សេចក្ដីសង្ខេបស្ដីពីគោលនយោបាយមួយរបស់អង្គការសហប្រជាជាតិ ដែលមានចំណងជើងថា៖ «កូវីដ១៩ និងតម្រូវការចាំបាច់ក្នុងការចាត់វិធានការការពារសុខភាពផ្លូវចិត្ត» ដែលចេញផ្សាយដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញពីបញ្ហាដែលកើតមានឡើង ដោយសារវិបត្តិនេះ និងផ្ដល់ជូននូវអនុសាសន៍មួយចំនួន។
ការស្ទង់មតិថ្នាក់ជាតិមួយចំនួនដែលបានធ្វើឡើងនៅក្នុងឆ្នាំនេះ បង្ហាញពីការកើនឡើងនូវភាពតានតឹងក្នុងចំណោមប្រជាពលរដ្ឋ ដែលក្នុងនោះ មានរហូតដល់ ៣៥% ក្នុងប្រទេសចិន ៦០% នៅក្នុងប្រទេសអ៊ីរ៉ង់ និង ៤៥% នៅសហរដ្ឋអាមេរិក។ ការស្រាវជ្រាវស្រដៀងគ្នានេះដែរក្នុងចំណោមបុគ្គលិកផ្នែកសុខាភិបាល បានរកឃើញថា កម្រិតនៃភាពតានតឹងនេះបានកើនឡើងជាមធ្យមចំនួន ៤៥% នៅក្នុងប្រទេសកាណាដា ចិន និងប៉ាគីស្ថាន។
អ្នកស្រី Devora Kestel គឺជានាយកផ្នែកសុខភាពផ្លូវចិត្ត និងការប្រើប្រាស់ថ្នាំ នៃអង្គការសុខភាពពិភពលោក។ អ្នកស្រីនិយាយថា វិធានការត្រូវតែធ្វើឡើងក្នុងពេលនេះ ដើម្បីការពារ និងលើកកម្ពស់ការថែទាំសុខភាពផ្លូវចិត្តសម្រាប់ស្ថានភាពដែលមានស្រាប់ដូចនេះ។
អ្នកស្រី Kestel បាននិយាយថា៖ «នេះគឺជាអ្វីដែលចាំបាច់ត្រូវធ្វើក្នុងអំឡុងពេលមានវិបត្តិនេះ ដូច្នេះយើងអាចការពារកុំឲ្យរឿងនេះកាន់តែអាក្រក់ទៅ នៅពេលអនាគតដ៏ខ្លីខាងមុខ...។ នៅគ្រប់ប្រទសទាំងអស់ក្នុងពិភពលោក យើងកំពុងតែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ដែលនឹងប៉ះពាល់ដល់ប្រជាជន»។
អ្នកស្រី Kestel និយាយថា បញ្ហាសុខភាពផ្លូវចិត្ត បានកើនឡើងក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចស្រដៀងគ្នានេះដែរកាលពីអតីតកាល ដែលបង្កឲ្យមានអត្រានៃការធ្វើអត្តឃាតខ្ពស់។
អនុសាសន៍ចម្បងមួយនៅក្នុងសេចក្ដីសង្ខេបគោលនយោបាយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិគឺធានាឲ្យមានយ៉ាងទូលំទូលាយនូវការផ្ដល់សេវាថែទាំសុខភាពផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្ត ក្នុងស្ថានការណ៍អាសន្ននានា។
អ្វីដែលអាចទំនងជាធ្វើបាននៅក្នុងប្រទេសអភិវឌ្ឍន៍ ប្រហែលជាមិនអាចទៅរួចទេនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ តួយ៉ាង អង្គការសុខភាពពិភពលោកកត់សម្គាល់ថា មនុស្សម្នាក់ក្នុងចំណោម ៥ នាក់នៅក្នុងប្រទេសស៊ូដង់ខាងត្បូងមានបញ្ហាផ្លូវចិត្ត ដែលនៅទីនោះមានអ្នកជំនាញ [ខាងសុខភាពផ្លូវចិត្តនេះ] តែម្នាក់ប៉ុណ្ណោះសម្រាប់ព្យាបាលមនុស្ស ៤ លាននាក់ទូទាំងប្រទេស។
អ្នកស្រី Kestel ប្រាប់ VOA ថា អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារផ្សេងៗទៀត បានធ្វើការងារនេះអស់រយៈពេលរាប់ឆ្នាំមកហើយ ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមការងារដែលមិនមែនជាអ្នកផ្ដល់សេវាសុខភាពផ្លូវចិត្ត ឲ្យធ្វើការថែទាំ និងព្យាបាលអ្នកជំងឺ។
អ្នកស្រី Kestel បាននិយាយថា៖ «យើងកំពុងលើកកម្ពស់ភាពជាគំរូក្នុងសហគមន៍ ដែលមេដឹកនាំសហគមន៍ខ្លះ ឬក៏ផ្នែកខ្លះនៅក្នុងសហគមន៍ ដូចជាគ្រូឱសថបូរាណជាដើម ក្នុងបរិបទខ្លះ អាចទទួលបានចំណេះដឹង និងការបណ្ដុះបណ្ដាលមូលដ្ឋាន ដែលពួកគេត្រូវការ ដើម្បីផ្ដល់ការព្យាបាលដល់អ្នកជំងឺ»។
អង្គការសហប្រជាជាតិបានឲ្យដឹងថា របួសផ្លូវចិត្តនឹងនៅតែបន្តកើតឡើង ក្រោយពេលវិបត្តិជំងឺកូវីដ១៩ ដែលជាជំងឺដែលបង្កឡើងដោយវ៉ីរុសកូរ៉ូណានេះ បញ្ចប់ទៅ។ អង្គការសហប្រជាជាតិបានជំរុញឲ្យប្រទេសទាំងអស់កែទម្រង់ ពង្រឹង និងវិនិយោគថវិកាបន្ថែមទៀតទៅក្នុងប្រព័ន្ធថែទាំសុខភាពផ្លូវចិត្ត។ អង្គការនេះក៏បានឲ្យដឹងផងដែរថា សេវាទាំងនេះនឹងត្រូវការចាំបាច់ដើម្បីទ្រទ្រង់ដល់សង្គមជាតិនីមួយៗ នៅពេលដែលពួកគេងើបឡើងពីព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ ដែលបានកែប្រែជីវិតរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោកនេះ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា