ការតវ៉ាប្រឆាំងនឹងការដកមន្រ្តីគណបក្សប្រជាជនកម្ពុជាម្នាក់ ដែលជាចៅសង្កាត់រង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានផ្ទុះឡើង កាលពីសប្តាហ៍មុន ដោយពួកគេអះអាងថា មន្រ្តីរូបនោះមិនគួរត្រូវបានដកឈ្មោះចេញពីបញ្ជីបេក្ខជនសម្រាប់ប្រកួតប្រជែងបោះឆ្នោតឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ឡើយ។
លោក គង់ ប៊ឹប ជាចៅសង្កាត់រងទីមួយនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ការតវ៉ារបស់មន្រ្តី និងប្រជាពលរដ្ឋមួយចំនួន ប្រឆាំងនឹងការដកចៅសង្កាត់រងរូបនេះចេញពីបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខកើតឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅក្នុងសន្និបាតគណៈកម្មាធិការគណបក្សសង្កាត់ជ្រាវ។
នៅក្នុងវីដេអូរយៈពេលប្រមាណ២៣នាទីដែលវីអូអេទទួលបានមន្រ្តីគណបក្សប្រជាជនកម្ពុជាម្នាក់បានអះអាងថា៖«ដកចេញហើយចង់លាបពណ៌ទៀតហើយពួកខ្ញុំជាកូនខ្ញុំមានការឈឺចាប់ណាស់....សុទ្ធតែក្បាលពីរ មកពីគណបក្សក្រៅ។ គណបក្សក្រៅយ៉ាងម៉េច?.... គឺគណបក្សប្រជាជនតាំងពីដើមរហូតមក»។
បើតាមវីដេអូមន្ត្រីបក្សកាន់អំណាចរូបនោះបានស្នើទៅថ្នាក់ដឹកនាំរបស់គណបក្សឲ្យត្រួតពិនិត្យ ជួយរកយុត្តិធម៌ និងដោះស្រាយបញ្ហាមួយនេះ ដោយបានលើកឡើងថា៖ «សំណូមពរដល់សម្តេច ឲ្យសម្តេចជួយមើលកូនចៅ មើលកូនចៅខាងក្រោមនេះផង។ បើថ្នាក់ដឹកនាំធ្វើបែបនេះ ងាប់ហើយ គ្មានអ្នកណា មានកម្លាំងធ្វើការតទៅទៀតទេ។បើប្រឹងប្រែងហើយមានតែការឈឺចាប់បែបនេះនោះ»។
ចំណែកប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ពួកគេមិនសុខចិត្តនឹងការលុបឈ្មោះ លោក គង់ ប៊ឹប ចេញពីបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់គណបក្សកាន់អំណាចទេដោយទាមទារឲ្យដាក់បញ្ចូលជាធម្មតាវិញ។ ហើយពួកគេចាត់ទុកថាការបោះឆ្នោតតែងតាំងសមាជិកឃុំសង្កាត់សម្រាប់អាណត្តិទី៥ មិនមានតម្លាភាព និងសុក្រឹតភាពឡើយ។
ពលរដ្ឋទាំងនោះក៏បានសរសើរស្នាដៃរបស់លោក គង់ ប៊ឹប ថា លោកជាបុគ្គលដែលឆ្នើម ដែលសកម្មរាល់កិច្ចការទាំងឡាយនៅក្នុងសង្កាត់ជ្រាវ។
ស្របពេលគ្នានោះ កូនប្រុសរបស់លោក គង់ ប៊ឹប គឺ លោក គង់ តារា៉បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២២ ខែមករា ដោយរៀបរាប់ថា ឪពុករបស់លោកត្រូវបានលាបពណ៌ថា«ជាពស់ក្បាលពីរទៀតផង។ ទង្វើបែបនេះ យើងខ្ញុំមិនអាចទទួលយកបានទេ»។
លោក គង់ តារ៉ាបានស្នើសុំឱ្យលោក ទៀ បាញ់ ដែលជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ជាតិចុះពង្រឹងខេត្តសៀមរាប និងជាឪពុករបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ពិចារណា និងបើកការស្រាវជ្រាវត្រួតពិនិត្យឡើងវិញដើម្បីរកភាពយុត្តិធម៌ឲ្យក្រុមគ្រួសាររបស់លោក។
ប៉ុន្តែសាររបស់លោកនៅលើហ្វេសប៊ុកនេះត្រូវបានលុបចោលកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រោយវីអូអេទាក់ទងទៅមន្រ្តីជាន់ខ្ពស់ជាអភិបាលខេត្ត និងអភិបាលក្រុងសៀមរាប។
វីអូអេបានទាក់ទងលោក គង់ ប៊ឹប ចៅសង្កាត់រងនៃសង្កាត់ជ្រាវ ប៉ុន្តែលោកហាក់ស្ទាក់ស្ទើរមិនចង់និយាយជាមួយអ្នកសារព័ត៌មាន ដោយលើកហេតុផលថាជាប់រវល់។
ប៉ុន្តែនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ លោក គង់ ប៊ឹប បានបង្ហោះលិខិតមួយសុំទោសនូវកំហុសឆ្គងរបស់កូនប្រុសរបស់លោក។ ហើយលោកក៏បានបញ្ជាក់ថាលោកនិងក្រុមគ្រួសារ គឺជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
លោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រុងសៀមរាប និងជាអភិបាលក្រុងសៀមរាប អះអាងថា គណបក្សបានផ្លាស់ប្តូរតួនាទីថ្មីរបស់លោក គង់ ប៊ឹបពិតមែន ដែលលោកបញ្ជាក់ថា នេះជាការរៀបចំផ្ទៃក្នុងបក្សឲ្យកាន់តែល្អប្រសើរតែប៉ុណ្ណោះ។លោកបន្ថែមថា មិនមានការលុបឈ្មោះរូបលោកចេញពីគណបក្សនោះទេ ។ ប៉ុន្តែអភិបាលក្រុងសៀមរាបរូបនោះនៅមិនទាន់អាចបញ្ជាក់អំពីតួនាទីថ្មីរបស់លោកគង់ ប៊ឹប បាននៅឡើយទេ។
លោកថ្លែងថា៖ «តួនាទីអី ខ្ញុំមិនទាន់អាចនិយាយបានពេលនេះទេ។ប៉ុន្តែគ្រាន់ក្នុងន័យថា មានការគិតគូរបានហ្មត់ចត់ មានការរៀបចំយ៉ាងណាឱ្យការងារកាន់តែមានប្រសិទ្ធភាព ឲ្យមានភាពល្អប្រសើរ»។
ចំណែកលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគណបក្សកាន់អំណាចប្រចាំខេត្តសៀមរាប ចាត់ទុកការតវ៉ារបស់ប្រជាពលរដ្ឋថា ជារឿងយល់ច្រឡំតែប៉ុណ្ណោះ។លោកអះអាងថា លោក គង់ ប៊ឹប ត្រូវប្តូរតួនាទីថ្មី ដែលជាការសម្រេចតាមគោលការណ៍ និងការសម្រេចចិត្តរបស់សមាជិកគណបក្ស ដើម្បីឲ្យគណបក្សមានភាពល្អប្រសើរ។
លោកបញ្ជាក់ថា៖«តាមពិតចំពោះបេក្ខភាពរបស់ចៅសង្កាត់រងទី១នេះ យើងមានផែនការ និងរៀបចំគាត់ទទួលបន្ទុកផ្សេងទៀតក្នុងជួរគណបក្សរបស់យើង។ អ៊ីចឹងមិនមានបញ្ហាអ្វីទេ ទាំងសាមីខ្លួនក៏គាត់បានជ្រាប ហើយគាត់បានទទួលយកចំណុចនេះហើយពីការសម្រចសម្រួលផ្ទៃក្នុងរបស់យើង»។
លោក ទៀ សីហា ក៏បានច្រានចោលការលើកឡើងរបស់មន្ត្រីគណបក្ស និងប្រជាពលរដ្ឋដែលថា ការផ្លាស់ប្តូរនេះ គឺដោយសារលោក គង់ ប៊ឹបជា«ពស់ក្បាលពីរ»មិនស្មោះត្រង់នឹងគណបក្សប្រជាជនកម្ពុជា៕