ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី ត្រាំ ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី ២ ក្រោយ​រួច​ផុត​ពីការ​ចោទ​ប្រកាន់​ដក​ហូត​តំណែង


​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្វើដំណើរ​នៅ​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា ២០២០។
​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្វើដំណើរ​នៅ​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald​ Trump កំពុង​ឈរ​ឈ្មោះ​ក្នុង​អាណត្តិ​ទី ២ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី ​៤៥ ​លោក ​Donald J. Trump ​ដែល​ជា​ប្រធានាធិបតី​ទី ៣ ដែល​ត្រូវ​បាន​សភា​កាត់ទោស​ចង់​ដក​ហូត​តំណែង តែ​ត្រូវ​បាន​រក​ឃើញ​ថា​គ្មាន​ទោស​វិញ​នោះ កំពុង​តែ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​ទី ២ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក ត្រាំ បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ ក្នុង​ទីក្រុង Orlando រដ្ឋ Florida ដោយ​បាន​បង្ហាញ​នូវ​ពាក្យ​ស្លោក «រក្សា​សហរដ្ឋ​អាមេរិក​ឲ្យ​នៅ​អស្ចារ្យ​តទៅ​ទៀត‍» ដែលមាន​លក្ខណៈ​ខុស​បន្តិច​ពី​ពាក្យ​ស្លោក​កាល​ពីឆ្នាំ ២០១៦ របស់​លោក ដែល​ថា​ «ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ឡើង​វិញ‍»។ លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​លោក​ថា៖ «យើង​ធ្វើ​បាន​ម្តង​ហើយ ហើយ​ឥឡូវ​នេះ​យើង​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​ម្តង​ទៀត ហើយ​លើក​នេះ​យើង​នឹង​បញ្ចប់​កិច្ចការ​របស់​យើង‍»។

សមិទ្ធផល​កន្លង​មក

មុន​ពេល​ក្លាយ​ជា​ប្រធានាធិបតី លោក ត្រាំ គឺ​ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​ជា​តារា​កម្មវិធី​ទូរទស្សន៍​ឥត​ព្រាង​ទុក​ដ៏​ល្បី​ឈ្មោះ និង​មាន​រឿង​ចម្រូង​ចម្រាស។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ពី​មហា​វិទ្យាល័យ​ហរិញ្ញវត្ថុ Wharton នៃ​សាកល​វិទ្យាល័យ Pennsylvania លោក​បាន​ចូល​ប្រឡូក​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​គ្រួសារ​លោក ដោយ​បាន​ពង្រីក​ឲ្យ​កាន់តែ​ធំ​ឡើង និង​បាន​សាងសង់​សណ្ឋាគារ កាស៊ីណូ និង​កន្លែង​វាយ​កូនហ្គោល​នៅ​ជុំវិញ​ពិភពលោក។

ក្នុង​អំឡុង​ដើម​ទសវត្សរ៍ ១៩៩០ លោក ត្រាំ ត្រូវ​ដាក់​ពាក្យ​ក្ស័យធន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង Atlantic City និង​ទីក្រុង New York។ ក៏​ប៉ុន្តែ​ក្រោយ​មក លោក​បាន​កសាង​អាជីវកម្ម​របស់​លោក​ឡើង​វិញ ហើយ​នៅ​ឆ្នាំ ២០១៦ ទស្សនាវត្តី Forbes បាន​ប៉ាន់ប្រមាណ​ថា លោក​មាន​ធនធាន​គិត​ជា​ទឹក​ប្រាក់​ចំនួន ៣ ពាន់ ៧ រយ​លាន​ដុល្លារ។

នៅ​ឆ្នាំ ​២០០៤ លោក ត្រាំ បាន​ក្លាយជា​តារា​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារ​ការ​ផលិត​និង​ការ​ដើរ​តួ​ក្នុង​កម្មវិធី​ទូរទស្សន៍​ឥត​ព្រាង​ទុក​មួយ​ឈ្មោះ «The Apprentice” ដែល​ល្បីល្បាញ​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍ NBC។ លោក​បាន​ចាក​ចេញ​ពី​កម្មវិធី​នោះ​កាល​ពី​ឆ្នាំ ២០១៥ ដើម្បី​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក ត្រាំ

