ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​១០​នាក់​ នឹង​​ជជែក​ដេញដោល​គ្នា​នៅ​យប់​ថ្ងៃពុធនេះ


រូបឯកសារ៖ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រជែង​គ្នា​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស នៅក្នុងការជជែក​ដេញដោលលើកទី៤។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រជែង​គ្នា​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស ​ដើម្បី​ទៅ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ មាន​ឱកាស​មួយ​ទៀត​ដើម្បី​បញ្ចេញ​សមត្ថភាព​ឲ្យ​លេច​ធ្លោ​ជាង​គេ​នៅ​ក្នុង​ការជជែក​ដេញដោល​គ្នា​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ នៅ​ទីក្រុង Atlanta រដ្ឋ Georgia ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​សហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍​នៅ​ក្នុង​ទីក្រុង Atlanta នេះ ​គឺ​ជា​ការ​ជជែក​ដេញដោល​គ្នា​លើក​ទី​៥ ចាប់​តាំង​ពី​ខែ​មិថុនា​មក។ ការ​ជជែក​ដេញ​ដោល​គ្នា​លើក​នេះ​មាន​បេក្ខជន​១០​នាក់​ចូលរួម ដែល​ក្នុង​នោះ​មាន​បេក្ខជន​បី​នាក់​លេចធ្លោ​ជាងគេ​នៅ​ក្នុង​ការ​ស្ទង់មតិ​សាធារណៈ ដែល​មាន​លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក លោកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា និង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា។

ការ​ស្ទង់មតិ​នា​ពេល​ថ្មីៗ​នេះ​ទៅ​លើ​អ្នក​ដែល​អាច​នឹង​ទៅ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Iowa និង​រដ្ឋ New Hampshire បង្ហាញ​ថា លោក Pete Buttigieg អភិបាល​ក្រុង South Bend រដ្ឋ Indiana ក៏​ជា​អ្នក​នាំ​មុខ​គេ​ម្នាក់​ផង​ដែរ។

រដ្ឋ​ទាំង​នោះ​មាន​លក្ខណៈ​ពិសេស​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នេះ​ថា​ជា​រដ្ឋ​សំខាន់ៗ ដោយសារ​តែ​ប្រជាពលរដ្ឋ​នឹង​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ជា​ផ្លូវការ​នៅ​ក្នុង​ការ​បោះឆ្នោត​តែ​ម្ដង ដោយ​ចាប់​ផ្ដើម​ពី​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ Iowa នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ និង​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ New Hampshire នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

បេក្ខជន​នីមួយៗ​នៅ​មាន​ពេល​១១​សប្ដាហ៍​ទៀត មុន​ពេល​ដែល​ការ​បោះឆ្នោត​ចាប់​ផ្ដើម​ ដើម្បី​បញ្ចុះបញ្ចូល​និង​បង្ហាញ​ដល់អ្នក​បោះឆ្នោត​ឲ្យ​ឃើញ​ថា​ពួកគេ​គឺ​ជា​បុគ្គល​ម្នាក់ ​ដែល​សាកសម​សម្រាប់​ទៅ​ប្រកួត​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០​ខាង​មុខ​នេះ។

ប្រធានបទ​នៅ​ក្នុង​ការ​ជជែក​ដេញដោល​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ជា​សាធារណៈ​ជា​មុន​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ការ​ជជែក​ដេញ​ដោល​គ្នា​នៅ​យប់​ថ្ងៃ​ពុធ​នេះ​គឺ​ជា​ការ​ជជែក​ដេញ​ដោល​គ្នា​ជា​លើក​ទីមួយ​ ចាប់​តាំង​ពី​រដ្ឋសភា​អាមេរិក​ចាប់​ផ្ដើម​បើក​សវនាការ​ស៊ើបអង្កេត​ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​ការ​ចោទប្រកាន់​ចំពោះ​លោក​ប្រធានាធិបតី​ ត្រាំ ដែល​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​លោក Biden គេ​អាច​នឹង​ជជែក​ដេញ​ដោល​គ្នាអំពី​រឿង​នេះ។ អ្នក​សម្របសម្រួល​ការ​ជជែក​ដេញដោល​គ្នា​កាល​ពី​លើក​មុន​បាន​សួរ​បេក្ខជន​នីមួយៗអំពី​បញ្ហា​អន្តោប្រវេសន៍ ការ​ថែទាំ​សុខភាព ទំនាក់ទំនង​ការបរទេស ពាណិជ្ជកម្ម ការ​គ្រប់គ្រង​កាំភ្លើង និង​វិសមភាព​ជាតិសាសន៍​។

