ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្តន្ទាទោស និង​ចាប់​ខ្លួន​សកម្មជន​ជា​សញ្ញា​បង្ហាញ​ថា ចិន​បន្ត​​ធ្វើ​ការ​បង្រ្កោប​ដោយ​មិនថមថយ


រូបឯកសារ៖ ប៉ូលិសម្នាក់ដើរកាត់បដាបង្ហាញរូបសកម្មជនដែលត្រូវបានបិទជាប់នឹងរបងការិយាល័យទំនាក់ទំនងចិនដីគោក នៅក្រុងហុងកុង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិសម្នាក់ដើរកាត់បដាបង្ហាញរូបសកម្មជនដែលត្រូវបានបិទជាប់នឹងរបងការិយាល័យទំនាក់ទំនងចិនដីគោក នៅក្រុងហុងកុង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​កាត់ទោស​អ្នកសរសរ​ប្លុក និង​ការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ជើង​ចាស់​ម្នាក់​នៅ​ប្រទេស​ចិន​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុងប៉េកាំង​ប្តេជ្ញា​បន្ត​បំបិទ​សំឡេង​អ្នករិះគន់​បក្ស​កុម្មុយនីស្ត​ដឹកនាំ​ប្រទេស និង​រដ្ឋាភិបាល។

អ្នកស្រី Liu Yanli ដែល​ជា​អ្នកសរសេរ​ប្លុក​ម្នាក់​នៅ​ខេត្ត​ហ៊ូបៃ​ប្រទេស​ចិន ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ ដោយ​តុលាការ​ក្នុង​ស្រុក​ ពី​បទ​ឧក្រិដ្ឋ​ញុះញង់។ ឯកសារ​ពី​តុលាការ​បង្ហាញ​ថា អ្នកស្រី​មាន​ទោស​ពី «បទ​បង្ក​ជម្លោះ​និង​នាំ​ឲ្យ​មាន​បញ្ហា» ហើយ​ថា ការ​ថ្លែង​របស់​អ្នកស្រី​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​អំពី​អតីត​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន និង​មេដឹកនាំ​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល។

មួយ​សប្តាហ៍​បន្ទាប់​មក​ ប៉ូលិស​បានចាប់​ខ្លួន​សកម្មជន​ លោក Xie Wenfei ពី​បទ «បង្ក​បញ្ហា» ដូចគ្នា។ លោក Xie ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ចិន បាន​រិះគន់​ការ​បាត់ខ្លួន​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ និង​សកម្មជន​សិទ្ធិមនុស្ស​ ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បង្ហោះ​ព័ត៌មាន​អំពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩។

អ្នកសរសេរ​ប្លុក​អ្នកស្រី Liu Yanli

សាលក្រម​មួយ​ដែល​ចេញ​ដោយ​តុលាការ​បាន​លើកឡើង​ថា អ្នកស្រី Liu Yanli បានផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​លើ​កម្មវីធី​ផ្ញើសារ​តាម​ទូរស័ព្ទ​ ដើម្បី​វាយប្រហារ​ទៅ​លើ​បក្ស​កុម្មុយនីស្ត​ និង​មេដឹកនាំ​ចិន ​ហើយ​ថា អាកប្បកិរិយា​របស់​អ្នកស្រី​គឺ​ ស្មើ​នឹង​បទឧក្រិដ្ឋ​ញុះញង់។

​អ្នកស្រី​ Liu មាន​ភាព​សកម្ម​នៅ​តាម​បណ្តាញ​សង្គម​ចិន​ចាប់តាំង​ពី​ឆ្នាំ ២០០៩ មក ដោយអ្នកស្រី​បាន​ធ្វើ​ការ​អធិប្បាយ​ពាក់ព័ន្ធ​នឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​នយោបាយ។ អ្នកស្រី​បាន​ចែកចាយ​អត្ថបទ​ផ្សេងៗ​តាម​បណ្តាញ​សង្គម WeChat អំពី​ប្រធានាធិបតី​ចិន​លោក Xi Jinping អតីត​នាយករដ្ឋមន្រ្តី​លោក Zhou Enlai និងលោក​ប្រធាន ម៉ៅ សេទុង ផងដែរ។ អ្នកស្រី​ក៏​បាន​សរសេរ​ប្លុក​ដែល​តែងតែ​រិះគន់​ទៅលើ​រដ្ឋាភិបាល​ និង​ប៉ូលិស​ផងដែរ។ ​

​ប៉ូលិសបាន​បំពាន​លើ​អ្នកស្រី​ម្តង​ហើយ​ម្តង​ទៀត​ពាក់ព័ន្ធនឹង​ការ​បង្ហោះសារ​របស់​អ្នកស្រី។​

មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី​ Liu ដែល​ក៏​ជា​សាច់ញាតិ​របស់​អ្នកស្រី​ផង បាន​និយាយ​ថា ការ​ប្រព្រឹត្ត​ដាក់​អ្នកស្រី​គឺ​ដូច​ទៅ​នឹង​ការ​ចាប់​ដាក់​ឃុំខ្លួន​ប្រជាជន​ក្នុង​អំឡុងពេល​បដិវត្តន៍​វប្បធម៌អីចឹង​ ពី​ព្រោះ​បទ​ចោទ​ប្រកាន់​ទាំងអស់​គឺ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​អ្នកស្រី​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​គួរ​តែ​ត្រូវ​បាន​ការពារ​ដោយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិយោបល់​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ចិន។

មាត្រា​ទី​ ៣៥ នៃ​រដ្ឋធម្មនុញ្ញ​ចិន​ចែង​ថា៖ «ពលរដ្ឋ​នៃ​សារធារណរដ្ឋប្រជាមានិត​ចិនត្រូវ​ទទួល​បាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន សេរីភាព​ក្នុង​ការ​ប្រមូលផ្តុំ ការ​ដង្ហែក្បួន និង​ការ​ធ្វើ​បាតុកម្ម»។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​មាន​អំណាច​តិចតួច​នៅ​ក្នុង​តុលាការ​ចិន ដែល​ចៅក្រម​តែងតែ​ចេញ​សេចក្តីសម្រេច​ស្រប​ជាមួយ​នឹង​ការ​ចង់បាន​របស់​បក្ស​កុម្មុយនីស្ត​។​

​ប្អូន​ស្រី​របស់​អ្នកស្រី Liu Yanli ឈ្មោះ Liu Yuehua បាន​ប្រាប់ VOA ថា៖ «យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​គាត់​ទេ ចាប់​តាំង​ពី​គាត់​ត្រូវ​បាន​ដាក់​ឃុំ​នៅ​ខែ​មករា​មក។ ខ្ញុំ​ជឿ​ថា គាត់​គ្មាន​កំហុស​ទេ។ ដរាបណា​គាត់​មិន​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​រហូត​ដល់​ឆ្កួត យើង​នឹង​បន្ត​ធ្វើ​ការ​ប្តឹង​ជំទាស់»។

អ្នកស្រី​ Liu បាន​បង្ហាញ​មុខលើកចុង​ក្រោយ​នៅ​ក្នុង​តុលាការ​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៩។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​របស់​អ្នកស្រី អ្នកស្រី​បាន​និយាយ​ថា នេះ​មិនមាន​រឿងក្តី​ផ្លូវ​ច្បាប់​នោះ​ទេ ប៉ុន្តែ​ជា​រឿងក្តី​ពាក់ព័ន្ធ​នឹង​នយោបាយ។

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​គ្រាន់​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់។ ខ្ញុំ​មិនមែន​ជា​សមាជិក​បក្ស​ទេ។ ខ្ញុំ​ប្រើ​ហេតុផល​តាម​ការ​ពិត​ដើម្បី​បញ្ចេញ​មតិ​របស់​ខ្ញុំ ប៉ុន្តែ​នៅ​ពេល​នេះ​ ខ្ញុំ​កំពុង​តែ​ប្រឈមមុខ​នឹង​សាលក្រម​ថា ខ្ញុំ​មាន​ទោស។ ខ្ញុំ​គិត​ថា នេះ​គឺ​មិន​សមស្រប​ជាមួយ​នឹង​ពាក្យ​ស្លោក​របស់​បក្ស​កុម្មុយនីស្ត​ដែល​ថា «បម្រើ​ប្រជាជន​» នោះ​ទេ»។

