ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ស្វែង​រក​ជនសង្ស័យ​​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​ក្រុង​បាងកក


រូបភាព​ពី​ខ្សែ​វីដេអូ​សន្តិសុខ​បង្ហាញ​ពី បុរស​ម្នាក់​ពាក់​អាវ​ពណ៌​លឿង និង​ពាក់​កាបូប​ស្ពាយ​ដែល​ត្រូវ​បាន​ឃើញ​ដើរ​ជិត​អាស្រម​ Erawan ទី​ដែល​ការ​ផ្ទុះ​គ្រាប់បែក​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ២២នាក់​កាល​ពី​ថ្ងៃច័ន្ទ ទី​១៧ ខែសីហា នៅ​ក្រុង​បាងកក ប្រទេស​ថៃ។
រូបភាព​ពី​ខ្សែ​វីដេអូ​សន្តិសុខ​បង្ហាញ​ពី បុរស​ម្នាក់​ពាក់​អាវ​ពណ៌​លឿង និង​ពាក់​កាបូប​ស្ពាយ​ដែល​ត្រូវ​បាន​ឃើញ​ដើរ​ជិត​អាស្រម​ Erawan ទី​ដែល​ការ​ផ្ទុះ​គ្រាប់បែក​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ២២នាក់​កាល​ពី​ថ្ងៃច័ន្ទ ទី​១៧ ខែសីហា នៅ​ក្រុង​បាងកក ប្រទេស​ថៃ។

នាយក​រដ្ឋមន្រ្តី​ថៃលោកប្រាយុទ្ធ ចាន់​អូឆា​បាន​និយាយ​ថា ​ក្រុម​អាជ្ញាធរ​កំពុង​ស្វែងរក​ជន​សង្ស័យ​ម្នាក់ ដែល​បាន​ឃើញ​នៅ​ក្នុង​រូប​ថត​នៃ​ម៉ាស៊ីន​ថត​រូប​សន្តិសុខ​នៅឯ​កន្លែង​កើត​ហេតុ ដែល​នៅ​ទី​នោះ​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​រាជធានី​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់២២​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​១២០​នាក់​ទៀត​រង​របួស។

លោក​នាយក​រដ្ឋ​មន្រ្តី​និយាយ​ថា ​មាន​មនុស្ស​ជា​ច្រើន​ដែល​កំពុងព្យាយាម​បំផ្លាញ​ប្រទេស​របស់​យើង​ដោយ​ហេតុផល​ជា​ច្រើន។

លោក​នាយករដ្ឋ​មន្រ្តី ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ថា «​ការ​ប៉ុនប៉ង​ដែល​កំពុង​បន្តធ្វើ​ឡើង​ដើម្បីកម្ទេចប្រទេស​របស់យើង​អាច​ជា​ហេតុផល​ខាង​នយោបាយ ​ដោយ​សំដៅ​ទៅលើ​វិស័យទេសចរណ៍​សេដ្ឋ​កិច្ចដោយ​សារ​មូលហេតុ​ផ្សេង​ៗ។ រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ដើម្បី​ស្វែងរក​ជន​ដៃ​ដល់​ទាំង​នោះ​ និង​បណ្តាញ​ពាក់​ព័ន្ធដើម្បីនាំ​ពួកគេ​មក​កាន់​តុលាការ​ឲ្យ​បាន​ឆាប់​រហ័ស។

​នាយក​រដ្ឋ​មន្រ្តី ​ក៏​បាន​សន្យា​ផង​ដែរ​ថា ​រដ្ឋាភិបាល​នឹង​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ការពារជន​បរទេស​ដែល​កំពុងរស់​នៅ​ក្នុង​ប្រទេស​ថៃ។

ក្រុម​អាជ្ញា​ធរ​និយាយ​ថា ​ជន​រងគ្រោះ​មក​ពី​ការ​ផ្ទុះ​គ្រាប់​បែក​ធ្វើ​ពី​បំពង់​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ​រួមមាន​មនុស្ស​៤​នាក់​មកពី​ប្រទេស​ចិន ​២​នាក់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​១នាក់​ទៀត​មក​ពី​ប្រទេស​សិង្ហបូរី។

គ្រាប់បែក​បាន​ផ្ទុះ​នៅ​ផ្លូវកែង​នៃ​តំបន់​ពាណិជ្ជកម្ម Ratchaprasongនៃ​ទីក្រុង​បាងកក​ ​ដែល​នៅ​ជាប់​នឹង​ទីសក្ការៈ​បូជា​ហិណ្ឌូ Erawan ​ដ៏​មាន​ប្រជា​ប្រិយភាព។

តំបន់​នោះ​បាន​ទាក់​ទាញ​អ្នកទេសចរ និងអ្នក​ទិញ​ទំនិញ ដោយ​មាន​សណ្ឋាគារ​ផ្កាយ​៥​និង​ហាងលក់​ទំនិញ​ធំៗ។ ម៉ាស៊ីនថត​ខាង​សន្តិសុខ​បាន​ថតពេលគ្រាប់​បែក​ផ្ទុះ​នៅពេល​ដែល​រថយន្ត​ និង​ម៉ូតូ​បាន​ឆ្លង​កាត់​ផ្លូវ​កាច់​ជ្រុង​ដ៏​មមារញឹក។

​បន្ទាប់​ពី​ការ​ផ្ទុះ​នោះ ​ក្រុម​អាជ្ញាធរ​បាន​បង្កើន​សន្តិសុខ​នៅ​តំបន់​ទេសចរណ៍ ​និង​ពាណិជ្ជកម្ម​ផ្សេង​ទៀត។

ទេសចរណ៍​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋ​កិច្ច​របស់ថៃ ​ដែល​មាន​ប្រ​ហែល​មួយ​ភាគ​ដប់​នៃ​សេដ្ឋ​កិច្ច​របស់​ព្រះ​រាជា​ណាចក្រ​នោះ។

នៅ​ថ្ងៃ​អង្គារ​នេះ ​ការ​ផ្ទុះ​មួយ​ទៀត​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​នោះ ក៏ប៉ុន្តែ ​ប៉ូលិស​បាន​និយាយ​ថា វា​ជា​ឧបករណ៍​ដ៏​តូច​មួយ​ដែល​គេ​ចោល​ពីស្ពាន​ ដែល​មិនបាន​ធ្វើ​ឲ្យ​មនុស្ស​រង​របួស​ទេ។

គ្មាន​ក្រុម​ណាមួយ​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ច័ន្ទ ដែល​ជាអំពើ​ហឹង្សា​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​រាជ​ធានី​ចាប់​តាំង​ពី​ការ​ប៉ះ​ទង្គិច​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​រវាង​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​កងកម្លាំង​សន្តិសុខ​នៅ​ឆ្នាំ​២០១០​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​៩០​នាក់​ស្លាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG