ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​គ្រោង​បោះឆ្នោត​បឋម​លើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ថ្មី


លោក Mitch McConnell មេដឹកនាំ​ក្រុម​មតិ​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​សប្ដាហ៍​នេះ មាន​គម្រោង​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​ធ្វើ​ការ​អនុម័ត​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ថ្មី ដើម្បី​ជំនួស​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​របស់​អតីត​ប្រធានាធិបតី Barack Obama។

កាល​ពី​ខែ​មុន ព្រឹទ្ធសភា​បាន​ឃើញ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​នេះ​ពីរ​ច្បាប់​ផ្សេងៗ​គ្នា។ មួយ​គឺ​ចង់​លុប​ចោល​ទាំង​ស្រុង​នូវ​ច្បាប់ Obamacare ដើម្បី​ជំនួស​ដោយ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ថ្មី។ មួយ​ទៀត​គឺ​ការ​ទុក​ពេល​ពីរ​ឆ្នាំ​ដើម្បី​លុប​ចោល​នូវ​ច្បាប់​នេះ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​សមាជិក​សភា​មាន​ពេល​វេលា​ដើម្បី​រិះរក​វិធី​ក្នុង​ការ​ជំនួស​ច្បាប់​ធានា​រ៉ាប់រង​សុខភាព Obamacare នេះ ដោយ​ច្បាប់​ថ្មី។

ច្បាប់​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​បាន​ជំទាស់​ទាំង​ស្រុង​ពី​សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​ការ​ជំទាស់​គ្រប់គ្រាន់​ពី​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន ដែល​បង្អាក់​ដល់​នីតិវិធី​ក្នុង​ការ​អនុម័ត​ច្បាប់​នេះ។

សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក John Thune បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មេដឹកនាំ​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ស្រប​ទៅ​តាម​នីតិវិធី​នៅ​ក្នុង​សប្ដាហ៍​នេះ ទៅ​លើ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ថ្មី​នេះ ដែល​បើក​ឱកាស​ឲ្យ​មាន​ការ​ជជែក​ដេញដោល និង​ការ​កែប្រែ​ចំពោះ​ច្បាប់​នេះ។

អ្វី​ដែល​ចែង​មិន​ច្បាស់​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ គឺ​នឹង​ត្រូវ​គេ​ធ្វើ​ការ​បោះឆ្នោត។ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ថ្មី ដើម្បី​ជំនួស​ទាំង​ស្រុង​នូវ​ច្បាប់ Obamacare កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ៕

XS
SM
MD
LG