ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បន្ត​ជំរុញ​ឲ្យ​មាន​ការដោះលែង​មន្ត្រី​របស់​ខ្លួន


លោក មាជ សុវណ្ណារ៉ា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​​នាំ​​ខ្លួន​នៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ពុធ ទី​៤ ខែ​មីនា ឆ្នាំ​២០១៥។ (ហេង រស្មី/VOA)
លោក មាជ សុវណ្ណារ៉ា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​​នាំ​​ខ្លួន​នៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ពុធ ទី​៤ ខែ​មីនា ឆ្នាំ​២០១៥។ (ហេង រស្មី/VOA)

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំនឿ​ថា​ បន្ទាប់​ពី​សមាជិក​រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រួច​មក​ មេដឹក​នាំ​នៃ​គណបក្ស​ទាំង​ពីរ​ទំនង​ជានឹង​ជួប​ពិភាក្សា​គ្នា​ដើម្បី​ជជែក​អំពីករណី​លោក​ មាជ សុវណ្ណារ៉ា។​

លោក ​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថ​កិច្ចរបស់​រដ្ឋាភិបាលចាប់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​២០១៤។​

ក្រោយ​មក​ត្រូវ​បាន​សម្រេចឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​រង់​ចាំ​ជំនុំ​ជម្រះទោស​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ។​

លោក​ អេង ឆៃ​អ៊ាង​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ មាន​ជំនឿ​ថា ​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​នឹង​អាច​ពិភាក្សា​គ្នា​ដើម្បី​ស្វះ​ស្វែង​រក​ឲ្យមាន​ការ​ដោះ​លែង​លោក ​មាជ សុវណ្ណារ៉ា​ បន្ទាប់​ពី​រដ្ឋ​សភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​រួច។​

លោក​និយាយថា៖​«សុទ្ធ​តែ​រឿង​នយោបាយ​ទាំង​អស់ ​អញ្ចឹង​ហើយ​វា​ច្បាស់​ហើយ​ថា​ ដើម្បី​ឲ្យមាន​ការ​សន្ទនាគ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ ដើម្បី​ថា ​យើង​ចង់​ ធ្វើ​ការ​ជា​មួយ​គ្នា​ យើង​ចង់​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយ​គ្នា។​ ដូច្នេះ​យើង​ត្រូវ​តែ​ជជែក​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ណា​ដែល​នៅ​សេស​សល់​តាមការ​សន្ទនា​គា្ន​ហ្នឹង​ឯង»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ពុធ​ បាន​អះអាង​ថា ​ករណី​លោក​ មាជ សុវណ្ណារ៉ា​ លោក​មិន​លូក​ដៃ​ទេ​ ដោយ​ទុក​រឿង​នេះ​ជា​ការ​សម្រេចរបស់​តុលាការ។​

លោក​និយាយ​ថា៖​ «ហើយ​ម្សិលមិញ​ថា​ ឲ្យឯកឧត្តម​សម រង្ស៊ី​លើក​ជាមួយ​ខ្ញុំ​ ក្រោយ​បោះ​ឆ្នោត។​ ​គ្មាន​ទេ! ​រឿង​តុលាការ​ ទុក​ឲ្យតុលាការ!​ រឿង​ខ្ញុំ​គឺ​ខ្ញុំ! កុំ​បោក​គេ​ទៀត!​ អ្នក​ណា​ជាប់​គុក​គឺ​នៅ​បន្ត​គុក​ហ្នឹង​ទៅ!​ ខ្ញុំ​មិន​ធានា​ជូន​ទេ!​ អត់​ធានា​ជំងឺ​ទេ»។​

រដ្ឋ​សភា​របស់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ​បានពិភាក្សា​ដេញ​ដោល​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ និងសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត។​

សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ទទួល​រង​នៅ​ការ​រិះ​គន់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​អន្តរជាតិ​ថា​ បាន​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និង​រដ្ឋ​ធម្មនុញ្ញ។

លោក មាជ សុវណ្ណារ៉ា​ត្រូវ​បាន​តុលាការ​កំពូល​កាល​ពី​សប្តាហ៍​មុន​បដិសេធ​សំណើស្នើ​សុំ​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ដោយ​បាន​លើក​ហេតុ​ផល​ថាករណី​នេះ​មិន​អាច​ដោះ​លែង​បាន​ទេ ​ដោយ​សារ​តែ​តុលាការ​ក្រុង​ភ្នំពេញ​កំពុង​ដំណើរ​ការ​នីតិ​វិធី​របស់​ខ្លួន​នៅ​ឡើយ។​

លោក ​មាជ សុវណ្ណារ៉ា​ អាយុ​៤៦​ឆ្នាំ​ និង​សកម្ម​ជន​គណបក្ស​មួយ​ចំនួន​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​ បាន​បង្ក​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ឆ្នាំ​២០១៤​ ​ដែល​បាន​បណ្តាល​ឲ្យ​កង​សន្តិសុខ​ប្រមាណ​ជិត​៥០​នាក់​ដែល​ត្រូវ​បាន​ជួល​ដោយ​សាលា​ក្រុង​ភ្នំពេញបាន​រង​របួស។​

សំណុំ​រឿង​របស់​លោក​មាជ សុវណ្ណារ៉ា​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ប្រមាណ​១១​នាក់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​ម្តង​កាល​ពី​ដើម​ខែ​មករា ​ក៏​ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ ​ដោយ​សារ​តែក្រុម​មេធាវី​ការពារក្តី​បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ ក្រោយ​ពេល​លោក​ចៅ​ក្រម​តាំង ស៊ុនឡាយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន​ចូល​ស្តាប់​ក្នុង​បន្ទប់​សវនាការ។

តុលាការ​ក្រុង​ភ្នំពេញ​ មក​ដល់​ពេល​នេះ មិន​ទាន់​បាន​កំណត់​ថា​ សវនាការ​ចំពោះ​សំណុំ​រឿង​នេះ​នឹង​បើក​ឡើង​វិញ​នៅ​ពេល​ណា​ទេ៕

XS
SM
MD
LG