ក្នុង​អំឡុង​ពេល​កាន់​តំណែង​របស់​លោក ៣ ឆ្នាំ​កន្លះ​កន្លង​មក​នេះ លោក​ប្រធានាធិបតី ត្រាំ បាន​អនុម័ត​ច្បាប់​កែ​ទម្រង់​ពន្ធដារ​យ៉ាង​សំខាន់​មួយ បាន​កាត់​បន្ថយ​ចំនួន​កងទ័ព​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី ហើយ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​តែងតាំង​ចៅក្រម​អភិរក្ស​និយម ២ រូប គឺ​លោក Neil Gorsuch និង​លោក Brett Kavanaugh ឲ្យ​បំពេញ​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​ដែល​នៅ​ទំនេរ ក្នុង​តុលាការ​កំពូល​ដែល​មាន​សមាជិក ៩ នាក់។ លោក​ថែម​ទាំង​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​តែងតាំង​ចៅក្រម​ជិត ២០០ នាក់​ផ្សេង​ទៀត ឲ្យ​កាន់​តំណែង​ក្នុង​តុលាការ​សហព័ន្ធ​ថ្នាក់​ទាប​ផ្សេង​ទៀត​ផង​ដែរ។

លោក ត្រាំ បាន​ជំរុញ​ឲ្យ​មាន​គោល​នយោបាយ​បង្ក្រាប​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ រួមទាំង​ការ​ទទួល​បាន​ការ​អនុម័ត​ពី​សភា​នូវ​ថវិកា​ចំនួន ជិត ១.៤០០ លាន​ដុល្លារ សម្រាប់​យក​ទៅ​សាងសង់​ជញ្ជាំង​តាម​ព្រំដែន ទោះ​ជា​តិច​ជាង​ចំនួន​ដែល​លោក​ចង់​បាន​យ៉ាង​ច្រើន​ក៏​ដោយ ហើយ​លោក​ថែម​ទាំង​បាន​ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​អាច​ប្រើ​ប្រាស់​ថវិកា​ចំនួន ៣.៦០០ លាន​ដុល្លារ​បន្ថែម​ទៀត សម្រាប់​យក​ទៅ​សង់​ជញ្ជាំង​ព្រំដែន​ផង​ដែរ។

លោក​ប្រធានាធិបតី ត្រាំ បាន​ធ្វើ​តាម​ការ​សន្យា​ពេលធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត ដែល​ថា​លោក​នឹង​កាត់​បន្ថយ​វិន័យ​រដ្ឋាភិបាល ហើយ​លុបចោល​ច្បាប់​ថែទាំ​សុខភាព​របស់​លោក​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែល​គេ​និយម​ហៅ​ថា Obamacare នោះ។ ទោះ​ជា​នៅ​គ្រា​ដែលពល​រដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​បាត់បង់​ការងារ​ធ្វើ និង​បាត់បង់​ការ​ធានា​រ៉ាប់រង​សុខភាព នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩ កំពុង​ឆ្លង​រាតត្បាត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​នេះ​ក៏​ដោយ ក៏​លោក ត្រាំ នៅតែ​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​លុបចោល​ច្បាប់​នោះ​ទាំង​ស្រុង​ផង​ដែរ។

លោក ត្រាំ តែងតែ​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​របស់​លោក​ចំពោះ​គោល​នយោបាយ​របស់​លោក អូបាម៉ា ដែល​ជា​ប្រធានាធិបតី​កាន់​តំណែង​មុន​លោក និង​ដែល​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​តែ​ម្នាក់​គត់​កន្លង​មក ដែល​ជា​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។

ក្នុង​រយៈពេល ៣ ឆ្នាំ លោក ត្រាំ កាន់​តំណែង​គ្រា​ដែល​សហរដ្ឋ​អាមេរិក​កំពុងតែ​ជួប​ប្រទះ​នឹង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច។ អត្រា​អ្នក​អត់​ការងារ​ធ្វើ​បាន​ធ្លាក់​មក​នៅ​ត្រឹម ៣,៥% ដែល​ជា​កម្រិត​ទាប​បំផុត​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​នេះ ក្នុង​ពេល ៥០ ឆ្នាំ​កន្លង​មក​នេះ។ ក៏​ប៉ុន្តែ​ភាព​ជោគជ័យ​នេះ​បាន​បញ្ចប់​ដោយ​ឥត​ព្រាង​ទុក នៅ​ពេល​ដែល​ការ​ឆ្លង​រាតត្បាត​វីរុស​កូរ៉ូណា បាន​រាល​ដាល​ចេញ​ពី​ប្រទេស​ចិន​ដល់​ពិភពលោក​ទាំង​មូល​នៅ​ដើម​ឆ្នាំ ២០២០។ លោក ត្រាំ បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​មន្ទិល​សង្ស័យ​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ និង​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​លើ​សហរដ្ឋ​អាមេរិក។

កាល​ពី​ចុង​ខែ​កុម្ភៈ លោក ត្រាំ បាន​ទស្សន៍ទាយ​នៅ​ក្នុង​ឃ្លីប​វីដេអូ​មួយ ដែល​បណ្តាញ​ផ្សាយ​ព័ត៌មាន​យក​ទៅ​ចាក់​ផ្សាយ​ឡើង​វិញ​ជា​ញឹកញយ ថា៖ «វីរុស​នេះ​នឹង​បាត់​ទៅ​វិញ​ទាំងស្រុង​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន‍»។

ផ្ទុយ​ទៅ​វិញ វីរុស​នេះ​បាន​រាលដាល​គ្រប់ ៥០ រដ្ឋ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​បាន​នាំ​ឲ្យ​មាន​ការ​គាំង​ដំណើរ​យ៉ាង​ធ្ងន់ធ្ងរ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ប្រទេស​ជាតិ​ទាំង​មូល​បាន​ជួប​ប្រទះ​នូវ​មហន្តរាយ​សេដ្ឋកិច្ច។ មនុស្ស​ជាង ៤៨ លាន​នាក់​បាត់បង់​ការងារ​ធ្វើ ដែល​ស្មើ​នឹង​កម្លាំង​ពលកម្ម​សហរដ្ឋ​អាមេរិក​ជាង ២៥% ស្រប​ពេល​ដែល​បណ្តា​អភិបាល​រដ្ឋ​នានា​បាន​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​វីរុស​នេះ។

រូបឯកសារ៖ ប្រធានាធិបតី​ ដូណាល់ ត្រាំ ធ្វើដំណើរ​ជាមួយ​ភរិយា Melania Trump ​និង​កូន​ប្រុស​ Barron Trump។
រូបឯកសារ៖ ប្រធានាធិបតី​ ដូណាល់ ត្រាំ ធ្វើដំណើរ​ជាមួយ​ភរិយា Melania Trump ​និង​កូន​ប្រុស​ Barron Trump។

សាលារៀន និង​សាកលវិទ្យាល័យ​នានា​បាន​បិទ​ទ្វារ ហើយ​កូន​សិស្ស និង​និស្សិត​នាំ​គ្នា​រៀន​តាម​អនឡាញ​ពី​ផ្ទះ។ ក្រុម​កីឡា​នាំ​គ្នា​ឈប់​ប្រកួត​កីឡា ចំណែក​ឯ​មន្ទីរពេទ្យ​បាន​ពន្យារពេល​នៃ​ការ​វះកាត់​ដែល​មិន​ចាំបាច់ ហើយ​ភោជនីយដ្ឋាន​បើក​លក់​ម្ហូប​សម្រាប់​យក​ទៅ​ញ៉ាំ​នៅ​ផ្ទះ​តែ​ប៉ុណ្ណោះ ពី​ព្រោះ​មាន​ការ​ហាម​មិន​ឲ្យ​អតិថិជន​អង្គុយ​ញាំ​ក្នុង​ហាង​ភាគ​ច្រើន​បំផុត​នៅ​សហរដ្ឋ​អាមេរិក។

លោក ត្រាំ បាន​ធ្វើ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​អំពី​វីរុស​កូរ៉ូណា​អស់​ពេល​រាប់​សប្តាហ៍ ប៉ុន្តែ​លោក​តែង​មើល​ស្រាល​ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​វីរុស​នេះ ដោយ​ហាក់ដូចជា​ខ្លាច​ថា ការ​ទទួលស្គាល់​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​វីរុស​នេះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ឱកាស​ជាប់​ឆ្នោត​ឡើង​វិញ​របស់​លោក​នៅ​ថ្ងៃ​បោះ​ឆ្នោត​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ​ដូច្នេះ។

លោក​បាន​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត​ថា នឹង​មាន​ថ្នាំ​វ៉ាក់សាំង​ការពារ​វីរុស​នេះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ ទោះ​ជា​ក្រុម​អ្នក​ជំនាញ​ខាង​សុខាភិបាល​បាន​បញ្ជាក់​ថា ថ្នាំ​វ៉ាក់សាំង​នេះ​នឹង​មិន​អាច​ទៅ​រួច​នៅ​មុន​ដើម​ឆ្នាំ ២០២១ ក៏​ដោយ។

ចំនួន​អ្នក​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​ដោយសារ​ជំងឺ​កូវីដ១៩ បាន​កើន​ជា​បន្តបន្ទាប់​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្តាហ៍​ដល់​ចំនួន​ជាង ១៤៣.០០០ នាក់ ហើយ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​បាន​កើន​ដល់​ជិត ៤ លាន​នាក់​គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​កក្កដា ដែល​ជា​ចំនួន​ច្រើន​ជាង​ប្រទេស​នានា​ទាំង​អស់​នៅ​លើ​ពិភពលោក។

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​បាន​ទស្សន៍ទាយ​ថា ពលរដ្ឋ​អាមេរិកាំង​រាប់​ម៉ឺន​នាក់​នឹង​ស្លាប់​ថែម​ទៀត ដោយសារ​ជំងឺ​កូវីដ១៩ នៅ​អំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ គ្រា​ដែល​មាន​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​នៅ​តាម​បណ្តា​រដ្ឋ​ភាគ​ខាង​ជើង​នោះ ការ​ឆ្លង​រាល​ដាល​ថ្មី​បាន​កើត​ឡើង​នៅ​តាម​បណ្តា​រដ្ឋ​ភាគ​ខាង​ត្បូង ដែល​បាន​បើក​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ ហើយ​បន្ទាប់​មក​ត្រូវ​បញ្ជា​ឲ្យ​រង្គសាល និង​ហាង​ជំនួញ​ខ្លះ​បិទ​ជា​ថ្មី​ម្តង​ទៀត។

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់ ១៤,៧% នៅ​ខែ​មេសា ហើយ​ក្រោយ​មក​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ១១,១% វិញ​នៅ​ខែ​មិថុនា នៅ​ពេល​ដែល​សេដ្ឋកិច្ចបាន​បន្ថែម​ការងារ​ជិត ៥ លាន​ថែម​ទៀត។ លោក ត្រាំ បាន​កោត​សរសើរ​ខ្លួន​ឯង ដោយ​ថ្លែង​ថា សេដ្ឋកិច្ច​អាមេរិក​នឹង​កើនឡើង​វិញ​នៅ​ពាក់កណ្ដាល​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២០ នេះ និង នៅ​ឆ្នាំ ២០២១។

ខណៈ​ដែល​វីរុស​កូរ៉ូណា​បាន​ឆ្លង​រាលដាល​ពាសពេញ​សហរដ្ឋ​អាមេរិក លោក ត្រាំ ត្រូវ​បង្ខំ​ខ្លួន​ដោះស្រាយ​បញ្ហា​ប្រឆាំង​តវ៉ា​ជា​ច្រើន ដែល​ពេល​ខ្លះ​ជា​ការ​តវ៉ា​មាន​អំពើ​ហិង្សា​ផង​នោះ នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​ស្លាប់ ក្រោយ​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​ប្រើ​ជង្គង់​សង្កត់​ពី​លើ​ក​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota កាលពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា​មក។

លោក ត្រាំ បាន​បញ្ជូន​សារ​ចម្រុះ​មួយ​អំពី​ការ​ប៉ះបោរ ដែល​បាន​កើត​ឡើង​ក្រោយ​មក ដោយសម្តែង​នូវ​ការ​គាំទ្រ​ពួក​បាតុករ​ដោយ​សន្តិវិធី ក៏​ប៉ុន្តែ​លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា ការ​ស្រែក​តាម​ផ្លូវ​ដែល​ថា «ជីវិត​ពល​រដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» នោះ គឺ​ជា «សញ្ញា​នៃ​ការ​ស្អប់‍​គុំកួន»។ លោក​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ឃ្លីប​វីដេអូ​មួយ​របស់​អ្នក​គាំទ្រ​លោក​ម្នាក់ ដែល​បាន​ស្រែក​ថា៖ «ជន​ស្បែក​ស​មាន​អំណាច‍» ប៉ុន្តែ​លោក​បាន​លុប​ឃ្លីប​វីដេអូ​នោះ​ចេញ​ពី​គណនី Twitter របស់​លោក​វិញ បន្ទាប់ពី​អ្នក​រិះគន់​បាន​ថ្កោលទោស​លោក ហើយ​នៅ​ពេល​នោះ​ដែរ ពួក​ជំនួយការ​របស់​លោក​បាន​និយាយ​ថា លោក​មិន​បាន​ឮ​សម្តី​ប្រកាន់​ពូជ​សាសន៍​នោះ​ទេ។

ស្រប​ពេល​សហរដ្ឋ​អាមេរិក​អបអរ​សាទរ​ខួប​ទី ២៤៤ នៃ​ទិវា​ឯករាជ្យ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៤ ខែ​កក្កដា លោក ត្រាំ បាន​រិៈគន់​ក្រុម​បាតុករ​ទាមទារ​យុត្តិធម៌​ជាតិ​សាសន៍​ថា តំណាង​ឲ្យ​អំពើ​អាក្រក់ សម្រាប់​ពួក​ហ្វាស៊ីស​ឆ្វេង​និយម​ជ្រុល​ជំនាន់​ថ្មី ដែល​គោលដៅ​ចម្បង​របស់​ក្រុម​នេះ គឺ​ដើម្បី «បញ្ចប់​សហរដ្ឋ​អាមេរិក‍»។

ព្រឹត្តការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ បាន​នាំ​ឲ្យ​អនាគត​នយោបាយ​របស់​លោក ត្រាំ មាន​ភាព​មិន​ច្បាស់លាស់ ដោយ​ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​ថា លោក​មាន​ការ​គាំទ្រ​តិច​ជាង​លោក​អតីត​អនុ​ប្រធានាធិបតី ចូ បាយដឹន ប្រហែល ៩% គឺ​ក្នុង​ពេល​មិន​ដល់ ៤ ខែ​ទៀត​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

ប៉ុន្តែ​ក្នុង​ពេល ៤០ ឆ្នាំ​កន្លង​មក​នេះ មាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​តែ ២ រូប​ប៉ុណ្ណោះ ដែល​ចាញ់​ឆ្នោត​មិន​បាន​កាន់​តំណែង​ក្នុង​អណត្តិ​ទី ២ ហើយ​ក្រុម​អ្នក​គាំទ្រ​លោក ត្រាំ បាន​កត់​សម្គាល់​ថា លោក​ធ្លាប់​បាន​ចាញ់​ក្នុង​ការ​ស្ទង់​មតិ​មុន​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៦ តែ​បែរ​ជា​បាន​ឈ្នះ​ដោយ​មិន​បាន​រំពឹង​ទុក​លើ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អ្នកស្រី ហ៊ីល្លឺរី ឃ្លីនតុន។

គោល​នយោបាយ​ការបរទេស

គោល​នយោបាយ​ការបរទេស​របស់​លោក ត្រាំ ត្រូវ​បាន​កំណត់​ដោយ​របៀបវារៈ «ផ្តល់​អាទិភាព​ដល់​សហរដ្ឋ​អាមេរិក​មុន​គេ​បង្អស់ (America First)» របស់​លោក។

លោក​ប្រធានាធិបតី ត្រាំ បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​អន្តរជាតិ​មួយ​ចំនួន ដូចជា​កិច្ច​ព្រម​ព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា TPP កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​បរិស្ថាន និង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ដើម។

ក្នុង​វិស័យ​ពាណិជ្ជកម្ម លោក ត្រាំ បាន​បំពេញ​តាម​ការ​ប្ដេជ្ញា​មួយ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ដែល​នោះ​គឺ​ការ​ចចារ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រាប់​ទ្វីប​អាមេរិក​ខាង​ជើង​ដែល​ហៅ​កាត់​ថា NAFTA ជាមួយ​ប្រទេស​កាណាដា និង​ម៉ិកស៊ិក ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​ចាប់ផ្តើមសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។

លោក ត្រាំ បាន​ចោទ​សួរ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ចំនួន​ថវិកា​ដែល​សហរដ្ឋ​អាមេរិក​ចំណាយ​ដើម្បី​ការពារ​ប្រទេស​ឯ​ទៀត ហើយ​លោក​បាន​រិៈគន់​ជា​សាធារណៈ​លើ​អង្គការ​អូតង់ ដែល​ជា​សម្ព័ន្ធភាព​យោធា​របស់​បស្ចិម​ប្រទេស​ដែល​បាន​បង្កើត​ឡើង​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២។

លោក ត្រាំ មាន​ទំនាក់ទំនង​ដែល​មាន​លក្ខណៈ​ងាយ​ប្រែប្រួល​ជាមួយ​មេដឹកនាំ​បរទេស​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​មេដឹកនាំ​នៃ​ប្រទេស​ដែល​ជា​សម័្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ជា​យូរ​មក​ហើយ​ផង​ដែរ ដូចជា​លោកស្រី​អធិការបតី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់ និង​លោក​ប្រធានាធិបតី Emmanuel Macron នៃ​ប្រទេស​បារាំង​ជាដើម។ ក៏​ប៉ុន្តែ​លោក​បាន​ឱប​ក្រសោប​មេដឹកនាំ​នៃ​ប្រទេស​ខ្លះ​ដែល​ជា​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រវត្តិសាស្ត្រ ដូចជា​លោក​ប្រធានាធិបតី Vladimir Putin នៃ​ប្រទេស​រុស្ស៊ី និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ជាដើម។ លោក ត្រាំ បាន​ហៅ​លោក Kim Jong Un ថា «បុរស​រ៉ុក្កែត​មាឌ​ល្អិត» ប៉ុន្តែ​ក្រោយ​មក បាន​ជួប​ជាមួយ​លោក Kim Jong Un ចំនួន ៣ លើក ហើយ​បាន​ប្រកាស​ថា «យើង​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ណាស់‍»។

ការ​ប្រឈម​ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី

ក្រៅ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២០ នេះ លោក ត្រាំ បាន​ជួប​ប្រទះ​នឹង​ការ​ប្រឈម​ធំៗ​មួយ​ចំនួន​ទៀត​ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ដូចជា ការ​ស៊ើប​អង្កេត​ដើម្បី​ដក​ហូត​តំណែង​របស់​លោក ដែល​បាន​ចាប់ផ្ដើម​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដោយ​បាន​ចោទ​ប្រកាន់​លោក​ថា បាន​ស្នើ​សុំ​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​អ៊ុយក្រែន ដើម្បី​ជីក​កកាយ​រក​ព័ត៌មាន​ទាក់ទង​នឹង​លោក​អតីត​អនុ​ប្រធានាធិបតី ចូ បាយដឹន និង កូន​ប្រុស​របស់​លោក បាយដឹន គឺ​លោក ហាន់ធើ បាយដឹន ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​របស់​លោក បាយដឹន ក្នុង​ការ​ប្រជែង​ជាមួយ​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទ​ប្រកាន់​លោក​នៅ​ចុង​ឆ្នាំ ២០១៩ ប៉ុន្តែ​ព្រឹទ្ធសភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​បាន​រកឃើញ​ថា​លោក​គ្មាន​ទោសនៅ​ដើម​ឆ្នាំ ២០២០ ដោយ​ក្នុង​នោះ​មាន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​បោះឆ្នោតថា​លោក​មាន​ទោស ហើយ​ចង់​ដក​លោក​ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី

ជាង​នេះ​ទៀត លោក ត្រាំ បាន​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​អស់​រយៈពេល​ជិត ២ ឆ្នាំ ដែល​ដឹក​នាំ​ដោយ​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller ដែល​បាន​ស៊ើប​អង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។ របាយការណ៍​ទី​បញ្ចប់​របស់​លោក Mueller បាន​រក​ឃើញថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ មិន​បាន​ផ្សំ​គំនិត​ជាមួយ​រុស្ស៊ី ដើម្បីធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ។ ក៏​ប៉ុន្តែ ការ​ស៊ើប​អង្កេត​នោះ​មិន​បាន​សន្មតថា​តើ​លោក ត្រាំ គួរ​ឬ​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រារាំង​ដំណើរការ​ស៊ើប​អង្កេត​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សហរដ្ឋ​អាមេរិក​មាន​ទម្លាប់​ជា​យូរ​អង្វែង​មក​ហើយ ដែល​ថា ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​បទ​ឧក្រិដ្ឋ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ លោក ប៉ូច រាសី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG