ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំជំរុញ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​បន្ត​ឯកភាព​គ្នា​លើ​ការ​លុប​ចោល​ច្បាប់ Obamacare


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ ដើម្បី​ពិភាក្សា​ពី​ច្បាប់​ថែ​ទាំង​សុខភាព​នៅ​សេត​វិមាន កាល​ពី ថ្ងៃទី​១៩ ខែ​កក្កដា។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ ដើម្បី​ពិភាក្សា​ពី​ច្បាប់​ថែ​ទាំង​សុខភាព​នៅ​សេត​វិមាន កាល​ពី ថ្ងៃទី​១៩ ខែ​កក្កដា។

ព្រឹទ្ធសភា​ដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​ព្យាយាម​លុបចោល​ច្បាប់​ធានារ៉ាប់រង​សុខភាព Obamacare ម្ដង​ទៀត​នៅ​ក្នុង​សប្ដាហ៍​នេះ ដោយ​ព្យាយាម​ធ្វើការ​ឲ្យ​ល្អ​ទៅ​តាម​ការ​សន្យា​ដ៏​សំខាន់​មួយ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក។

ដោយសារ​តែ​បំណង​លុបចោល​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ អ្នក​គាំទ្រ​របស់​លោក ត្រាំ អ្នក​ប្រឆាំង និង​អ្នក​វិភាគ​កំពុង​តែ​តាមដាន​ថា​តើ​នឹង​មាន​រឿង​អ្វី​កើតឡើង​បន្ទាប់​ទៀត​ទៅ​លើ​គោល​នយោបាយ​នៅ​ក្នុង​ប្រទេស​ដ៏​មាន​មហិច្ឆតា​របស់​លោក ត្រាំ។

មាន​ការ​តវ៉ា​បន្ថែម​ទៀត​កាល​ពី​សប្ដាហ៍​មុន​ទៅ​លើ​ផែនការ​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​លុបចោល​ច្បាប់​ធានារ៉ាប់រង​សុខភាព Obamacare ហើយ​សូម្បី​តែ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ក៏​ទៅ​សេតវិមាន​ដើម្បី​ស្ដាប់​ការ​អំពាវនាវ​ថ្មី​មួយ​របស់​លោក​ប្រធានាធិបតី ត្រាំ ដែរ។

លោក​ប្រធានាធិបតី ត្រាំ បាន​មាន​ប្រសាសន៍​ថា «អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដែល​អ្នក​បាន​សន្យា​នឹង​ពលរដ្ឋ​អាមេរិកាំង​ថា អ្នក​នឹង​លុបចោល​ច្បាប់​ធានារ៉ាប់រង​សុខភាព Obamacare។ ប្រជាពលរដ្ឋ​កំពុង​តែ​ជួប​បញ្ហា។ ភាព​អសកម្ម​មិនមែន​ជា​ជម្រើស​នោះ​ទេ»។

មាន​ពេល​មួយ លោក ត្រាំ បាន​លើកឡើង​ថា ប្រហែល​ជា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ឲ្យ​ច្បាប់​ធានារ៉ាប់រង​សុខភាព Obamacare បរាជ័យ។ កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ទាប់​ទៀត​របស់​គណបក្ស​សាធារណរដ្ឋ​គឺ​គ្រាន់​តែ​មាន​គោលបំណង​លុបចោល​ច្បាប់​ធានារ៉ាប់រង​សុខភាព​នេះ​ប៉ុណ្ណោះ ហើយ​នេះ​ជា​អ្វី​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដូចជា​លោក​សមាជិក​ព្រឹទ្ធសភា Chuck Schumer ជាដើម​ជំទាស់។

លោក Chuck Schumer ​បាន​មាន​ប្រសាសន៍​ថា៖ «កុំ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​កំហុស​ឲ្យ​សោះ។ ការ​ដែល​លុបចោល​ច្បាប់​ធានារ៉ាប់រង​សុខភាព​ដោយ​គ្មាន​ការ​ដាក់​ច្បាប់​ថ្មី​ជំនួស​វិញ​គឺ​ជា​គ្រោះ​មហន្តរាយ​មួយ»។

លោកស្រី Molly Reynolds នៃ​អង្គការ Brookings Institution បាន​ថ្លែង​ថា ការ​រាំងស្ទះ​ខាង​ច្បាប់​ធានារ៉ាប់រង​សុខភាព​គឺ​ជា​បរាជ័យ​នយោបាយ​មួយ​សម្រាប់​លោក​ប្រធានាធិបតី។

លោកស្រី Reynolds បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ប្រធានាធិបតី​ម្នាក់​ដែល​បាន​ប្រឹងប្រែង​យ៉ាង​ច្រើន​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​និង​នៅ​ពេល​ដំបូងៗ​នៃ​អាណត្តិ​របស់​ខ្លួនដើម្បី​តែ​ជ័យជម្នះ​នោះ គឺ​ជា​បរាជ័យ​មួយ​សម្រាប់​លោក»។ ​
សមាជិក​គណបក្ស​សាធារណរដ្ឋ​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ ចំពោះ​ច្បាប់​ថ្មី​សម្រាប់​ជំនួស​ច្បាប់ Obamacareនេះ។

ប៉ុន្តែ​ពួកគេ​ភាគច្រើន​ចង់​ធ្វើ​តាម​ការ​សន្យា​នៅ​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Mitch McConnell មេដឹកនាំ​ព្រឹទ្ធសភា។
លោក McConnell បាន​ថ្លែង​ថា៖ «មាន​មនុស្ស​ភាគច្រើន​នៅ​ក្នុង​គណបក្ស​របស់​យើង ដែល​ចង់​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​ថា ពួកគេ​ចង់​រក្សា​ការ​ប្តេជ្ញា​របស់​ខ្លួន​ដែល​បាន​សន្យា​នៅ​ក្នុង​ការ​បោះឆ្នោត​ចំនួន​៤​ដង​ជាប់​ៗគ្នានៅ​ក្នុង​ការ​លុបចោល​ច្បាប់ Obamacareនេះ»។

អ្នក​អភិរក្ស​និយម​មួយ​ចំនួន​និយាយ​ថា ផែនការ​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​លុបចោល​ច្បាប់ Obamacare ទេ ខណៈ​ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​និយម​កណ្ដាល​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ាន់ស្មាន​ដែល​ថា ប្រជាពលរដ្ឋ​អាមេរិកាំង​ជាង​២០​លាន​នាក់​អាច​នឹង​បាត់បង់​ការ​ធានារ៉ាប់រង​សុខភាព​របស់​ពួកគេ។

លោក Kyle Kondik នៃ​សាកលវិទ្យាល័យ University of Virginia បាន​មាន​ប្រសាសន៍​ថា បញ្ហា​ភ្លាំងភ្លាត់​ណាមួយ​ពាក់ព័ន្ធ​នឹង​ច្បាប់​ធានារ៉ាប់រង​សុខភាព​អាច​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​បាត់បង់​ការ​គ្រប់គ្រង​សភា​នៅ​ឆ្នាំ​ក្រោយ។

លោក Kondik បាន​ថ្លែង​ថា៖ «ជាទូទៅ ប្រសិន​បើ​អត្រា​គាំទ្រ​របស់​លោក​ប្រធានាធិបតី​នៅ​តែ​មាន​អត្រា​៤០​ភាគរយ​ឬ​ទាប​ជាង​នេះ គណបក្ស​សាធារណរដ្ឋ​នឹង​បាត់បង់​ការ​គ្រប់គ្រង​នៅ​ក្នុង​រដ្ឋសភា ព្រោះ​បើ​មើល​តាម​ប្រវត្តិសាស្ត្រ ប្រធានាធិបតី​ដែល​មាន​អត្រា​គាំទ្រ​ទាប​បាន​បាត់បង់​យ៉ាង​ច្រើន​នៅ​ក្នុង​រដ្ឋសភា»។

ប្រសិន​បើ​សមាជិក​គណបក្ស​សាធារណរដ្ឋ​មិន​អាច​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​នេះ​បាន​ទេ ពួកគេ​ប្រហែល​ជា​ត្រូវ​ងាក​ទៅ​រក​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មួយ​លើ​ច្បាប់​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Matthew Fiedler អ្នក​ជំនាញ​ខាង​ការ​ធានារ៉ាប់រង​សុខភាព​នៃ​អង្គការ Brookings Institution។

លោក Fiedler បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ច្បាប់​នេះ​បរាជ័យ នឹង​ត្រូវ​មាន​ការ​ចរចា​រវាង​គណបក្ស​ទាំងពីរ ដែល​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​ការ​កែប្រែ​តូចៗ​មួយ​ចំនួន ជាពិសេស​ចំណុច​ដែល​ប៉ះពាល់​ដល់​ការ​ធានារ៉ាប់រង​សុខភាព​របស់​បុគ្គល​ម្នាក់ៗ»។

កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លុបចោល​ច្បាប់​ធានារ៉ាប់រង​សុខភាព​ដែល​មាន​រយៈពេល​យូរ​នេះ បាន​ពន្យារ​ពេល​ទៅ​លើសកម្មភាព​អាទិភាព​នៃ​គោល​នយោបាយ​ក្នុង​ប្រទេស​ដទៃ​ទៀត​របស់​លោក ត្រាំ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​សន្យា​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត នោះ​គឺ​កំណែ​ទម្រង់​ពន្ធដារ៕

ប្រែ​សម្រួល​ដោយ ហុង ចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG