«អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»៖ ភាគទី ៣
រាយការណ៍ដោយ ស៊ុន ណារិន និង លាស់ លីបលីប
កំណត់និពន្ធ៖ ភាគទី ៣ ដែលជាសេចក្តីរាយការណ៍ចុងក្រោយនៃសេចក្តីរាយការណ៍ពិសេសស្តីពី «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» រៀបរាប់អំពីគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងកាន់តែញឹកញាប់ជាងមុន នៅខេត្តព្រះសីហនុ។
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ — ក្រុងព្រះសីហនុសព្វថ្ងៃពោរពេញទៅដោយផ្លូវខ្វាត់ខ្វែង និងសំណង់អគារច្រើន ក៏ប៉ុន្តែការអភិវឌ្ឍនិងពលរដ្ឋក្នុងក្រុងជាប់មាត់សមុទ្រនេះ រងការយាយីពីការប្រែប្រួលអាកាសធាតុ និងទឹកជំនន់ពីមួយឆ្នាំទៅមួយឆ្នាំ។
កាលពីខែសីហា ឆ្នាំ ២០២១ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចទីក្រុងនេះ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងលិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ក្រោយពីឆ្លងផុតគ្រោះទឹកជំនន់ធ្ងន់ធ្ងរ កាលពីឆ្នាំ ២០២០។
ជាង ២០ ឆ្នាំមកនេះ អ្នកស្រី ស៊ុន ចិន្តាពលរដ្ឋក្រុងព្រះសីហនុ មិនដែលធ្លាប់ឆ្លងកាត់ទឹកជំនន់ផ្ទួនៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំបែបនេះទេ។ ជាអ្នកលក់ខោអាវ និងចាប់ហួយភេសជ្ជៈនៅខាងមុខផ្ទះក្នុងភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ អ្នកស្រី ចិន្តា អាយុ ៤៧ ឆ្នាំ និងមានកូន ២ នាក់ បានថ្លែងថា ពីមួួយឆ្នាំទៅមួយឆ្នាំ ស្ថានភាពទឹកជំនន់ក្នុងខេត្តកាន់តែអាក្រក់ឡើង។
ភ្លៀងធ្លាក់ខ្លាំងកាលពីខែសីហា បានបណ្តាលឲ្យទឹកជន់ហើយបានហៀរចូលផ្ទះរបស់អ្នកស្រី និងលិចប្រមាណកន្លះម៉ែត្រ។ អ្នកស្រីបន្ថែមថា កាលពីឆ្នាំមុន ជំនន់ទឹកភ្លៀងក៏ហៀរចូលក្នុងផ្ទះដូចគ្នា ប៉ុន្តែឆ្នាំនេះ មានសភាពធ្ងន់ធ្ងរជាង។
អ្នកស្រីប្រាប់វីអូអេថា៖ «កាលមុន អត់ទាន់អភិវឌ្ឍនៅនឹកឃើញថា ទឹកវាឡើង វាលិចអី។ ហើយដល់ពេលឥឡូវ អភិវឌ្ឍហើយ ធ្វើស្ពាន ធ្វើថ្នល់ហ្នឹងហើយ អត់នឹកស្មានថាលិចទៀតទេ។ ខ្ញុំអត់នឹកស្មានថាលិចទៀតទេ។ តែឥឡូវហ្នឹង ទើបឆ្នាំហ្នឹងលិចម្តង បានភ័យខ្លួន»។
អ្នកស្រីបន្ថែមថា៖ «ដឹងតែទឹកនៅឡើងអ៊ីចឹងរហូត ឥឡូវភ័យ។ ផ្ទះថាធ្វើខ្ពស់ជាងគេហើយ ដល់ឥឡូវភ័យខ្លួនថា ទាបជាងគេវិញ ហើយដល់យើងធ្វើប៉ុណ្ណឹងថា ខ្ពស់ហើយ ដល់ឥឡូវ ទឹកវានៅឡើងតាមទាន់ទៀត ដល់អ៊ីចឹងយើងភ័យវិញទៀត»។
អ្នកស្រី ចិន្តា ក៏បានកត់ស្គាល់អំពីបម្រែបម្រួលអាកាសធាតុក្នុងខេត្តព្រះសីហនុ ក្នុងនោះមានអាកាសធាតុកាន់តែក្តៅ ហើយភ្លៀងជន់កាន់តែធ្ងន់ធ្ងរជាងមុន។
អ្នកស្រីបញ្ជាក់ថា៖ «ពីមុន អត់សូវក្តៅអីម៉ានទេ ធម្មតាៗ។ ក្តៅដែរ តែល្មម។ ឥឡូវរៀងក្តៅខ្លាំងហ្មង»។
ប៉ុន្តែអ្នកស្រីមិនដឹងថាមូលហេតុក្តៅ ដោយសារអ្វីនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «អាកាសធាតុប្រែប្រួល តែភ្លៀងខ្លាំង ទប់អត់ឈ្នះទេ។ ការអភិវឌ្ឍ ខ្ញុំត្រេកអរណាស់ បានធ្វើអ៊ីចឹង ខ្ញុំសរសើរមាំណាស់ ប៉ុន្តែអាកាសធាតុយើងមើលអត់ឃើញ»។
អ្នកស្រី ស៊ុន ចិន្តា បានរៀបរាប់បន្ថែមថា នៅពេលភ្លៀងខ្លាំង ទឹកបានបុកតាមអូរក្បែរផ្ទះដែលអ្នកស្រីអះអាងថា នៅរាក់នៅឡើយ។
កាលពីដើមឡើយ តំបន់ដែលអ្នកស្រីរស់នៅមានព្រៃ ជាដើមអាកាស្យា និងឬស្សី ហើយអ្នកស្រីធ្វើស្រែនៅតំបន់នោះផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ វាសម្បូរទៅដោយអគារ។
ចំណែកអ្នកស្រី ខុន សុខលី អាយុ ៤៦ ឆ្នាំ ជាអ្នកលក់ផ្លែឈើម្នាក់នៅតាមផ្លូវបេតុងមួយក្នុងភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុដដែល។ អ្នកស្រីបានប្រាប់វីអូអេថា ផ្លូវត្រូវបានសាងសង់ល្អហើយ ប៉ុន្តែនៅតែប្រឈមនឹងទឹកលិច បើភ្លៀងខ្លាំង។
កាលពីខែសីហា ឆ្នាំ ២០២១ ភ្លៀងខ្លាំងរយៈពេលយូរបានលិចផ្លូវរហូតដល់ជិតមួយម៉ែត្រ ហើយបណ្តាលឲ្យអាជ្ញាធរហាមឃាត់ពលរដ្ឋមិនឲ្យធ្វើដំណើរ ដោយសារបារម្ភទឹកគួច។ អ្នកស្រីបន្ថែមថាភ្លៀងធ្លាក់នៅវេលាម៉ោងជាង ៥ ល្ងាច ហើយលិចប្រហែលពីរបីម៉ោង ទើបស្រកទៅវិញ។
អ្នកស្រីប្រាប់វីអូអេថា៖ «មុនដំបូងស្មានតែវាអត់លិច ហើយចេះតែដាក់ៗទៅ ដល់ពេលហើយវាលិចទៅ ដល់លិចទៅ មានអ្នកជួយជញ្ជូន។ អ្នកជិតខាងមកជួយជញ្ជូនយកទៅដាក់កន្លែងអត់លិច»។
អ្នកស្រីបន្ថែមថា៖ «បើសិនជាអូរហ្នឹង វាធំបន្តិច ឬមួយម៉េច ខ្ញុំមិនដឹងទេណា ក្រែងលោវាលែងលិច ខ្ញុំក៏មិនដឹងដែរ។ កាលមុនមានលិចណា»។
អ្នកលក់ផ្លែឈើរូបនោះអះអាងថា អ្នកស្រីមិនដឹងថាមូលហេតុអ្វីបានជាអាកាសធាតុឡើងក្តៅខ្លាំង ហើយមិនដឹងថាអ្វីទៅជាបម្រែបម្រួលអាកាសធាតុនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «បើភ្លៀងខ្លាំងគឺថាលិចហ្មង បើថាភ្លៀងល្មម វាអត់សូវលិចទេ»។
ជំនន់ទឹកភ្លៀងកាលពីខែសីហា ឆ្នាំ ២០២១ ដែលបណ្តាលឲ្យលិចផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរខេត្តបញ្ជាក់ថាដោយសារតែភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅកម្រិតខ្លាំង ហើយបណ្តាលឲ្យទឹកហូរចូលលូមិនទាន់ និងធ្វើឲ្យជន់លិចបែបនេះ។
