មន្ត្រីជាន់ខ្ពស់នៅក្រសួងបរិស្ថាន និងក្រសួងកសិកម្មបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារថែរក្សាត្រីជិតផុតពូជ ដែលបានលែងទៅក្នុងទន្លេនៅទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ ដើម្បីធានាឲ្យបាននូវកំណើនពូជត្រីដែលជិតបាត់បង់នេះ។
ពូជត្រីដែលជិតបាត់បង់នៅកម្ពុជា ហើយដែលត្រូវបានលែងទៅក្នុងទន្លេចតុមុខ កាលពីខែមករា ឆ្នាំ២០២៣ នេះ មានពូជត្រីរាជ ត្រីគល់រាំង និងត្រីប្រាទន្លេ។ ការលែងពូជត្រីកម្រទាំងនេះធ្វើឡើងក្រោមគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់វីអូអេកាលពីសប្តាហ៍មុនថា ត្រីដែលលែងទៅក្នុងទឹកនោះនឹងមានជីវិតរស់នៅដោយគ្មានការរំខានក្នុងទន្លេមេគង្គ ដោយសារមានការដាក់ឧបករណ៍តាមដានការបម្លាស់ទីរបស់ពួកវា។
លោក នេត្រ ភក្ត្ រាបញ្ជាក់ថា៖ «កត្តានៃការប្រែប្រួលអាកាសធាតុនេះវាធ្វើឲ្យមានការផ្លាស់ប្តូរនូវជីវចម្រុះ។ អ៊ីចឹង ហើយការអនុវត្តមិនអាចពឹងអាស្រ័យទាំងស្រុងទៅលើធនធានធម្មជាតិទេ ដែលយើងត្រូវតែបង្កើតនូវមធ្យោបាយ ក៏ដូចជារិះរកនូវវីធីសាស្ត្រដើម្បីធានានូវសន្តិសុខស្បៀងសម្រាប់ប្រជាជនយើង»។
ក្រោយពេលលែងពូជត្រីខាងលើទៅក្នុងទន្លេចតុមុខ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានថ្លែងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការនេសាទហួសប្រមាណ បម្រែបម្រួលអាកាសធាតុ និងការសាងសង់ទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេមេគង្គបានធ្វើឲ្យចំនួនពូជត្រីមានការថយចុះដោយរួមទាំងត្រីរាជ ត្រីគល់រាំង និងត្រីប្រាទន្លេផងដែរ។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ជាយូរមកហើយក្រសួងបានដាក់ចេញផែនការក្នុងការបង្កើនចំនួនត្រីជិតផុតពូជ ដែលបានទាញចំណាប់អារម្មណ៍ពីដៃគូនានាឲ្យផ្តល់ជាជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងកិច្ចការពារអភិរក្ស និងជំរុញឲ្យមានការកកើតបន្ថែមពូជត្រីដែលស្ទើរតែបាត់បង់ទាំងនោះ។
បើតាមអ្នកនាំពាក្យរូបនេះ អ្វីដែលជាក្តីបារម្ភបំផុតនាពេលនេះគឺការស្លាប់របស់សត្វផ្សោតជាបន្តបន្ទាប់ និងថា ក្រសួងបាននិងកំពុងស្វែងរកមធ្យោបាយជាមួយដៃគូពាក់ព័ន្ធដើម្បីបង្កើននិងរក្សាសត្វជិតផុតពូជនេះ។
កញ្ញា អ៊ឹម រចនា បញ្ជាក់ថា៖ «ដោយឡែកផែនការទៅមុខទៀត យើងអាចនឹងពិចារណាទៅលើការដាក់កំហិតមួយចំនួនដែលឥឡូវនេះកំពុងតែសិក្សានៅឡើយ ប្រជុំពិភាក្សាមិនទាន់ជាលទ្ធផលសម្រេចទេ»។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សសត្វព្រៃនិងធម្មជាតិកម្ពុជា ហៅកាត់ថា WWF កម្ពុជា កត់សម្គាល់ថា ការលែងត្រីជិតផុតពូជចូលក្នុងទន្លេ ពិតជាអាចជួយបង្កើនធនធានត្រីទាំងនោះបាន តែលោកនៅមានមន្ទិលចំពោះទីតាំងជាក់លាក់ដែលត្រីទាំងនោះអាចរស់នៅបាន ហើយអាជ្ញាធរនឹងមានវិធានការយ៉ាងណាដើម្បីធានាថា ត្រីដែលទើបតែបានលែងចូលក្នុងទន្លេចតុមុខនាពេលថ្មីៗនោះ មិនរងផលប៉ះពាល់ដោយសកម្មភាពនេសាទដែលច្បាប់មិនអនុញ្ញាត។
លោកបន្ថែមថា ប្រភេទត្រីជិតផុតពូជមានការបម្លាស់ទីបានឆ្ងាយ និងមានទីតាំងផ្សេងៗគ្នា។ ដូច្នេះលោកថា វាតម្រូវឲ្យមានការតាមដាននិងយកចិត្តទុកដាក់ខ្លាំងផងដែរ។
លោកប្រាប់វីអូអេថា៖ «ដូច្នេះយើងចាំបាច់ត្រូវតែមានផែនការយុទ្ធសាស្ត្រ អភិរក្សឲ្យបានត្រឹមត្រូវលើការគ្រប់គ្រងទីជម្រករបស់ពួកវាឲ្យបានតឹងរ៉ឹង ការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីប្រភេទត្រីកម្រ និងជិតផុតពូជ និងចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យ ពិសេសការចាប់និងការប្រមូលផលត្រីនៅក្នុងដែននេសាទ»។
បើតាមលោក សេង ទៀក នាយកអង្គការ WWFកម្ពុជា ដើម្បីបង្កើនចំនួនត្រីជិតផុតពូជទាំងនោះបានទាល់តែបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ដែលចាប់យកត្រីទាំងនោះទៅធ្វើពាណិជ្ជកម្ម។ លោកសង្កត់ធ្ងន់ថា ការដាក់ពិន័យចំពោះបុគ្គលណាដែលល្មើសច្បាប់ក៏ជាមធ្យោបាយចាំបាច់មួយដើម្បីការពារមិនឲ្យត្រីជិតផុតពូជទាំងនោះបន្តបាត់បង់ថែមទៀត។
គួររំឭកថា អនុក្រឹត្យរបស់រដ្ឋាភិបាល ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៩ ស្តីពីការកំណត់ប្រភេទផលិតផលជលផលដែលកំពុងរងគ្រោះជិតផុតពូជឱ្យដឹងថា ជលផលទាំងនោះរួមមានត្រី និងសត្វក្រពើ៣២ ប្រភេទ ដែលត្រូវបានកំណត់ថា កំពុងស្ថិតក្នុងស្ថានភាពដែលកំពុងរងគ្រោះថ្នាក់។ ចំពោះប្រភេទត្រីដែលជិតផុតពូជ រួមមានត្រីតាពត ឬត្រីនាគ ត្រីថ្ក ត្រីបីកំណាត់ ឬត្រីខ្លា ត្រីកៀតស្រង់ ត្រីគជ្រា ផ្សោតក្បាលត្រឡោក ត្រីរាជ ត្រីគល់រាំង និងត្រីត្រសក់ក្រហមជាដើម៕