ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធ​សភា​ត្រៀម​ប្រជុំ​អនុម័ត​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ


រូបឯកសារ៖ បុរស​ម្នាក់​អង្គុយ​ចាំ​ដំណឹង នៅមុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ស្របពេល​ដែល​សមត្ថកិច្ច​បាន​ព្យាយាម​តាម​ស្កាត់​ឡាន​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​នេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

ក្រោយ​ពិនិត្សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ចំនួន​១១៨​រូប​ចូល​ធ្វើ​នយោបាយ​វិញយ គណៈកម្មាធិការ​អចិន្រ្តៃយ៍​ព្រឹទ្ធ​សភា​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ២០១៨ ជា​ថ្ងៃ​សម្រាប់​កិច្ច​ប្រជុំ​ពេញ​អង្គ។

គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​បញ្ជូន​សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទៅ​អង្គប្រជុំ​ព្រឹទ្ធ​សភា​ ដើម្បី​ត្រៀម​អនុម័ត​នៅ​ថ្ងៃ​អង្គារ ​ដែល​បើក​ផ្លូវ​ឲ្យ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​១១៨​រូប ​បានចូល​ធ្វើ​នយោបាយ​វិញ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​ ​ចេញ​នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​បញ្ជាក់​ថា​ ​បន្ទាប់ពី​បាន​ពិនិត្យ​ ​និង​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី​(ស្ទួន)នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ​និង​ពិនិត្យ​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​បរធន​បាល​កិច្ច​ ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​ព្រឹទ្ធ​សភា​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី២៥ ខែធ្នូ​ ឆ្នាំ​២០១៨​ ដើម្បី​បន្ត​សម័យ​ប្រជុំ​លើក​ទី​២​ព្រឹទ្ធ​សភា​នីតិកាល​ទី​៤។

លោក​ ​អ៊ុំ សារិទ្ធ​ ​អគ្គ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យព្រឹទ្ធ​សភា​កម្ពុជា​ ប្រាប់​ ​VOA​ ​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​គណៈ​កមា្មធិការ​អចិន្រ្តៃយ៍​បាន​បើក​កិច្ច​ប្រជុំ​សម្រេច​លើ​របៀប​វារៈ​សម្រាប់​កិច្ច​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធ​សភា។​ ​លោក​ថា​ ​កិច្ច​ប្រជុំ​ពេញ​អង្គ​នឹង​សម្រេច​អនុម័ត​លើ​សេចក្តី​ស្នើសេចក្តី​ព្រាង​ច្បាប់​នោះ។​

លោក​បញ្ជាក់​ថា៖​

«គណៈ​អចិន្រ្តៃយ៍​បាន​សម្រេច​ឲ្យ​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​ហ្នឹង​មួយ​ ​និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ ​ទៅ​ក្នុង​របៀប​វារៈ​ទៅ​ក្នុង​ការ​ប្រជុំ​ថ្ងៃស្អែក។​ ​ព្រឹក​មិញ​លទ្ធផល​ប្រជុំ​គឺ​ប៉ុណ្ណឹង។​ ​អ៊ីចឹង​ថ្ងៃស្អែក​ទើប​គេ​ចាប់​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​ ​និង​សេចក្តី​ព្រាងច្បាប់​ហ្នឹង​ដើម្បី​អនុម័ត»។​

កាលពី​ឆ្នាំ​២០១៧​ ​តុលាការ​កំពូល​របស់​កម្ពុជា​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជា​តិ​ចោល​ ​ដោយ​ចោទ​ថា ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន។ តុលាការ​នេះ​ក៏​បាន​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ ម្នាក់ៗ​រយៈពេល​៥​ឆ្នាំ។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ដក​ហូត​សិទ្ធិ​នយោបាយ​មន្រ្តី​ទាំង​១១៨​នាក់​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ បាន​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​កាល​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ដោយ​ភ្លូក​ទឹកភ្លូក​ដី។ ការណ៍​នេះ​ធ្វើឲ្យ​កម្ពុជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​ថា​កំពុង​ធ្វើ​ឲ្យ​ខ្ទេចខ្ទី​លទ្ធិ​ប្រជា​ធិបតេយ្យ។​

រដ្ឋាភិបាល​បស្ចិម​ប្រទេស​ធំៗ​មួយ​ចំនួន​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ ​និង​នយោបាយ​ឡើង​វិញ​ ​ជា​ថ្នូរ​នឹង​ការ​មិន​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ ​និង​ការទូត​លើ​កម្ពុជា៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG