ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជួយ​សង្គ្រោះ​​កំពុង​ស្វែងរក​​អ្នក​រស់រាន​មាន​ជីវិត​ពី​ការ​​ហូរ​បាក់ដី​នៅ​​ក្នុង​ភូមិ​ជា​ច្រើន​នៅ​​ហ្វីលីពីន​​


ក្រុមអ្នក​ជួយ​សង្គ្រោះ​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​​ភូមិ​មួយ​នៅ​លើ​កោះ ​Panay របស់​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ដែល​​​ត្រូវ​ជន់​លិច​​ដោយ​​ខ្យល់​ព្យុះ​​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​បាក់​ដី​ផង​ដែរ។ (AP)
ក្រុមអ្នក​ជួយ​សង្គ្រោះ​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​​ភូមិ​មួយ​នៅ​លើ​កោះ ​Panay របស់​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ដែល​​​ត្រូវ​ជន់​លិច​​ដោយ​​ខ្យល់​ព្យុះ​​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​បាក់​ដី​ផង​ដែរ។ (AP)

ក្រុម​អ្នក​ជួយ​សង្គ្រោះហ្វីលីពីន​ដែល​ត្រូវ​បាន​រារាំង​ដោយសារ​តែ​ភក់​និង​ភ្លៀង​នៅ​ថ្ងៃ​អង្គារ​នេះ បានរុករកអ្នក​នៅ​រស់រាន​មាន​ជីវិត​ដោយសារ​តែ​ការបាក់​ដី​ដែល​បាន​បំផ្លាញ​ភូមិ​ជា​ច្រើន​នៅ​ក្នុង​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន ស្រប​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​សរុបដោយ​សារ​ព្យុះត្រូពិកMegi បាន​ឡើង​ដល់​ចំនួន​២៨នាក់​ហើយ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​ជាង​១ម៉ឺន៧ពាន់នាក់​បាន​រត់គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ ខណៈ​ដែល​ខ្យល់​ព្យុះ​ត្រូពិក បាន​វាយប្រហារ​និង​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយទៅ​លើតំបន់ក្នុង​ប្រទេស​ហ្វីលីពីន​នាពេលប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយ​ធ្វើឲ្យ​មាន​ទឹក​ជំនន់លិច​ផ្ទះ​សម្បែង​ កាត់​ផ្តាច់​ផ្លូវ​ធ្វើដំណើរ​និងកាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ផង​ដែរ។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​២២នាក់​បានស្លាប់​ និង​២៧នាក់ផ្សេង​ទៀត​បាន​បាត់​ខ្លួន​ ​ក្រោយ​មាន​ការបាក់​ដី​ទៅ​លើ​ភូមិ​នៅ​ក្នុង​ខេត្ត Leyte ដែល​ជា​ខេត្ត​មួយ​ដែល​ទទួល​រងគ្រោះធ្ងន់​ជាង​គេ​ដោយ​សារ​ខ្យល់​ព្យុះ​នេះ​។ នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់អាជ្ញាធរ​មូលដ្ឋាន។ ​មាន​មនុស្ស​ប្រមាណ​ជាង​១០០​នាក់​បាន​រង​របួស។

ទន្ទឹម​នឹង​នេះផង​ដែរក៏​មាន​មនុស្ស​៣នាក់​ផ្សេង​ទៀត បាន​ស្លាប់​នៅ​ក្នុង​ខេត្ត Negros Oriental ភាគ​កណ្តាល​ហ្វីលីពីន​ ​ហើយ៣នាក់​ទៀតបាន​ស្លាប់​នៅ​លើ​កោះ Mindanaoដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន។ នេះ​បើតាម​ការបញ្ជាក់​របស់ទីភ្នាក់​ងារ​គ្រោះ​មហន្តរាយ​ជាតិ​ហ្វីលីពីន។

លោកស្រី Marissa Miguel Cano ដែល​ជា​មន្ត្រី​ព័ត៌មាន​សាធារណៈ​នៃ​ទីក្រុង Baybay របស់ខេត្តLeyte ដែល​ជា​កន្លែង​ដែល​មាន​ភូមិដ្ឋាន​របស់​អ្នក​ស្រុកជា​ច្រើន​ត្រូវ​ទទួល​រង​ការ​បំផ្លាញ​ដោយ​សារ​ខ្យល់​ព្យុះ​នេះ បាន​និយាយ​ថា៖ «នេះ​ជា​រដូវ​ប្រាំង​ ប៉ុន្តែ​ប្រហែល​ដោយសារ​កត្តា​បម្រែបម្រួល​អាកាសធាតុ​នោះ​ហើយ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​នេះ​កើត​ឡើង»។

អ្នក​ភូមិ​មួយ​ចំនួន បាន​រត់​គេចខ្លួនឬ​ត្រូវ​បាន​គេ​ជួយ​ទាញ​ចេញ​ពី​គំនរ​ភក់ទាំង​រស់ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នាក់ផ្សេង​ទៀត​ ត្រូវ​គេ​សង្ស័យ​ថា​កំពុង​ជាប់នៅក្នុង​គំនរ​ភក់​នោះ។

ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ភូមិ Kantagnos ចំនួន​៥​នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា ស្លាប់ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយទេ​ថា មាន​មនុស្ស​ប៉ុន្មាននាក់​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ភូមិនេះ៕

XS
SM
MD
LG