មានមនុស្សយ៉ាងតិចណាស់១៨នាក់បានស្លាប់និងមនុស្សនៅជិតខាងជាច្រើននាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះមួយនៅជិតកន្លែងមួយដែលពួកទេសចរចូលចិត្តទៅលេងនៅកណ្តាលក្រុងបាងកក។
ការផ្ទុះនេះបានកើតមានឡើងនៅក្នុងតំបន់ពាណិជ្ជកម្ម Ratchaprasong ដែលនៅជិតទីសក្ការបូជា Erawan នៃសាសនាហិណ្ឌូ (Hindu)។
ការផ្ទុះកាលពីល្ងាចថ្ងៃចន្ទ បានយកជាទីដៅនូវតំបន់មួយដែលទាក់ទាញពួកទេសចរនិងពួកអ្នកទិញអីវ៉ាន់ ហើយនៅទីនោះមានសណ្ឋាគារផ្កាយប្រាំនិងហាងលក់ទំនិញប្រណីតៗ។ ម៉ាស៊ីនថតវីដេអូឃ្លាំមើលបានថតទិដ្ឋភាពនៅពេលដែលគ្រាប់បែកនោះផ្ទុះនៅពេលឡាននិងម៉ូតូបើកកាត់ផ្លូវកែងមានចរាចរណ៍មមាញឹក។
នៅពេលទៅដល់កន្លែងកើតហេតុក្នុងរយៈពេលខ្លីក្រោយការផ្ទុះគ្រាប់បែកនេះ លោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេបានឃើញសាកសពគ្របដោយក្រណាត់ពណ៌សនិងបំណែករាងកាយមនុស្សខ្ទាតនៅពេញផ្លូវ។
មជ្ឈមណ្ឌលពេទ្យ Erawan រាយការណ៍ថា ជនរងគ្រោះ១២នាក់ស្លាប់នៅនឹងកន្លែងហើយ៦នាក់ទៀតស្លាប់នៅឯមន្ទីរពទ្យ។ មានមនុស្សជាង១០០នាក់បានត្រូវរបួស។
ទីសក្ការបូជា Erawan នៅកណ្តាលក្រុងបាងកក ជាធម្មតាមានពួកទេសចរនិងជនជាតិថៃជាច្រើននាក់ទៅទីនោះដើម្បីថ្វាយដង្វាយដល់រូបបដិមាមួយដែលតំណាងព្រះវិស្ណុតាមជំនឿរបស់ថៃដែលជាព្រះអាទិទេពនៃការបង្កើតតាមសាសនាហិណ្ឌូ (Hindu)។ លោក Herman បន្ថែមថា នៅពេលល្ងាចដែលមានការផ្ទុះនោះអាចមានមនុស្សរាប់រយនាក់បានទៅតំបន់នោះ៕