ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​ការ​​សិក្សា​លើ​សេចក្តី​ស្នើច្បាប់​​ផ្តល់​សិទ្ធិ​នយោបាយជាថ្មី​ដល់​មន្ត្រី​បក្ស​ជំទាស់​ទាំង​​១១៨រូប


រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅ ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

ការ​អនុម័ត​ប្រគល់​សេចក្តី​ស្នើ​ច្បាប់​ខាង​លើ​នេះ​ធ្វើ​ឡើង​ ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​កំពុង​សិក្សា​លើ​​ការ​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​ ​ឬ​ EBA»​ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ ក្រោម​ហេតុផល​រំលោភ​បំពាន​សិទ្ធិបំពាន​សិទ្ធិមនុស្ស។​

​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា​ ​៤៥​ថ្មី​ ​(ស្ទួន) ​ដើម្បី​ផ្តល់​សិទ្ធិ​នយោបាយ​ពេញ​លេញ​ដល់​មន្ត្រី​១១៨​រូប​ ​របស់​គណបក្ស​សង្គ្រោះជាតិ​ ​ត្រូវបាន​ ​បញ្ជូន​ឱ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ដើម្បី​ពិនិត្យ​មើល​បន្ថែម​ ​មុន​នឹង​យក​មក​ពិភាក្សា​សា​ជាថ្មី​ក្នុង​អង្គ​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា។​ ​នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់ រដ្ឋសភា​នៅ​ថ្ងៃ​ពុធ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ ​ក៏​បាន​បញ្ជាក់​ថា​អង្គប្រជុំនៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅថ្ងៃ​ពុធ​ នេះ​បានអនុម័ត​ប្រគល់​សេចក្តី​ស្នើ​ច្បាប់​នេះ​ឱ្យ​គណៈកម្មការ​នីតិកម្ម​ ​និង​យុត្តិធម៌​នៃ​រដ្ឋសភា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហាផ្ទៃ​ ​ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា ធ្វើ​ការ​ពិនិត្យ​ និង​សិក្សា​ មុន​ពេល​បញ្ជូន​ជា​របាយការណ៍​ត្រឡប់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ។​

​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ ​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​ ​(ស្ទួន)​ ​ចែង​ថា៖​

«បុគ្គល​ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​ ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ​ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ ឬ​ធ្វើ​សកម្មភាព​ណា​មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បាន​ឡើយ។​ ​បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាម​ឃាត់ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញ​លេញ​ដោយ​ពេញ​ច្បាប់​ ​បន្ទប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ ដែល​កំណត់​ដោយ​សាលាដីការបស់​តុលាការ​កំពូល​ ​ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិ​សម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្រ្តី​តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ»។​

​ការ​អនុម័ត​ប្រគល់​សេចក្តី​ស្នើ​ច្បាប់​ខាង​លើ​នេះ​ធ្វើ​ឡើង​ ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​កំពុង​សិក្សា​លើការ​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​ ​ឬ​ EBA»​ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ ក្រោម​ហេតុផល​រំលោភ​បំពាន​សិទ្ធិបំពាន​សិទ្ធិមនុស្ស។​

​ទោះ​បី​យ៉ាង​ណា​ក្តី​ ​លោក​ ​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច​ បាន​លើក​ឡើង​ថា​ ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កែប្រែ​ស្ថានការណ៍​លិទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​លំហ​នយោបាយឲ្យ​បាន​ប្រសើរ​ឡើង​វិញ​ ​មិន​ទាក់ទង​នឹងគម្រោង​ក្នុង​ការ​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG