ស្នងការប៉ូលិសនៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន ភាគខាងលិច សហរដ្ឋអាមេរិក អ្នកស្រី Carmen Best និយាយថា អ្នកស្រីនឹងលាលែងពីតំណែង។ ការប្រកាសដូច្នេះត្រូវបានធ្វើឡើងជាសាធារណៈ នៅថ្ងៃតែមួយ ដែលក្រុមប្រឹក្សាក្រុងនេះបានអនុម័តកាត់បន្ថយចំនួនមន្ត្រីប៉ូលិសរហូតដល់ ១០០ នាក់ តាមរយៈការបញ្ឈប់ពីការងារ និងការកាត់បន្ថយបុគ្គលិកបន្ដិចម្ដងៗ។
ការកាត់បន្ថយបុគ្គលិកនេះទទួលបានការគាំទ្រពីក្រុមបាតុករដែលបានតវ៉ានៅក្រុង Seattle ក្រោយពីមានស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ក្នុងសមត្ថកិច្ចប៉ូលិសក្រុង Minneapolis រដ្ឋ Minnesota កាលពីខែចុងខែឧសភា។
អ្នកស្រី Best គឺជាស្នងការប៉ូលិសស្បែកខ្មៅដំបូងបង្អស់នៅក្នុងក្រុងនេះ។ អ្នកស្រីបានសរសេរនៅក្នុងលិខិតមួយច្បាប់ទៅកាន់ការិយាល័យប៉ូលិសនេះថា ការចូលនិវត្តន៍របស់អ្នកស្រីនឹងចូលជាធរមាននៅថ្ងៃទី ២ ខែកញ្ញា ខាងមុខនេះ ហើយអភិបាលក្រុងនេះបានតែងតាំងស្នងការប៉ូលិសរងលោក Adrian Diaz ឲ្យធ្វើជាស្នងការប៉ូលិសស្ដីទី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ KING-TV កាលពីថ្ងៃចន្ទ។ សមាជិកក្រុមប្រឹក្សាក្រុងបានអនុម័តលើការកាត់បន្ថយចំនួនប៉ូលិសនេះកាលពីថ្ងៃចន្ទ។
អ្នកស្រី Best បាននិយាយនៅក្នុងលិខិតមួយច្បាប់នោះថា៖ «ខ្ញុំជឿជាក់ថា ការិយាល័យប៉ូលិសនេះនឹងឆ្លងផុតពេលវេលាដ៏លំបាកនេះបាន»។
នៅក្នុងអ៊ីម៉ែលមួយទៅកាន់ស្ថាប័នប៉ូលិស អភិបាលក្រុងអ្នកស្រី Jenny Durkan បាននិយាយថា អ្នកស្រីបានយល់ព្រមតាមការសម្រេចចិត្តរបស់អ្នកស្រី Best ទាំងសោកស្ដាយ។
អភិបាលក្រុងនេះបានតែងតាំងអ្នកស្រី Best កាលពីខែកក្កដា ឆ្នាំ២០១៨ ដើម្បីដឹកនាំការិយាល័យប៉ូលិសនេះ៕