អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានស្នើនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យអាជ្ញាធរកម្ពុជាទម្លាក់ការចោទប្រកាន់លើក្រុមសកម្មជនគណបក្សសង្គោះជាតិ១១រូប។
ក្រុមសកម្មជនគណបក្សប្រឆាំងទាំង១១នាក់ត្រូវចោទប្រកាន់ពីបទធ្វើកុប្បកម្មប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃ១៥ខែកក្កដា ឆ្នាំមុន នៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យមុខរមណីយដ្ឋានវត្តភ្នំ។
សេចក្តីថ្លែងការណ៍របស់អង្គការដែលមានទីតាំងនៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិកនេះ បានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ មុនពេលតុលាកាក្រុងភ្នំពេញបើកសវនាការកាត់ទោសសកម្មជននយោបាយខាងលើនេះ។
អង្គការ Human Rights Watch បានហៅការចោទប្រកាន់ទៅលើកក្រុមសកម្មជនទាំង១១របស់គណបក្សសង្គ្រោះជាតិនេះថា ជា«រឿងគួរឲ្យអស់សំណើច» និងជារឿងនយោបាយ។ ជាងនេះទៀត នេះជាការបិទសិទ្ធិជាមូលដ្ឋានរបស់មនុស្សក្នុងការជួបជុំគ្នាដោយសេរី និងសន្តិភាព និងការសម្តែងមតិជាដើម។
លោកប៊្រេដ អាដាម នាយកផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖«ដំណើរការកាត់ទោសសកម្មជនទាំង១១នាក់នេះគឺជាយុទ្ធនាការចុងក្រោយបង្អស់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការគំរាមកំហែង និងដាក់គុកអ្នកដែលប្រឆាំងរដ្ឋាភិបាលរស់លោក»។
លោកបានអំពាវនាវថា ប្រទេសម្ចាស់ជំនួយ«គួរតែហ៊ាននិយាយជំទាស់ចំពោះ ដំណើរការកាត់ទោសនេះ» ។
សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូបត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោយពីមានការចោទប្រកាន់ដោយតុលាការ។ តុលាការដែលសំអាងថា ជាកងសន្តិសុខសាលាក្រុងភ្នំពេញប្រមាណជិត៥០នាក់ បានរងរបួសក្នុងអំពើហិង្សានោះ។ ក្នុងចំណោមជនជាប់ចោទមានលោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សនេះដែរ។
លោកចាន់ ចេន មេធាវីរបស់លោកមាជ សុវណ្ណារ៉ា មានប្រសាសន៍គាំទ្រការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដោយលោកនិយាយថា កូនក្តីរបស់លោកមិនបានប្រពឹត្តកំហុស ដូចការចោទនោះទេ។
«ខ្ញុំសូមគាំទ្ររឿងហ្នឹង ព្រោះឥឡូវនេះគឺវប្បធម៌ចរចារវាងខ្មែរនិងខ្មែរ គួរតែទម្លាក់នូវអ្វីដែលមិនសមស្រប មិនត្រឹមត្រូវ និងរួមសុខដុមរមនាជាមួយគ្នាទៅ»។
ដោយឡែក លោកផៃ ស៊ីផាន អ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដោយលោកមានប្រសាសន៍ថា រឿងក្តីនេះវាផុតពីដៃរបស់រដ្ឋាភិបាលហើយ ហើយរដ្ឋាភិបាលមិនអាចជ្រៀតជ្រែកចូលក្នុងការសម្រេចចិត្តរបស់តុលាការនោះទេ។
«តាមនីតិវិធីគឺរាជរដ្ឋាភិបាលមិនមែនជាតួអង្គការវិនិច្ឆ័យរឿងក្តីនេះទេ រាប់ទាំងអង្គការក្រៅរដ្ឋាភិបាល គឺមិនមានដែនកាតព្វកិច្ច ឬអំណាចណាមួយក្នុងការវិនិច្ឆ័យក្តីនេះដែរ មានតែតុលាការទេ។ នេះជាអង្គការព្រៃមួយដែលមិនស្គាល់កម្ពុជាទាំងប្រព័ន្ធតុលាការ និងលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ផងដែរថា សកម្មជនគណបក្សសង្គ្រោះជាតិ៦នាក់ក្នុងចំណោម១១នាក់ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយ៥នាក់ផ្សេងទៀត រួមទាំងលោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីព័ត៌មានដែលមានសញ្ជាតិអាមេរិកផងនោះ មិនត្រូវបានដោះលែងទេ៕