ព្រឹទ្ធសភាសហរដ្ឋអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារនេះ លើករណីថាតើត្រូវបើកការជជែកដេញដោលលើគម្រោងរបស់គណបក្សសាធារណរដ្ឋ ក្នុងការសើរើប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់លោកអតីតប្រធានាធិបតី Barack Obama ឬក៏យ៉ាងណានោះ។
លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា កំពុងដឹកនាំដំណើរការលុបចោលនូវច្បាប់ធានារ៉ាប់រងសុខភាព Affordable Care Act ដែលគេស្គាល់ជាទូទៅថា Obamacare នេះ។ ប៉ុន្តែ កាលពីខែមុន លោករងនូវសម្ពាធក្នុងការឈានមួយជំហានថយក្រោយវិញ នៅពេលដែលមិនមានការគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័តទម្រង់ទាំងពីរប្រភេទរបស់ច្បាប់នេះ។
គណបក្សសាធារណរដ្ឋកាន់កាប់អាសនៈចំនួន ៥២ នៅក្នុងព្រឹទ្ធសភា។ ចំណែកឯគណបក្សប្រជាធិបតេយ្យវិញ កាន់កាប់អាសនៈចំនួន ៤៨។ ដោយសារគណបក្សប្រជាធិបតេយ្យជំទាស់ទាំងស្រុងចំពោះការលុបចោលច្បាប់នេះ ហើយមានតែសមាជិកគណបក្សសាធារណរដ្ឋតែពីររូបប៉ុណ្ណោះ ដែលជំទាស់នឹងច្បាប់នេះ នោះច្បាប់នេះអាចទទួលបានសំឡេងគាំទ្រ ៥០ លើ ៥០។
អ្វីដែលគេមិនទាន់ច្បាស់គឺថា តើទម្រង់ច្បាប់មួយណា ដែលព្រឹទ្ធសភានឹងធ្វើការបោះឆ្នោតនោះ។ រដ្ឋសភាបានអនុម័តបទបញ្ញត្តិលុបចោលច្បាប់ធានារ៉ាប់រងសុខភាព Obamacare និងជំនួសវិញដោយច្បាប់ធានារ៉ាប់រងសុខភាពថ្មី កាលពីខែឧសភាកន្លងទៅនេះ។
នៅក្រោមសំណើច្បាប់ធានារ៉ាប់រងសុខភាពថ្មីរបស់គណបក្សសាធារណរដ្ឋ ការិយាល័យថវិការបស់សភា បានបញ្ជាក់ថា ពលរដ្ឋអាមេរិកាំងចំនួន ២២ លាននាក់ អាចបាត់បង់ការធានារ៉ាប់រងរបស់ពួកគេនៅក្នុងទសវត្សរ៍ក្រោយ ប៉ុន្តែគម្រោងធានារ៉ាប់រងសុខភាពថ្មីនេះនឹងជួយរដ្ឋាភិបាលចំណេញបានថវិកាចំនួន ៤២០ ពាន់លានដុល្លារអាមេរិក៕