សេដ្ឋកិច្ចប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងបង្អស់តាំងពីឆ្នាំ ២០១៥ មក នៅពេលដែលវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស និងនៅបរទេសរាំងស្ទះយ៉ាងខ្លាំង។
តួលេខដែលការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុនបានចេញផ្សាយនៅថ្ងៃច័ន្ទនេះបង្ហាញថា ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសជប៉ុន បានធ្លាក់ចុះប្រចាំឆ្នាំចំនួន ៣,៤% នៅក្នុងពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ នេះ បន្ទាប់ពីបានធ្លាក់ចុះនៅចុងត្រីមាសឆ្នាំ ២០១៩ ដោយធ្វើឲ្យសេដ្ឋកិច្ចប្រទេសជប៉ុនធ្លាក់ចុះ ដោយសារដំណើរការសេដ្ឋកិច្ចបានរាំងស្ទះ ២ ត្រីមាសជាប់ៗគ្នា។
ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចជប៉ុនដែលកំពុងតែមានការប្រឈមរួចស្រេចទៅហើយនោះ កាន់តែធ្ងន់ធ្ងរជាងមុន។ កន្លងមក សេដ្ឋកិច្ចជប៉ុនបានប្រឈមនឹងផលប៉ះពាល់នៃការកើនឡើងនូវពន្ធលើការលក់ និងខ្យល់ព្យុះទីហ្វុងដ៏មានតទ្ធិពលមួយ។
ជប៉ុនបានរងផលប៉ះពាល់តិចតួចដោយសារជំងឺកូវីដ១៩ បើប្រៀបទៅនឹងប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដោយមានករណីឆ្លងជំងឺនេះជាង ១ ម៉ឺន ៦ ពាន់នាក់ ដែលក្នុងនោះមានករណីស្លាប់ជាង ៧ រយនាក់។
ប៉ុន្តែ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានដាក់ទីក្រុងតូក្យូ និងអាណាខេត្ត ៦ ផ្សេងទៀត ឲ្យស្ថិតក្នុងស្ថានការណ៍អាសន្នកាលពីខែមុន ដោយសារមានការភ័យខ្លាចថា ការឆ្លងរាលដាលជំងឺកូវីដ១៩ នេះ អាចធ្វើឲ្យប្រព័ន្ធសុខាភិបាលជប៉ុនហួសសមត្ថភាពដែលអាចធ្វើបាន។ ក្រោយមក ស្នានការណ៍អាសន្ននេះត្រូវបានពង្រីកបន្ដិចម្ដងៗរហូតដល់ទូទាំងប្រទេស។
រដ្ឋាភិបាលជប៉ុនបានប្រកាសអំពីសំណើច្បាប់ជំនួយសេដ្ឋកិច្ចក្នុងទឹកប្រាក់ ៩៩០ ពាន់លានដុល្លារអាមេរិក ដើម្បីជួយសេដ្ឋកិច្ចដែលធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ១៩ នេះ ដោយក្នុងនោះ ទឹកប្រាក់ចំនួន ៥៥ ពាន់លានដុល្លារ គឺសម្រាប់ប្រគល់ជូនដោយផ្ទាល់ដល់ក្រុមគ្រួសារ និងអាជីវកម្មនានា៕