ​របស់​បក្ស​ នៅ​សហរដ្ឋ​អាមេរិក នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (ទំព័រ​ហ្វេសប៊ុក​​លោក​សម រង្ស៊ី)

គណបក្ស​សង្គ្រោះ​ជាតិបាន​សម្រេច​បន្ត​ធ្វើ​បេសកកម្ម​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយនយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​និង​យុត្តិធម៌​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរមាន​សេរីភាព​ពេញលេញ​ ក្នុង​ការជ្រើសតាំង​តំណាង​ដោយ​ស្របច្បាប់​និង​ស្របតាម​ឆន្ទៈ។ នេះ​បើតាម​ការសេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​កាលពី​ថ្ងៃ​ចន្ទ​។

កិច្ចប្រជុំដែល​រៀបចំ​ដោយថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ​ពី​ថ្ងៃទី​១៩​ដល់​២១​ខែ​កុម្ភៈ​នៅ​ទីក្រុង​ Jacksonville ​រដ្ឋ Florida​ បាន​វាយ​តម្លៃថា​ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​និង​យុត្តិធម៌​ ត្រូវតែ​ទម្លាក់​បទចោទ​ហើយ​ដោះលែង​អ្នកទោស​មនសិការ​ អ្នកទោស​នយោបាយ​ទាំងអស់​ ព្រមទាំង​បើក​លំហ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ និង​សេរីភាព​នៃ​សកម្មភាព​នយោបាយ​ហើយ​នឹង​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

ការសម្រេច​នេះ​ធ្វើ​ឡើង​នៅ​មុន​ពេល​ដែលកម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃទី​៥​ខែមិថុនា​ខាងមុខ។ ការបោះឆ្នោត​នេះ​នឹង​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ទេ​ដោយសារ​ត្រូវ​បាន​តុលាការ​រំលាយ​កាលពី​ជាង​៤​ឆ្នាំ​មុន។

លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​លោករក្សា​ជំហរ​មិន​ទាន់​គាំទ្រ​គណបក្ស​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ​បើទោះបីជា​មាន​ការមើលឃើញ​ថា​គណបក្ស​ភ្លើង​ទៀន​កំពុង​ទាក់ទាញ​បាន​សមាសភាពដឹកនាំ​ថ្នាក់​មូលដ្ឋាន​ដែល​ធ្លាប់​គាំទ្រ​លោក​ជាច្រើន​នាក់​ក៏ដោយ។ ​គណបក្ស​ភ្លើង​ទៀន​មាន​ឈ្មោះ​ដើម​ថា​គណបក្ស​សម រង្ស៊ីដែល​លោក​ សម រង្ស៊ី​ បាន​បង្កើត​មុន​ពេល​លោក​ចាកចេញ​មក​រួមបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​សម រង្ស៊ីបាន​ថ្លែង​បន្ថែម​ប្រាប់​វីអូអេ​ខេមភាសា​កាលពី​ថ្ងៃ​អង្គារ​ ទី​២២​ ខែ​កុម្ភៈ​ថា៖

«បើ​លក្ខខណ្ឌ​ទាំងអស់​ហ្នឹង​ត្រូវ​បាន​បំពេញ​យើង​នឹង​មើល​ថា​មាន​គណបក្ស​នយោបាយ​ណាខ្លះ​នៅ​លើ​ឆាក​នយោបាយ​ប្រទេស​កម្ពុជា​ដែល​អាច​ជា​តំណាង​ឆន្ទៈ​ប្រជារាស្ត្រ​ពិតប្រាកដ​ គណបក្ស​ដែល​មាន​ទឹកចិត្ត​ស្មោះ​ត្រង់​ចំពោះ​ប្រទេស​ជាតិ​ ចំពោះ​ប្រជារាស្ត្រ​ គណបក្ស​ដែល​មិន​លក់​ខ្លួន​ឲ្យ​គេ​ គណបក្ស​ដែល​ថ្នាក់​ដឹកនាំ​បាន​បង្ហាញ​ជំហរ​ថា​ស្មោះត្រង់​ចំពោះ​ប្រជារាស្ត្រ​យូរ​ណាស់​មកហើយ​ យើង​នឹង​លើក​ទឹកចិត្ត​ឲ្យ​គណបក្ស​នោះ​ចូលរួម​ក្នុង​ការបោះឆ្នោត​ហើយ​យើង​នឹង​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​នោះ»។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​មួយ​របស់​បក្ស​ នៅ​សហរដ្ឋ​អាមេរិក នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (ទំព័រ​ហ្វេសប៊ុកលោក​សម រង្ស៊ី)
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​មួយ​របស់​បក្ស​ នៅ​សហរដ្ឋ​អាមេរិក នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (ទំព័រ​ហ្វេសប៊ុកលោក​សម រង្ស៊ី)

គណបក្ស​សង្គ្រោះជាតិ​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចូលរួម​សកម្មភាព​នយោបាយ​យ៉ាង​សកម្ម​ដោយ​អហិង្សា​ ចាប់​យក​និង​ប្រើប្រាស់​ឱកាស​នៃ​ការបោះឆ្នោត​ដើម្បី​ប្រែក្លាយ​ការឈឺចាប់​ឲ្យ​ទៅ​ជា​ជ័យ​ជម្នះ។ លោក​សម រង្ស៊ី​បាន​ប្រាប់ដល់​អ្នកគាំទ្រថា​ការតស៊ូ​របស់​គណបក្ស​សង្គ្រោះជាតិ​អត់​ផ្លាស់​ប្តូរ​គោលដៅទេ​ប៉ុន្តែ​កាលៈទេសៈ​តម្រូវ​គឺ​ត្រូវ​រៀបចំ​យុទ្ធសាស្រ្ត​សម្រប​តាម​ដោយ​លោកបាន​ប្រាប់​ដល់​ក្រុម​អ្នក​ចូលរួម​ឲ្យ​រក្សា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​សម្រាប់​អនាគត​នយោបាយ​នៅ​កម្ពុជា។

បច្ចុប្បន្ន​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ​បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​ក្នុង​ឆ្នាំ​២០១៧។ មន្ត្រី​និង​សកម្មជន​គណបក្ស​មួយ​ចំនួន​បាន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្នុងនោះ​មាន​អូស្ត្រាលី​ បារាំង​ សហរដ្ឋ​អាមេរិក​និង​កាណាដា​ដើម្បី​បន្ត​សកម្មភាព​នយោបាយ។ អ្នកខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​និង​អ្នកខ្លះ​នៅ​ស្ងៀម​មិន​ហ៊ាន​ធ្វើសកម្មភាព​នយោបាយ​ទេ។

លោក​សេង ម៉េង​ប៊ុនរ៉ុង​អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​សាកល​ដែល​បាន​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ចុង​ឆ្នាំ​២០១៧​និង​ទើបមកដល់​សហរដ្ឋ​អាមេរិក​នៅ​ដើម​ខែកុម្ភៈ​នេះ​បាន​ប្តេជ្ញា​បន្ត​សកម្មភាព​នយោបាយ។

លោក​ សេង ម៉េងប៊ុនរ៉ុង​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖​

​«សម្រាប់​ការមកដល់​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ​ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ ខ្ញុំ​នឹង​បន្ត​ការតស៊ូ​របស់​ខ្ញុំ​ទៅ​មុខ​ទៀត​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​សិទ្ធិសេរីភាព​ហើយ​ទទួលបាន​ការគោរព​សិទ្ធិមនុស្ស​ ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​តំណាង​របស់​ខ្លួន​តាម​ខ្លួន​ពេញចិត្ត។ អ៊ីចឹង​បាន​ន័យ​ថា​សកម្មភាព​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពីមុន​ប៉ុន្មាន​គឺ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ដដែល​ហើយ​ខ្ញុំ​មាន​តែ​ធ្វើ​ឲ្យ​ខ្លាំង​ជាងមុន​ទៀត​ជាមួយ​នឹង​បងប្អូន​យើង​នៅ​ក្រៅ​ប្រទេស»។

ស្ថានភាព​នយោបាយ​ថ្នាក់​តំបន់​កំពុង​ផ្តល់​ឱកាស​ដល់​ក្រុម​អ្នកតស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នេះ​បើតាម​ការអះអាង​របស់​លោក​សម រង្ស៊ី។ លោក​បន្ថែម​ថា​ការប្រឹងប្រែង​ពង្រីក​ឥទ្ធិពល​របស់​មហាអំណាច​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​សេរី​មាន​ការចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​នឹង​ករណី​ប្រទេស​កម្ពុជា​ដែល​បាន​ងាក​ទៅ​ប្រទេស​ចិន​កាន់តែ​ខ្លាំង​រហូតដល់​មាន​ការព្រួយ​បារម្ភដល់​អនាគត​សន្តិសុខ​ក្នុង​តំបន់។

លោក សម រង្ស៊ី​បាន​បន្ថែម​ថា៖

«រឿងពីរ​នេះ​ដែល​ជាប់​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នឹង​ស្ថានការណ៍​ប្រទេស​កម្ពុជា​ហើយ​គេ​ចង់​ជួយ​យ៉ាងពិតប្រាកដ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ​ហើយ​គេ​ជំរុញ​ឲ្យ​មាន​ការចរចា។ បើ​គ្មាន​ការចរចា​ទេ​មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ទេ។ អន្តរជាតិ​មាន​ប្រទេស​ជាមិត្ត​ជាច្រើន​កំពុង​តែ​ជំរុញ​ឲ្យ​លោកហ៊ុន សែន​និង​រដ្ឋាភិបាល​គាត់​ គណបក្ស​គាត់​ចរចា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ថ្នាក់​ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​ជាទូទៅ»។

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​ទាំងស្រុង​តាំងពី​ស្ថាប័ន​នីតិប្រតិបត្តិ​ដល់​នីតិប្បញ្ញត្តិ។ អាសនៈ​មេឃុំ​ចៅ​សង្កាត់​ជិត​៥០០​និង​ក្រុមប្រឹក្សា​ឃុំសង្កាត់​ជាង​៥០០០​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ត្រូវ​បាន​គណបក្ស​កាន់​អំណាច​រឹបអូស​យក។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​កាន់​អំណាច​ជាង​៣៧​ឆ្នាំ​ដោយ​រឹតត្បិត​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​រិះគន់។ ​

លោកហ៊ុន សែន​បាន​ថ្លែង​កាលពី​ថ្ងៃអង្គារ​ដោយ​មិន​ចំឈ្មោះ​លោក​សម រង្ស៊ី​ដោយ​បិទ​ផ្លូវ​ចរចា​ដើម្បី​បង្រួប​បង្រួម​ជាមួយ​នឹង​អ្នកដែល​បាន​រិះគន់​ក្រុមគ្រួសារ​របស់​លោក៖

«អ្នកណាក៏ដោយ​ខ្មែរ​ក៏ដោយ​ បរទេស​ក៏ដោយ​សុំ​កុំ​មក​និយាយ​ជាមួយ​ខ្ញុំ​ ចលនា​ខ្ញុំ​ឲ្យ​បង្រួបបង្រួម​ក្រុម​ប្រមាថ​ប្រពន្ធ​កូន​ខ្ញុំ​ឲ្យ​សោះ។ បើ​និយាយ​ដល់​កន្លែង​ហ្នឹង​ហើយ​ខ្ញុំ​មាន​តែ​អរគុណ​ដែល​ខ្ញុំ​បាន​ស្តាប់​ រួច​ហើយ​គោរព​លា​គ្នា​តែ​ប៉ុណ្ណឹង។ ហ្នឹង​និយាយ​ឲ្យ​ច្បាស់​លាស់​ជាមួយ​គ្នា»។

គណបក្ស​កាន់​អំណាចក៏​បាន​បញ្ជាក់​ថា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ធ្វើ​កំណែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ។ លោក សុខ ឥសាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បំពេញ​ការងារ​បាន​ល្អ​ហើយ។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)

លោក​សុខ ឥសាន​បាន​បន្ថែម​ប្រាប់​វីអូអេ​កាលពី​ថ្ងៃពុធ​ថា៖

«យើង​ពិនិត្យ​មើល​ឃើញ​ថា​គ.ជ.ប​មិន​មាន​ចំណុច​ណា​មួយ​ប្រការ​ណា​មួយ​ដែល​អនុវត្ត​ប្រាសចាក​ពី​តួនាទី​ភារៈកិច្ច​របស់​ខ្លួន​ដែល​កំណត់​ដោយ​ច្បាប់​នោះ​ទេ។ ចំពោះ​ការចោទ​ប្រកាន់​ផ្សេងៗ​ថា​អ៊ីចេះ​ ថា​អ៊ីចុះ​ គឺ​ខ្ញុំយល់​ថា​គ្រាន់តែ​ជា​ការយល់​ឃើញ​របស់​គណបក្ស​ដែល​ចាញ់​ឆ្នោត​តែប៉ុណ្ណោះ​ទេ។ នេះ​ជា​ទម្លាប់​មាន​តាំងពីមុនមក​គឺ​គណបក្ស​ដែល​ចាញ់ឆ្នោត​តែងតែ​រិះរក​វិធី​មក​ចោទ​ប្រកាន់​មក​គ.ជ.ប. វិញហើយ​ផ្ទុយ​ទៅ​វិញ​គឺ​មិន​ព្រម​ទទួលស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន​ ហើយ​មិនព្រម​ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ»។

បើទោះបី​ជា​មិន​អាច​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​ ប៉ុន្តែ​នៅ​ក្រៅ​ប្រទេស​អតីត​គណបក្ស​ប្រឆាំង​នេះ​កំពុង​ធ្វើការងារ​ការទូត​ជាច្រើន​ក្នុង​រយៈពេល​ជាង​៤​ឆ្នាំ​នេះ​ ដែល​មាន​ការជួប​អ្នកតាក់តែង​ច្បាប់​អាមេរិកាំង​រហូត​ដល់​បាន​ចេញ​ជា​សេចក្តី​ស្នើ​ច្បាប់​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​ដាក់ទណ្ឌកម្ម​អ្នករំលោភ​សិទ្ធិមនុស្ស។ ក្នុង​ចំណោម​នេះ​មាន​សេចក្តី​ស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ដែល​ស្នើ​ដោយ​សមាជិក​រដ្ឋសភា​ និង​សេចក្តី​ស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្សដែល​ស្នើ​ដោយ​សមាជិក​ព្រឹទ្ធសភា។

ក្រុមការងារ​ក៏​ប្រកាស​បន្ត​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ​សាខា​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​បន្ថែម។

លោក​រិទ្ធី អ៊ុង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖​

«បងប្អូន​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​គឺ​កាន់តែ​ជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស​សង្គ្រោះជាតិ​ ជឿជាក់​លើ​ការដឹកនាំ​របស់លោក​ប្រធាន​ស្តីទី​សម រង្ស៊ី​ដែល​កំពុង​ធ្វើការ​យ៉ាង​មមាញឹក​ដឹកនាំ​ពួកខ្ញុំ​នៅ​ក្រៅ​ប្រទេស​ដើម្បី​រក​វិធីសាស្ត្រ​ និង​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​ធ្វើម៉េច​ឲ្យ​មាន​ការកែប្រែ​របៀប​ដឹកនាំ​នៅ​ប្រទេស​កម្ពុជា​ កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើម៉េច​ឲ្យ​បងប្អូន​ខ្មែរ​ទាំងអស់​ឲ្យ​មាន​សិទ្ធិសេរីភាព​ក្នុង​ការជ្រើសរើស​ថ្នាក់​ដឹកនាំ​ក្នុង​ប្រទេស​យើង​តាម​ការបោះឆ្នោត​អហិង្សា​ត្រឹមត្រូវ​និង​យុត្តិធម៌»៕

XS
SM
MD
LG