ក្រោយពីបានចូលប្រឡូកក្នុងឆាកនយោបាយអាមេរិកាំងជិតកន្លះសតវត្សរ៍ នៅយប់ថ្ងៃព្រហស្បតិ៍លោក Joe Biden បានទទួលយកការតែងតាំងពីគណបក្សប្រជាធិបតេយ្យដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកា។ លោកបានប្រាប់ដល់ពលរដ្ឋអាមេរិកាំងថាដល់ពេលដែលត្រូវទម្លាក់លោកដូណាល់ ត្រាំ ដែលជាប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋឲ្យចេញពីសេតវិមានក្រោយពីកាន់អំណាចបានមួយអាណត្តិ។
លោក Biden បានថ្លែងថា៖ «យើងអាចធ្វើបានពេលយើងរួបរួមគ្នាហើយគឺយើងនឹងអាចធ្វើបានដើម្បីជម្នះពេលវេលាដ៏ខ្មៅនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកាំង»។ លោកBidenបានថ្លែងដូចនេះក្នុងខណៈពេលដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងជំងឺរាតត្បាតបង្ករដោយវីរុសកូរ៉ូណាមិនឈប់ឈរហើយអ្នកធ្វើការជាច្រើនលាននាក់បានបាត់បង់ការងារ។
លោកបានបន្ថែមទៀតថា៖ «យើងនឹងជ្រើសរើសយកក្តីសង្ឃឹមជាជាងការភ័យខ្លាចការពិតជាជាងការប្រឌិត ភាពត្រឹមត្រូវជាជាងបុព្វសិទ្ធិ»។
នៅក្នុងសុន្ទរកថាជិតកន្លះម៉ោងលោក Biden បានផ្តល់អំណះអំណាងថាលោកត្រាំ «មិនទទួលខុសត្រូវ»ចំពោះការឆ្លងរាលដាលនៃជំងឺឆ្លងនេះនិង«បដិសេធមិនព្រមដឹកនាំ»។
លោក Biden បន្ថែមថា«បន្ទាប់ពីអស់ពេលវេលាយ៉ាងយូរប្រធានាធិបតីរូបនេះនៅតែមិនទាន់មានផែនការ»ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត។ «លោកបរាជ័យមិនបានការពារអាមេរិក។ ហើយជនរួមជាតិអាមេរិកាំងទង្វើនេះគឺមិនអាចអនុគ្រោះបានទេ»។
សុន្ទរកថារបស់លោក Biden ត្រូវបានថ្លែងពីកម្មវិធីដែលបានរៀបចំឡើងនៅទីកន្លែងកំណើតរបស់លោកគឺទីក្រុង Wilmington រដ្ឋ Delaware ហើយគឺនៅយប់ទី៤និងជាយប់ចុងក្រោយនៃមហាសនិ្នបាតគណបក្សប្រជាធិបតេយ្យដែលធ្វើឡើងតាមអនឡាញ។ កម្មវិធីនេះមានបញ្ចូលគ្នាដោយការថ្លែងនិងបទបង្ហាញដែលបានថតទុកជាមុនខ្លះនិងថ្លែងផ្ទាល់ខ្លះដោយបានសរសើរលោកBiden និងវាយប្រហារលើការដឹកនាំរបស់លោកប្រធានាធិបតីត្រាំ៕