ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​លាន​នាក់ រង​ប៉ះពាល់​ដោយសារ​ព្យុះ​ទឹកកក​នៅ​តំបន់​ភាគខាងកើត​សហរដ្ឋ​អាមេរិក


មនុស្ស​ម្នាក់ ដើរ​នៅ​ក្បែរ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​លោក Martin Luther King, Jr. ខណៈ​ដែល​ព្យុះ​រដូវរងា​ បាន​បោកបក់​កាត់​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មករា ឆ្នាំ២០២២។
មនុស្ស​ម្នាក់ ដើរ​នៅ​ក្បែរ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​លោក Martin Luther King, Jr. ខណៈ​ដែល​ព្យុះ​រដូវរងា​ បាន​បោកបក់​កាត់​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​មករា ឆ្នាំ២០២២។

ពលរដ្ឋ​អាមេរិកកាំង​រាប់​លាន​នាក់ ​ទទួល​រង​ប៉ះពាល់​ដោយ​ព្យុះទឹក​កក​រដូវរងារ​ដែល​បាន​បោក​បក់​មក​លើ​បណ្តា​រដ្ឋ​ភាគ​ខាង​កើត​សហរដ្ឋអាមេរិក​ដែល​បណ្តាល​ឲ្យ​មានទឹក​កក​ដ៏​ខ្លាំង​ និង​ធ្វើ​ឲ្យ​ដាច់​ចរន្តអគ្គីសនី​ដល់​អតិថិជន​ប្រមាណ​១សែន​ ៣ម៉ឺននាក់។ នេះ​ បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មជ្ឈមណ្ឌល​អាកាសធាតុជាតិ​អាមេរិក NWS បាន​បញ្ជាក់​ថា ព្យុះ​ទឹក​កក​នេះ បាន​បណ្តាល​ឲ្យ​មាន​ការធ្លាក់​ទឹក​កក​យ៉ាង​ខ្លាំង ទឹក​ភ្លៀង​លាយ​ជាមួយ​ទឹកកក​ និង​ខ្យល់​បោកបក់​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តំបន់​ឆ្នេរ​ភាគ​អាគ្នេយ៍​និង​កណ្តាល​នៃ​មហា​សមុទ្រ​អាត្លង់ទិច មុនពេល​វា​បក់បោកទៅ​កាន់​តំបន់ New England និង​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​កាណាដា។

មជ្ឈមណ្ឌល​អាកាសធាតុ​ជាតិ​អាមេរិក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ទឹក​កក​ដែល​ធ្លាក់​អាច​មាន​កម្ពស់​ប្រមាណ​៣០​សង់ទីម៉ែត្រចាប់ពី​តំបន់ Ohio Valley ខាង​លើ​ភាគ​ខាង​ជើង​រហូត​ដល់​តំបន់​បឹង Great Lakes ភាគខាង​ក្រោមនៅ​ថ្ងៃចន្ទ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អាមេរិក បាន​រាយការណ៍​ថា មនុស្ស​ប្រមាណ​៨០លាន​នាក់​ បាន​ស្ថិត​នៅ​ក្រោម​ការព្រមាន​នៃ​អាកាសធាតុ​នៃ​រដូវ​រងារនេះ។

មនុស្ស​ប្រមាណ ២៣៥.០០០ នាក់ ​ពុំ​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​កាលពី​ថ្ងៃអាទិត្យ តែ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ចំនួននេះ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ប្រមាណ១សែន ៣ម៉ឺននាក់​វិញនៅ​តំបន់​ឆ្នេរ​ភាគ​ខាង​កើត​និង​រដ្ឋ Kentucky ស្រប​ពេល​ដែលបណ្តាញ​ផ្គត់​ផ្គង់​អគ្គិសនី ត្រូវ​បាន​ស្តារ​ឡើង​វិញ។ នេះ​ បើយោង​ទៅ​លើ​គេហទំព័រ PowerOutage.US។

សេវា​ដឹក​ជញ្ជូនទទួល​រង​ការបង្អាក់​ខ្លាំង ដោយ​ជើង​យន្តហោះ​ប្រមាណ​រាប់​ពាន់​ត្រូវ​បាន​លុប ចោល​ហើយ​ផ្នែក​ខ្លះ​នៃ​ផ្លូវ Highway I-95 ដែល​ឆ្លង​កាត់​រដ្ឋត្រូវ​បាន​បិទ​នៅ​ក្នុង​រដ្ឋ North Carolina។

ជើង​យន្តហោះប្រមាណ​ជាង៣.០០០ ដែល​ហោះហើរ​ក្នុង​ប្រទេស​ និង​ក្រៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​លុប​ចោល​កាល​ពី​ថ្ងៃ​អាទិត្យ។

អភិបាល​រដ្ឋ Georgia លោក Brian Kemp បាន​ប្រកាស​ដាក់រដ្ឋ​ក្នុង​ស្ថានភាព​អាសន្នកាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ហើយ​រថយន្ត​ឈូស​ទឹកកក មាន​ភាពមមាញឹក​ក្នុង​ការសម្អាតផ្លូវនៅ​ពេល​រសៀល។

រដ្ឋ Virginia និង​រដ្ឋ North Carolina ក៏​បាន​ប្រកាស​ស្ថានភាព​អាសន្ន​ផង​ដែរ​ ដោយ​សារ​បញ្ហា​អាកាសធាតុ​នេះ៕

XS
SM
MD
LG