អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការអ្វីក៏ដោយខាងវិស័យការពារប្រទេសរវាងប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង។
លោក Kirby បានថ្លែងថាសហរដ្ឋអាមេរិកកំពុងតែឃ្លាំមើលយ៉ាងប្រយ័ត្នប្រយែងចំពោះការទាក់ទងគ្នារវាងរដ្ឋាភិបាលទីក្រុងមូស្គូនិងព្យុងយ៉ាង។
លោកថ្លែងថា៖ «គ្មានប្រទេសណាមួយ គ្មាននណាម្នាក់ គួរជួយលោក Putin សម្លាប់ពលរដ្ឋអ៊ុយក្រែនស្លូតត្រង់ទេ។ ហើយបើសិនជាពួកគេសម្រេចបង្កើតកិច្ចព្រមព្រៀងលក់ដូរអាវុធណាមួយនោះ យើងច្បាស់ជានឹងចាត់វិធានការ ដើម្បីឆ្លើយតបយ៉ាងសមស្រប»។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅកន្លែងបង្ហោះយានអវកាសទំនើបបំផុតរបស់រុស្ស៊ី ទោះជាមានការព្រមានពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប្រឆាំងនឹងលទ្ធភាពនៃការផ្ទេរអាវុធណាមួយក៏ដោយ។
លោក Kim បានសន្យាគាំទ្រយ៉ាងពេញទំហឹងនិងដោយគ្មានលក្ខខណ្ឌ នូវសេចក្តីសម្រេចទាំងអស់របស់លោក Putin ដែលជាការនិយាយសំដៅទៅលើសង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងការពិភាក្សាគ្នា នៅកន្លែងបង្ហោះយានអវកាស Vostochny Cosmodrome ដែលស្ថិតនៅចុងភាគបូព៌ានៃប្រទេសរុស្ស៊ី ក្បែរទល់ដែនចិន។
លោក Kim ក៏បានអញ្ជើញលោក Putin ឱ្យទៅទស្សនាប្រទេសកូរ៉េខាងជើងដែរ ហើយលោក Putin បានយល់ព្រម។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញផ្សាយព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង។
កាលពីពេលមុននេះ សេចក្តីរាយការណ៍ព័ត៌មានមួយចំនួន បានដកស្រង់សម្តីរបស់ក្រុមមន្ត្រីបស្ចិមប្រទេសខ្លះដោយមិនបញ្ចេញឈ្មោះ ដែលបាននិយាយថា រុស្ស៊ីសង្ឃឹមថានឹងទទួលបានគ្រាប់កាំភ្លើងរបស់កូរ៉េខាងជើងសម្រាប់យកទៅប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ចំណែកក្រុងព្យុងយ៉ាងវិញ ហាក់ដូចជាចង់បានបច្ចេកវិទ្យាទំនើប សម្រាប់ផ្កាយរណប និងនាវាមុជទឹកដែលប្រើប្រាស់ថាមពលនុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងជំនួយស្បៀងអាហារពីរដ្ឋាភិបាលក្រុងមូស្គូ៕
លោក Lee Juhyun បានចូលរួមផ្តល់ព័ត៌មានដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានមួយចំនួនដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Associated Press និង Reuters ។