ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden បង្ហាញ​ផែការ​ប្រយុទ្ធ​នឹងជំងឺ​កូវីដ១៩ ​ដែល​រួម​មាន​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ទូទាំង​អាមេរិក


រូបឯកសារ៖ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ចូលរួមថ្លែងនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទីក្រុង New Castle រដ្ឋ Delaware កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ចូលរួមថ្លែងនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទីក្រុង New Castle រដ្ឋ Delaware កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

លោក​ Joe Biden​ បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ ​ថ្លែង​ថា ​លោក​មាន​ផែនការ​មួយ​ ដើម្បី​ជួយ​សហ​រដ្ឋ​អាមេរិក​ប្រយុទ្ធ​នឹង​ការ​បន្ត​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក​ Biden​ ថ្លែង​យ៉ាង​ដូច្នេះ ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុង​អំឡុង​សន្និបាត​ជាតិ​តាម​អនឡាញ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ ដើម្បី​ទទួល​យក​ការ​តែងតាំង​របស់​គណបក្ស​ ដើម្បី​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី។​ លោក ​Biden​ ថា​ ផែនការ​របស់​លោក ​រួម​មាន​បទបញ្ជា​ថ្នាក់​ជាតិ​ឲ្យ​មាន​ការ​ពាក់​ម៉ាស់​នៅ​ទូទាំង​ប្រទេស ​និងការ​ធ្វើ​តេស្ត​រក​កូវីដ១៩ ​ដែល​ឲ្យ​លទ្ធផល​ភ្លាមៗ។ ផែនការ​របស់​លោក​ក៏​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផលិត​សម្ភារៈ​ពេទ្យ​កាន់​តែ​ច្រើន ​នៅ​សហរដ្ឋ​អាមេរិកផងដែរ។​

លោក​ Biden ថា​ លោក​នឹង​ធានា​ឲ្យ​សាលារៀន​នានា​មាន​អ្វី​គ្រប់​យ៉ាង​ ដើម្បី​អាច​បើក​ដំណើរការឡើង​វិញ​ ដោយ​សុវត្ថិភាព​និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

សហរដ្ឋ​អាមេរិក​នៅតែ​មាន​ចំនួន​អ្នក​ឆ្លង ​និង​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ​ដោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ មាន​អ្នក​ឆ្លង​សរុប​ជាង ​៥លាន ​៥​សែន​នាក់ ​និង​អ្នក​ស្លាប់​ជាង ​១៧​ម៉ឺន ​៤​ពាន់​នាក់។​

ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ ​ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​សុក្រ ​បាន​រាយ​ការណ៍​ករណី​ឆ្លង​កូវីដ​១៩​ថ្មី​ចំនួន​ជាង ​៤.៧៨៦ ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ ​បាន​កើន​ដល់​ជាង ​១៨២.០០០​នាក់ ​ហើយ​ចំនួន​អ្នក​ស្លាប់​ ៥៩​នាក់ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្លាប់​សរុប​កើន​ដល់ ​២.៩៤០​នាក់។​ រដ្ឋមន្ត្រី​សុខាភិបាល​ហ្វីលីពីន​លោក ​Francisco Duque​ បានថ្លែងថា ជំងឺ​កូវីដ១៩​កាន់​តែ​ឆ្លង​ខ្លាំង ​ដោយ​សារ​វីរុស​ដែល​បង្ក​ជំងឺ​នេះ​បាន​វិវត្ត​ទៀត។​

នៅ​ជុំវិញ​ពិភពលោកនៅ​ពេល​នេះ វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង ​២២,៧​លាន​នាក់ និង​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជិត​ ៨០០.០០០​នាក់។ ​នេះ​បើ​តាម​តួលេខ​ពី​សាកល​វិទ្យាល័យ ​Johns Hopkins​៕

XS
SM
MD
LG