អ្នកស្រី​ក៏​បាន​លើកឡើង​ពី​សម័យ​កាលបដិវត្តន៍​វប្បធម៌ ដែល​ជា​ទសវត្សរ៍​មួយ​នៅ​ប្រទេស​ចិន នៅ​ពេល​ដែល​វិស័យ​អប់រំ​ជាប់​គាំង ហើយ​សង្គម​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ការ​រីកសាយភាយ​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នយោបាយ។

អ្នកស្រី​បាន​និយាយ​ថា៖ «អំឡុងពេល​បដិវត្តន៍​វប្បធម៌​ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​នរណា​ម្នាក់​រងទុក្ខ អ្នក​គ្រាន់​តែ​និយាយ​ថា បុគ្គល​នោះ​ប្រឆាំង​នឹង​បក្ស​កុម្មុយនីស្ត​ទៅ​បាន​ហើយ»។

មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី Liu លោក Wu Kuiming បាន​ប្រាប់ VOA ថា បទ​ចោទ​ប្រកាន់​ចំនួន ២៩​ ដែល​ត្រូវ​បាន​ចុះនៅ​ក្នុង​ដីកា​កោះ​ហៅ​គឺ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​អ្នកស្រី​ Liu នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងអស់ ដោយ​លោក​បាន​ចង្អុល​បង្ហាញ​ថា ករណី​នេះ​គឺ​ស្រដៀង​ទៅ​នឹង​ករណី​របស់លោក Lin Zhao និង​លោក​ Zhang Zhixin ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅអំឡុងពេល​បដិវត្តន៍​វប្បធម៌ ដោយសារ​តែ​ការលើក​ឡើង​របស់​ពួកគេ «ប្រឆាំង​នឹង​បដិវត្តន៍»។

សកម្មជន​ជើង​ចាស់​លោក Xie Wenfei

នៅ​ស្រប​ពេល​ដូចគ្នា​នេះ​ដែរ ប៉ូលិស​ក៏​បាន​ឃុំ​ខ្លួន​សកម្មជន​លោក Xie Wenfei កាល​ពី​ថ្ងៃទី២៩ ខែ​មេសា​ផង​ដែរ ពាក់ព័ន្ធ​នឹង «ការ​បង្ក​ជម្លោះ និង​ការ​នាំ​ឲ្យ​មានបញ្ហា»។

លោក​ Xie គឺ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ជើង​ចាស់​មួយ​រូប​នៅ​ខេត្ត​ Hunan ប្រទេស​ចិន។ នា​ពេល​ថ្មីៗ​នេះ លោក​បាន​ធ្វើការ​រិះគន់​ទៅ​លើ​ការ​ឃុំខ្លួន​អ្នកស្ម័គ្រចិត្ត​វ័យក្មេង​ចំនួន​បី​នាក់ ដែលពួកគេ​បាន​រក្សា​ទុក​ជា​ឯកសារ​នូវ​ព័ត៌មាន​បិទបាំង​អំពី​ជំងឺ​កូវីដ​១៩ នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បាន​ធ្វើ​ការ​ចោទសួរ​អំពី​ការ​បាត់ខ្លួន​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋពីរ​នាក់​នៅ​ក្រុង​វូហាន​គឺ​លោក Chen Qiushi និង​លោក Fang Bing។ លោក​ Xie ក៏​បា​ន​ចុះ​ហត្ថលេខាង​លើ​ញ្ញត្តិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​អំពី​លោក​វេជ្ជបណ្ឌិត Li Wenliang ដែល​បាន​ទម្លាយ​រឿង​សម្ងាត់​ពី​ជំងឺ​កូវីដ១៩​ផងដែរ។

​ប្អូន​ប្រុស​របស់​លោក​ ឈ្មោះ Xie Qiufeng បាន​ប្រាប់ VOA ថា៖ «នេះ​មិនមែន​ការ​ចាប់​ខ្លួន​គាត់​ជា​លើក​ដំបូង​នោះ​ទេ។ ប៉ូលិស​មិន​បាន​ប្រាប់​ខ្ញុំ​លម្អិត​នោះ​ទេ​ថា ហេតុអ្វី។ ខ្ញុំ​គិត​ថា វា​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​គាត់​បាន​បង្ហោះ​នៅ​លើ​បណ្តាញសង្គម WeChat ទៀត​ហើយ»។

​កើត​នៅ​ក្នុង​ឆ្នាំ ១៩៧៧ លោក Xie Yunfei គឺ​ជា​សកម្មជន​ជើង​ចាស់​ម្នាក់ ដែល​ត្រូវ​បាន​រង​ការ​ឃុំខ្លួន​ជា​ច្រើន​ដង​មក​ហើយ​ចំពោះការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​ការ​ប្រមូលផ្តុំ​អហិង្សា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ លោកធ្លាប់​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ ៤​ឆ្នាំ​កន្លះដោយសារ​ការ​គាំទ្រ​ចលនា​ Occupy Central នៅ​ក្រុង​ហុងកុង កាល​ពី​ឆ្នាំ​២០១៤។

​មិត្តភក្តិ​របស់​លោក​ Xie ឈ្មោះ Ou Biaofeng ដែល​ជា​សកម្មជន​ដូចគ្នា​ បាន​ប្រាប់ VOA ថា ការ​ចាប់​ខ្លួន​លោក Xie មិន​បាន​ធ្វើ​ឲ្យលោក​ភ្ញាក់ផ្អើល​នោះ​ទេ។​

លោក Ou បាន​និយាយ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​កាត់​បន្ថយសេរីភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​រឹតត្បិត​ទៅ​លើ​មេធាវី​ការពារ​សិទ្ធិមនុស្ស សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ និង​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ។ លោក​បាន​បន្ថែម​ថា នរណា​ម្នាក់​ដែល​ហ៊ាន​បញ្ចេញ​គំនិត​រាង​ខុស​ប្លែក​បន្តិច​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នឹង​ត្រូវ​គេ​បិទ​គណនី​ប្រើប្រាស់ភ្លាមៗ។ ​

​លោក​បាន​និយាយ​ថា៖ «ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ចិន​បាន​ជាប់​គាំង ដោយ​សារ​តែ​ការ​បង្រ្កាប​នេះ»។

លោក​បាន​បន្ត​ថា៖ «សម្ពាធ​គឺ​ធំណាស់។ លើស​ពី​នេះ​ទៀត នៅ​ក្នុង​រយៈពេល​មួយ​ ឬ​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ មាន​ការ​គាំទ្រ​ចលនា​ជនស៊ីវិល​កាន់​តែ​តិច​ទៅៗ។ វា​ពិត​ជារឿង​គួរ​ឲ្យ​សោកសៅ»។

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ ដែល​ជា​អង្គការ​គាំទ្រ​សេរីភាព​សារព័ត៌មាន​ បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​ចិន​កៀក​នឹង​បាត​តារាង​នៃ​សន្ទស្សន៍​សេរីភាព​នៅ​ក្នុង​ឆ្នាំ២០២០។ អង្គការ​នេះ​បាន​និយាយ​ថា លោក​ប្រធានាធិបតី​ Xi កំពុង​តែ​រឹតបន្តឹង​ការ​គ្រប់គ្រង​លើ​ព័ត៌មាន និង​ព្យាយាម​ប្រើប្រាស់​ប្រព័ន្ធ​តាមដាន​បែប​ផ្តាច់ការ​នៅ​ក្នុង​ប្រទេស​ចិន៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG