ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អគ្គនាយក​ប្រៃសណីយ៍​​ជាតិ​សហរដ្ឋ​អាមេរិក​ផ្តល់​​សក្ខីកម្ម​នៅ​​ព្រឹទ្ធសភា


រូបឯកសារ៖ លោក ​Louis DeJoy ​អគ្គនាយក​ប្រៃសណីយ៍​ជាតិ​សហរដ្ឋ​អាមេរិក ចូលរួមកិច្ចប្រជុំនៅការិយាល័យប្រធានរដ្ឋសភា នៅវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០។

សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ ត្រូវ​គេ​រំពឹង​ថា ​នឹង​សួរ​ចម្លើយ​យ៉ាង​ខ្លាំងៗ ​ចំពោះ​លោក ​Louis DeJoy ​អគ្គនាយក​ប្រៃសណីយ៍​ជាតិ​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​អំឡុង​ពេល​លោក​ផ្តល់​សក្ខីកម្ម​នៅ​ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ​សុក្រ ​អំពី​វិធានការ​កាត់​ថវិកា​នៅ​ស្ថាប័ន​ប្រៃសណីយ៍។ ក្រុម​គណបក្ស​ប្រជាធិបតយ្យ​និយាយ​ថា​ វិធានការ​នេះ​ហាក់​ដូច​ជា​ការ​ប៉ុនប៉ង ​ដើម្បី​បង្កើន​ឱកាស​ឲ្យលោក​ប្រធានាធិបតី ​Donald Trump ​បាន​ជាប់​ឆ្នោត​ជា​ថ្មី។​

នៅ​ក្រោម​សម្ពាធ​ពី​សាធារណជន​និង​សមាជិក​ព្រឹទ្ធ​សភា​ លោក ​DeJoy​ កាល​ពី​ថ្ងៃ​អង្គារ​ បានផ្អាក​ផែនការ​ផ្លាស់​ប្តូរ​នានា​នៅ​ប្រៃសណីយ៍​សហរដ្ឋ​អាមេរិក ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា​ខាង​មុខ។ ​អ្នក​រិះគន់​បារម្ភ​ថា វិធានការ​ផ្លាស់ប្តូរ​ទាំង​នេះ ​នឹង​ប៉ះពាល់​ដល់​ការលទ្ធភាព​នៃ​ការ​បោះឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍ ​ដែល​គេ​រំពឹង​ថា ​កាន់​តែ​មាន​ការ​ចាំបាច់ ​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក​ប្រធានាធិបតី​ Trump តែង​តែបាន​អះអាង​ដោយ​មិន​មាន​ភស្តុតាង​ថា​ ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍​កាន់​តែ​ច្រើន​ នឹង​នាំ​ឲ្យមាន​ការ​បន្លំ​សន្លឹកឆ្នោត​កាន់​តែ​ច្រើន​ដែរ ​បើ​ទោះបី​ជា​ពលរដ្ឋ​អាមេរិកាំង​ធ្លាប់​បាន​បោះឆ្នោត​តាម​ប្រៃសណីយ៍​ជា​យូរ​មក​ហើយក្តី។​

លោក Ron Johnson ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភាមកពី​គណបក្សសាធារណរដ្ឋ​ ដែល​បាន​កោះហៅ​ឲ្យ​មាន​ការ​ផ្តល់សក្ខីកម្ម​នេះ ត្រូវ​គេ​រំពឹង​ថា ​នឹង​ការពារ​គម្រោង​របស់​លោក​ Louis DeJoy អគ្គនាយក​ប្រៃសណីយ៍​ជាតិ​សហរដ្ឋ​អាមេរិក ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ស្ថាប័ន​នេះ ​ដោយលោក​នឹង​ថា ​កិច្ច​ប្រឹងប្រែង​នេះ​ត្រូវ​បាន​គេ​ទាញ​ចូលនិង​បំភ្លៃ​ខុសក្នុង​រឿង​នយោបាយ​ទៅ​វិញ៕

XS
SM
MD
LG