ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un ទៅ​ដល់​រុស្ស៊ី​ជួប​លោក Putin


រូបថត​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​​មជ្ឈិម​កូរ៉េខាងជើង ​(KCNA) បង្ហាញ​មេដឹកនាំ​កូរ៉េខាង​ជើង លោក Kim Jong Un បក់​ដៃ ខណៈ​លោក​ឡើង​រថភ្លើង​ចេញ​ពី​រដ្ឋធានី​ព្យុងយ៉ាង​ទៅ​កាន់​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣។ (AFP photo/KCNA VIA KNS)
រូបថត​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​​មជ្ឈិម​កូរ៉េខាងជើង ​(KCNA) បង្ហាញ​មេដឹកនាំ​កូរ៉េខាង​ជើង លោក Kim Jong Un បក់​ដៃ ខណៈ​លោក​ឡើង​រថភ្លើង​ចេញ​ពី​រដ្ឋធានី​ព្យុងយ៉ាង​ទៅ​កាន់​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣។ (AFP photo/KCNA VIA KNS)

មេ​ដឹកនាំ​កូរ៉េ​ខាងជើងលោក​ Kim Jong Un ​បាន​ទៅ​ដល់ប្រទេស​រុស្ស៊ីនៅ​ថ្ងៃ​អង្គារ​នេះ​ ​ដើម្បី​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ ដែល​គេ​រំពឹង​ថា​ នឹង​ផ្តល់​ការ​គាំទ្រឱ្យ​គ្នា​ទៅវិញ​ទៅមក​ ក្នុង​ការប្រឆាំង​ទប់ទល់​ជាមួយ​ប្រទេស​លោក​ខាង​លិច។ នេះ​បើ​យោង​លើ​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។ ​

មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះ មាន​បំណង​ស្វែង​រកជំនួយ​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​យោធា​ពីប្រទេស​រុស្ស៊ី​ ​ហើយ​ជា​ថ្នូរ​ត្រឡប់​វិញ​ គឺផ្តល់​ឱ្យ​រុស្ស៊ី​នូវ​គ្រាប់រំសេវ​ ដើម្បី​ប្រើ​ប្រាស់​ក្នុង​សង្គ្រាមនៅ​អ៊ុយក្រែន។​

ក្រោយ​ពេល​ជា​ច្រើន​ទសវត្សរ៍​នៃ​ទំនាក់ទំនង​ ដែល​មាន​ទាំង​ល្អ​និង​អាក្រក់​ផង​នោះ​ ប្រទេស​រុស្ស៊ី​និង​កូរ៉េខាងជើង​ បាន​ងាក​រក​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ ចាប់តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែនក្នុង​ឆ្នាំ​២០២២​មក។​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរមាន​លក្ខណៈ​កាន់​តែ​ប្រសើរ ដោយ​លោក​ Putin ត្រូវ​ការជំនួយផ្គត់ផ្គង់​សម្រាប់​ការ​ធ្វើ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​លោក​ Kim កំពុង​ខ្នះខ្នែងក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​និងក្រុង​ប៉េកាំង​ ដែល​ជា​សម្ព័ន្ធមិត្តដ៏​យូរអង្វែងរបស់​ខ្លួន ស្រប​ពេល​ដែល​លោក​កំពុង​ព្យាយាម​ងាក​ចេញ​ពី​ភាព​ឯកោនៃ​ទំនាក់ទំនង​ការទូត។​

​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េខាង​ជើង​ បាន​ផ្សព្វផ្សាយ​ថា​ លោក​ Kim បាន​ជិះ​រថភ្លើង​ផ្ទាល់​ខ្លួនរបស់​លោកទៅ​កាន់​ប្រទេស​រុស្ស៊ី​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ដោយ​មាន​ការ​អម ដំណើរ​ពីក្រុម​សមាជិក​នៃ​គណបក្ស​កាន់​អំណាច មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុមមន្ត្រី​យោធា​កូរ៉េខាង​ជើង​ផង​ដែរ។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ គេ​មិន​បាន​ដឹង​ពី​កន្លែង​ជាក់​លាក់​ណា​មួយ​ ដែល​លោក​ Kim នឹង​មក​ដល់ក្នុង​ប្រទេស​រុស្ស៊ី​នោះ​ឡើយ។​ ​ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា​ ​លោក​Kim និង​លោក​ Putin​ ​អាច​នឹង​ជួប​ប្រជុំគ្នាក្នុង​ទីក្រុង​ Vladisvostok របស់​រុស្ស៊ី​ ដែលស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​កូរ៉េខាង​ជើង​ ដែល​ជា​ទី​តាំង​ដែល​មេដឹកនាំ​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ម្ដង​រួច​មក​ហើយ​កាល​ពីឆ្នាំ​២០១៩​នោះ ហើយ​ក៏​ជា​ទី​ក្រុង​ដែល​លោក ​Putin ត្រូវ​ទៅ​ធ្វើ​ទស្សនកិច្ចនៅ​សប្ដាហ៍​នេះ​ ដើម្បី​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​ផង​ដែរ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG