ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ទី២​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទិន​នឹង​ការ​ដាក់​គ្រាប់​បែក​នៅ​ទីក្រុង​បាងកក


​​ឧត្តម​សេនីយ៍​ Prawuth Thavornsiri អ្នក​នាំ​ពាក្យ​ប៉ូលិសកាលពីថ្ងៃទី១ ខែកញ្ញា បានបង្ហាញ​រូបថត​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​បីនាក់​ ដែល​អាជ្ញាធរ​បាន​ចេញ​ដីកាចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​បែក។
​​ឧត្តម​សេនីយ៍​ Prawuth Thavornsiri អ្នក​នាំ​ពាក្យ​ប៉ូលិសកាលពីថ្ងៃទី១ ខែកញ្ញា បានបង្ហាញ​រូបថត​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​បីនាក់​ ដែល​អាជ្ញាធរ​បាន​ចេញ​ដីកាចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​បែក។

នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ថៃ​ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញញ​នេះ​ថា​ ជន​សង្ស័យ​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ ទាក់​ទិន​នឹង​ការ​ដាក់​គ្រាប់​បែក​នៅ​ទី​សក្ការៈ​ហិណ្ឌូ​ក្នុង​ទីក្រុង​បាងកក​។

លោក Prayuth Chan-ocha ​ នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ថៃ​ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញញ​នេះ​ថា​ ជន​សង្ស័យ​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ ទាក់​ទិន​នឹង​ការ​ដាក់​គ្រាប់​បែក​នៅ​ទី​សក្ការៈ​ហិណ្ឌូ​ក្នុង​ទីក្រុង​បាងកក​ កាលពី​ ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ។

ការ​ដាក់​គ្រាប់​បែក​កាលពី​ថ្ងៃ​ទី​ ១៧ ខែ​សីហា​ នៅ​ទីសក្ការៈ​ Erawan​ នៅ​ទីក្រុង​បាងកក​ បាន​សម្លាប់​មនុស្ស​ចំនួន​ ២០​នាក់​ ហើយ​មនុស្ស​ជាង​ ១០០ នាក់​ទៀត​បាន​រង​របួស​ ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​ទេសចរណ៍​មក​ពី​តំបន់​អាស៊ី។​

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​បាងកក​ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ បាន​រៀប​រាប់​អំពី​ជន​សង្ស័យ និង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ​ នៅ​ខេត្ត​ Sa Kaeo ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​កម្ពុជា។

«ជន​សង្ស័យ​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​នៅ​ក្នុង​ខេត្ត​ Sa Kaeo។ ប៉ូលិស​បាន​ដាក់​កន្លែង​ត្រួត​ពិនិត្យ​ជា​ច្រើន។​ នៅ​ពេល​ដែល​ប៉ូលិស​ ឃើញ​នរណា​ម្នាក់​ដែល​គួរ​ឲ្យ​សង្ស័យ​ ពួក​គេ​ចាំបាច់​ត្រូវ​ចាប់​ខ្លួន​អ្នក​នោះ។​ ហើយ​បុរស​ម្នាក់​នេះ​ មាន​ភិនភាគ​ស្រដៀង​នឹង​បុរស​ដែល​ប៉ូលិស​កំពុង​តាម​ចាប់​ខ្លួន។​ ពួក​យើង​ត្រូវ​តែ​ធ្វើ​តេស្ត​ជា​ច្រើន​ដូចជា​ ការ​ពិនិត្យ​ស្នាម​ក្រយ៉ៅ​ដៃ​ និង​ការ​ពិនិត្យ DNA ជា​ដើម។​ បើ​សិន​ជា​ ជន​ដែល​យើង​ចាប់​បាន​នោះ​ ជា​ជន​សង្ស័យ​នោះ​ មាន​ន័យ​ថា យើង​ចាប់​បានជន​សង្ស័យ​នោះ​ហើយ។ ជន​សង្ស័យ​ទំនង​ជា​ព្យាយាម​ឆ្លង​ដែន​នៅតំបន់​ព្រំដែន ក្នុង​ទឹក​ដី​របស់​ប្រទេស​ថៃ ដើម្បី​គេច​ខ្លួន។ ពួក​យើង​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត»។​

ជន​សង្ស័យ​ទី​២​ ដែល​ត្រូវ​យក​ទៅ​ឃុំ​នោះ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វេលា​ថ្ងៃ​ត្រង់​ កាលពី​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​នេះ​ ដែល​ជន​សង្ស័យ​រូប​នោះ​ បាន​ព្យាយាម​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​ ហើយ​ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​សួរ​ចម្លើយ​ពី​សំណាក់​យោធា​នៅរាជធានី​ បាងកក។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​ លោក​ឧត្តម​សេនីយ៍​ឯក​ Prawut Thavornsiri​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​បាងកក​ថា​ ពួក​គេ​ប្រាកដ​ថា​ ជនសង្ស័យ​រូប​នេះ​ពិត​ជា​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​នេះ​មែន។

«នៅ​ជំហាន​ដំបូង​ ភស្តុតាង​ទាំង​អស់​បាន​គូស​បញ្ជាក់​ថា​ ជន​សង្ស័យ​ទី​២​នេះ​ គឺ​ជា​ជន​សង្ស័យ​ដ៏​សំខាន់​មួយ​ នៅ​ក្រុម​តែ​មួយ​ជា​មួយ​នឹង​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដំបូង​នោះ។​ ហើយ​ជន​សង្ស័យ​ទី២​នេះ​ ជា​អ្នក​ដែល​យក​គ្រាប់​បែក​ទៅ​ដាក់​នៅ​កន្លែង​ដែល​បាន​ផ្ទុះ​នោះ​ គឺ​ទាំង​ពីរ​កន្លែង។​ ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​យើង​ប្រាកដ​ក្នុង​ចិត្ត​ ហើយ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ដើម្បី​រក​ព័ត៌មាន​ និង​រក​សាក្សី​ដើម្បី​បញ្ជាក់។​ ពួក​គេ​បាន​ប្រើ​ភស្តុតាង​តាម​ផ្លូវ​ច្បាប់​ រួម​មាន​ ស្នាម​ក្រយ៉ៅ​ដៃ​ DNA និង​រូប​ភាព។​ ឥឡូវ​នេះ​ពួក​យើង​ជឿជាក់​ថា​ ជន​សង្ស័យ​រូប​នេះ​គឺ​ជា​ ជន​សង្ស័យ​ដ៏​សំខាន់​មួយ​រូប»។

ភិន​ភាគ​របស់​ជន​សង្ស័យ​នេះ​គឺ​ស្រដៀង​គ្នា​ ទៅ​នឹង​បុរស​ពាក់​អាវ​ពណ៌​លឿង​ ដែល​ត្រូវ​ថត​បាន​តាម​រយៈ​ កាមេរ៉ា​សន្តិសុខ​ ដោយ​ទុក​កាបូប​ស្ពាយ​ នៅ​ទី​សក្ការៈ​នោះ​មុន​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG