លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យមានការបង្កើតទីតាំងអភិរក្សជាក់លាក់មួយក្នុងតំបន់ទន្លេមេគង្គទីដែលមានបម្លាស់ទីរបស់សត្វផ្សោត ដែលជាប្រភេទសត្វជិតផុតពូជដែលនៅមានសល់តិចតួចក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។
ការស្នើរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ កើតឡើងក្រោយអង្គការមូលនិធិសកលសម្រាប់អភិរក្សសត្វព្រៃនិងធម្មជាតិកម្ពុជា ហៅកាត់ថា WWF កម្ពុជា បានរាយការណ៍ពីករណីនៃការស្លាប់សត្វផ្សោតយ៉ាងហោចណាស់បីក្បាលកាលពីខែធ្នូ ឆ្នាំ២០២២។
នៅក្នុងពិធីប្រកាសសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងស្រុកចិត្របុរីខេត្តក្រចេះ កាលពីថ្ងៃចន្ទ លោកហ៊ុន សែនបានក្រើនរំឭកមន្ត្រីដែលធ្វើការក្នុងតំបន់ទន្លេមេគង្គត្រូវបង្កើនការអភិរក្សសត្វផ្សោតឲ្យបានល្អិតល្អន់ចៀសវាងកុំឱ្យសត្វដែលកម្រនេះបន្តស្លាប់ទៀត។
លោកថ្លែងថា៖ «ខ្ញុំសុំដាស់តឿនឲ្យយកចិត្តទុកដាក់។ តំបន់នេះត្រូវតែជាតំបន់អភិរក្សពេញទី ដោយគ្មានការលើកលែងទេ។ យើងអាចលើកលែងខ្លះ នៅតំបន់ទន្លេសាប ដោយសារប្រជាជនគាត់រស់នៅទីនោះយូរហើយ។ យើងឃ្វាលដី កាត់ដីជូនពួកគាត់។ ក៏ប៉ុន្តែសម្រាប់ទន្លេមេគង្គដែលសម្បូរទៅដោយសត្វផ្សោត និងសត្វត្រីមួយចំនួនដែលវាជិតផុតពូជ ជាពិសេសផ្សោតនេះឯង ត្រូវតែមានការរៀបរយឲ្យបានល្អ»។
លោកសង្កត់ធ្ងន់ថាមន្ត្រីនៅមូលដ្ឋានគឺជាអ្នកត្រូវទទួលបន្ទុកការពារសត្វផ្សោតឲ្យបានហ្មត់ចត់ ពោលគឺត្រូវធានាថា គ្មានសត្វផ្សោតត្រូវជាប់មងតទៅទៀតឡើយ។
លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្តែអ្នកដែលត្រូវនៅផ្ទាល់ គឺខេត្តអាជ្ញាធរ រៀបចំយ៉ាងម៉េច ដើម្បីធានាថា សត្វផ្សោតទាំងនេះ មិនត្រូវបានជាប់មង ឬក៏ត្រូវបានការធ្វើរបៀប គេហៅថា រំខានដល់វានោះទេ»។
បើតាមលោក ហ៊ុន សែន ការរៀបចំឲ្យមានតំបន់ស្នូលមួយដើម្បីការពារសត្វផ្សោតត្រូវតែមាន ហើយហាមដាច់ខាតមិនឲ្យមានសកម្មភាពនេសាទក្នុងតំបន់ស្នូលនោះ។
លោកលើកឡើងយ៉ាងដូច្នេះ៖ «អ៊ីចឹង ត្រូវរៀបចំតាមអ្នកបច្ចេកទេស … មិនដឹងថា តើរៀបចំដល់ណាហើយទេ? ប៉ុន្តែ ត្រូវមានតំបន់គេហៅថា តំបន់ស្នូលអចិន្ត្រៃយ៍។ អាតំបន់ស្នូលអចិន្ត្រៃយ៍ហ្នឹងត្រូវតែមានគំនូស រួចហើយខ្ញុំគិតថា ទម្លាក់ទៅ ….បើតំបន់ស្នូលអចិន្ត្រៃយ៍ នៅក្នុងទន្លេអ៊ីចឹង ដើម្បីឲ្យប្រជាជនបានដឹង យើងទម្លាក់ពោង ដាក់យុថ្កាទម្លាក់ពោង នៅកន្លែងហ្នឹង អត់មានឲ្យចូល អត់មានឲ្យនេសាទអីទាំងអស់គឺដាច់ខាត ដាច់ខាត»។
អង្គការ WWF កម្ពុជា បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីចុងខែធ្នូថា សត្វផ្សោតសរុបចំនួន១១ក្បាលហើយបានស្លាប់នៅក្នុងឆ្នាំ២០២២នេះ គិតត្រឹមថ្ងៃទី២៤ខែធ្នូ។ រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះមានចំនួនសរុប២៩ក្បាល។
នាយកអង្គការ WWF កម្ពុជា លោក សេង ទៀក ត្រូវបានស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះនឹងបណ្តាលឲ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ»។
លោកបន្ថែមថា៖ «សោកនាដកម្មដែលគួរអាចបញ្ចៀសបាននៃការស្លាប់របស់សត្វផ្សោតវ័យបន្តពូជទាំងបីក្បាលជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់១០ថ្ងៃផងនេះ ជាសារយ៉ាងច្បាស់មួយដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ថា នេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើនវត្តមានមន្ត្រីសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក វិបុល តាមទូរសព្ទបានទេ គិតត្រឹមរសៀលថ្ងៃអង្គារនេះ ដោយសារលោកជាប់ប្រជុំ។
បើតាមអង្គការ WWF កម្ពុជា រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ ត្រូវផ្តោតយកចិត្តទុកដាក់ការពារ។ នៅពេលទឹកស្រក សត្វផ្សោតនិងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់អភិរក្សសត្វផ្សោត។ ហេតុដូចនេះ ហើយទើបធ្វើឲ្យពួកវាងាយរងគ្រោះយ៉ាងខ្លាំងដោយសារការនេសាទខុសច្បាប់។ ក្នុងអំឡុងពេលនេះហើយជាពេលដែលត្រូវបង្កើនការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង៕