លោក Bill Cassidy សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ Louisiana បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានធ្វើតេស្តឃើញថា មានកូវីដ១៩ ហើយកំពុងចេញរោគសញ្ញាខ្លះនៃជំងឺនេះ។ លោកថា លោកកំពុងធ្វើចត្តាឡីស័ក នៅរដ្ឋ Louisiana។
សមាជិកព្រឹទ្ធសភា អាយុ ៦២ឆ្នាំ ខាងគណបក្សសាធារណរដ្ឋរូបនេះ ដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតសម្រាប់ព្រឹទ្ធសភាមួយអាណត្តិទៀត នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ បានចេញរោគសញ្ញាស្រាលនៅព្រឹកនេះ។ នេះបើតាមអ្នកនាំពាក្យរបស់លោក។
លោកជាសមាជិកសភាសហរដ្ឋអាមេរិកទី១៣ ដែលត្រូវគេដឹងថា បានធ្វើតេស្តឃើញមានកូវីដ១៩ ហើយលោកជាសមាជិកព្រឹទ្ធសភាទី២ ដែលបានឆ្លងវីរុសនេះ។
លោក Cassidy សមាជិកព្រឹទ្ធសភា ដែលធ្លាប់ជាគ្រូពេទ្យពីទីក្រុង Baton Rouge តែងពាក់ម៉ាស់នៅទីសាធារណៈ និងពេលទៅអគារសភាជាតិ ហើយលោកថា លោកនឹងគោរពតាមការណែនាំនានារបស់បុគ្គលិកសុខាភិបាល។
ការរកឃើញតេស្តវិជ្ជមានចុងក្រោយនេះកើតមានឡើង ខណៈដែលសមាជិកព្រឹទ្ធសភាពីគណបក្សសាធារណរដ្ឋខ្លះ បានដាក់សម្ពាធឲ្យប្រធានព្រឹទ្ធសភាលោក Mitch McConnell បង្កើនការធ្វើតេស្តសម្រាប់សមាជិកព្រឹទ្ធសភា។
ទាំងលោក McConnell ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា លោកស្រី Nancy Pelosi បានកាន់ជំហរថា អ្នកតាក់តែងច្បាប់មិនគួរមានអាទិភាពក្នុងការធ្វើតេស្តទេ ប្រសិនបើសាធារណជនមិនទាន់អាចទទួលបានការធ្វើតេស្តទូលំទូលាយនោះ៕