លោក Corey Booker ដែល​ជា​សមាជិក​ព្រឹទ្ធសភា លោកស្រី Tulsi Gabbard ដែល​ជា​សមាជិក​រដ្ឋសភា លោកស្រី Kamala Harris ដែល​ជា​សមាជិក​ព្រឹទ្ធសភា លោកស្រី Amy Klobuchar ដែល​ជា​សមាជិក​ព្រឹទ្ធសភា លោក Tom Steyer ដែល​ជា​មហាសេដ្ឋី​ប្រាប់​រាប់​ពាន់​លាន​ដុល្លារ និង​លោក Andrew Yang ដែល​ជា​សហគ្រិន គឺ​ជា​អ្នក​ដែល​ត្រូវ​ចូលរួម​ជជែក​ដេញដោល​គ្នា​នៅ​ក្នុង​យប់​នេះ។

អ្នក​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ត្រូវ​មាន​អ្នក​បរិច្ចាគ​ប្រាក់​ចំនួន​១សែន​៦ម៉ឺន​៥​ពាន់​នាក់ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ហោច​ណាស់​ចំនួន​៣%​នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ចំនួន​បួន​ដង ឬ​ទទួល​បាន​ការ​គាំទ្រ​ចំនួន​៥% នៅ​ក្នុង​ការ​ស្ទង់មតិ​នៅ​ក្នុង​ការ​រដ្ឋ​ដែល​បោះឆ្នោត​មុន​គេ​ចំនួន​ពីរ។ ​

លក្ខខណ្ឌ​នេះ​កាន់​តែ​តឹងរ៉ឹង ខណៈ​ដែល​ដំណើរការ​នេះ​បន្ដ​ទៅ​មុខ ហើយ​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​បាន​ធ្លាក់​ចុះ​ពី​១២​នាក់​នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​លើក​ចុងក្រោយ​កាល​ពី​ខែ​តុលា មក​នៅ​ត្រឹម​១០​នាក់ ដោយសារ​តែ​លោក Beto O'Rourke អតីត​សមាជិក​រដ្ឋសភា បោះបង់​ចោល​ការ​ប្រកួតប្រជែង​នេះ ហើយ​លោក Julian Castro ដែល​ជា​អតីត​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង មិន​បាន​ទទួល​ការ​គាំទ្រ​តាម​ចំនួន​កំណត់​ដើម្បី​បន្ត​ទៅ​មុខ​ទៀត។

បេក្ខជន​នីមួយៗ​នឹង​ត្រូវ​ការ​អ្នកគាំទ្រ​ចំនួន​២សែន​នាក់ ហើយ​និង​ការ​គាំទ្រ​ចំនួន​៤%​នៅ​ក្នុង​ការ​ស្ទង់​មតិ​ជាតិ ឬ​ការ​គាំទ្រ​ចំនួន​៦%​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋដំបូងៗ ដើម្បី​អាច​បន្ដ​ទៅ​ជជែក​ដេញដោល​គ្នា​នៅ​ខែ​ធ្នូ​បន្ត​ទៀត។

ទោះ​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​ធ្លាប់​ប្រកួត​តែ​ម្ដង បោះបង់​ចោល​ការ​ប្រកួតប្រជែង​ដោយសារ​តែ​ខ្វះ​ការ​គាំទ្រ​ឬ​ប្រាក់​បរិច្ចាគ​ក៏​ដោយ ក៏​បេក្ខជន​ផ្សេង​ទៀត​នៅ​តែ​ចង់​ប្រកួតប្រជែង​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស។ លោក Deval Patrick អតីត​អភិបាល​រដ្ឋ Massachusetts បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា លោក​នឹង​ចូលរួម​ការ​ប្រកួតប្រជែង​នេះ។ ចំណែក​ឯ​លោក Michael Bloomberg អតីត​អភិបាល​ក្រុង New York ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​នេះ៕ ​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG