បេក្ខជន ៧ រូបដែលប្រជែងគ្នាដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នឹងជជែកដេញដោលគ្នាម្ដងទៀតនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ នៅឯសាកលវិទ្យាល័យ Loyola Marymount នៅក្នុងទីក្រុង Los Angeles រដ្ឋ California។
ក្នុងចំណោមបេក្ខជនទាំង ៧ រូបនោះ អ្នកដែលនាំមុខគេគឺអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont លោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts អ្នកស្រី Elizabeth Warren និងអភិបាលក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg។ ពួកគេបានបំពេញលក្ខខណ្ឌអប្បបរមារបស់គណបក្ស ដែលតម្រូវឲ្យមានការគាំទ្រគ្រប់គ្រាន់របស់អ្នកបោះឆ្នោតនៅក្នុងការស្ទង់មតិ និងថវិការៃអង្គាសគ្រប់គ្រាន់សម្រាប់ចូលរួមនៅក្នុងការជជែកដេញដោលនេះ។
បេក្ខជន ៣ រូបទៀត ដែលនោះគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Minnesota អ្នកស្រី Klobuchar សកម្មជនដែលជាមហាសេដ្ឋីលោក Tom Steyer និងលោកសហគ្រិន Andrew Yang ក៏ចូលរួមនៅក្នុងការជជែកដេញដោលលើកទី ៦ នេះផងដែរ។
សមាជិកគណបក្សប្រជាធិបតេយ្យផ្សេងទៀតដែលមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលលើកនេះ នៅបន្តធ្វើយុទ្ធនាការឃោសនា ដោយសង្ឃឹមថានឹងអាចនៅទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតនៅក្នុងរយៈពេល ៦ សប្ដាហ៍មុនពេលការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យដើម្បីតែងតាំងបេក្ខជនប្រធានាធិបតីរបស់ខ្លួនចូលមកដល់នៅក្នុងរដ្ឋ Iowa និងបន្ទាប់មកនៅក្នុងរដ្ឋ New Hampshire។
បេក្ខជនមួយរូបទៀតដែលប្រកាសបេក្ខភាពចូលរួមក្រោយគេនៅក្នុងការប្រជែងដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនេះគឺលោកមហាសេដ្ឋី Michael Bloomberg ដែលជាអតីតអភិបាលក្រុង New York។ លោក Bloomberg ចំណាយថវិកាផ្ទាល់ខ្លួនលើយុទ្ធនាការឃោសនាតាមកញ្ចក់ទូរទស្សន៍ដើម្បីឲ្យអ្នកបោះឆ្នោតកាន់តែស្គាល់លោកច្រើននៅក្នុងរដ្ឋ California៕