លោក ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន ប្រាប់វីអូអេកាលពីពេលថ្មីៗថា ប្រទេសកម្ពុជាងាយរងគ្រោះពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដោយសារកត្តាសេដ្ឋកិច្ច សមត្ថភាពឆ្លើយតប ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ នៅមានកម្រិតនៅឡើយ។ លោកបន្ថែមថា ជាធម្មតាតំបន់ឆ្នេរតែងតែមានភ្លៀង ប៉ុន្តែវាមានល្បឿននិងធ្លាក់ញឹកញាប់ជាងមុន ដែលជាទម្រង់នៃបម្រែបម្រួលអាកាសធាតុ។
លោក ហាក់ ម៉ៅ បានបញ្ជាក់ថា ការអភិវឌ្ឍក្រុងព្រះសីហនុ គឺជាភស្តុតាងមួយបង្ហាញអំពីការយកចិត្តទុកដាក់ពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ដោយស្ថាបនាផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធមានភាពធន់ជាងមុន។
លោកប្រាប់វីអូអេថា៖ «ការអភិវឌ្ឍក្រុងព្រះសីហនុគឺជាភស្តុតាងមួយបង្ហាញអំពីការយកចិត្តទុកដាក់។ ទីមួយ ទាក់ទងនឹងការអភិវឌ្ឍជាតិ ទីពីរ គឺហេដ្ឋារចនាសម្ព័ន្ធដែលសាងសង់ គឺគិតគូរទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់»។
ដោយឡែក លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា (Cambodian Youth Network) បានប្រាប់វីអូអេថា ការជន់លិចនៅក្រុងព្រះសីហនុ ខណៈមានហេដ្ឋារចនាសម្ព័ន្ធថ្មី និងកាន់តែទំនើប គឺជាមេរៀនមួយដែលគួរឲ្យព្រួយបារម្ភ។ លោកបន្ថែមថា ជំនន់ទឹកភ្លៀងនេះ ប្រហែលបណ្តាលមកពីមិនមានការរៀបចំប្រព័ន្ធរំដោះទឹកឲ្យបានទូលាយ។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងប្រសិនបើអត់មានការរៀបចំប្រព័ន្ធរំដោះទឹកមួយ ដែលមានលក្ខណៈសមតុល្យជាមួយនឹងសណ្ឋានដីទេ វាអាចបង្កឲ្យមានគ្រោះមហន្តរាយកើតឡើង»។
លោក គឹមហុង ក៏បារម្ភអំពីការដុតធ្យូងថ្ម ដើម្បីយកថាមពលមកប្រើប្រាស់ ដោយសារចំហេះនេះ វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្រទាប់បរិយាកាស និងសុខភាពរបស់ពលរដ្ឋ។
កម្ពុជាជាប្រទេសងាយរងគ្រោះបំផុតដោយសារវិបត្តិបម្រែបម្រួលអាកាសធាតុ ហើយតំបន់ឆ្នេរក៏រងគ្រោះខ្លាំងដែរ ក្នុងនោះមានទឹកប្រៃជ្រៀតចូលស្រែ ទឹកជំនន់ និងបញ្ហាខ្យល់ព្យុះជាដើម។ អ្នកវិទ្យាសាស្ត្របានចាត់ទុកសកម្មភាពបំផ្លាញបរិស្ថានរបស់មនុស្ស ការប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នចំហេះប្រេងកាត់ ការកាប់ព្រៃឈើ និងកត្តាមួយចំនួនផ្សេងទៀតថា ជាកត្តាបង្កឲ្យមានបាតុភូតធម្មជាតិធ្ងន់ធ្ងរកាន់តែច្រើនឡើងនៅជុំវិញពិភពលោក។
កង្វះថាមពលអគ្គិសនី៖ ជំនួសថាមពលធ្យូងថ្មនឹងថាមពលស្អាតវិញ
បច្ចុប្បន្ន កម្ពុជាមានរោងចក្រដុតធ្យូងថ្មរបស់ក្រុមហ៊ុនពីរនៅក្នុងខេត្តព្រះសីហនុ មានថាមពលសរុបប្រមាណ ៦៣៥ មេហ្គាវ៉ាត់។ រោងចក្របីទៀតកំពុងត្រូវបានសាងសង់ ក្នុងនោះមានថាមពលសរុបចំនួន ១.៦៦៥មេហ្គាវ៉ាត់។ រោងចក្រទាំងនោះនៅក្នុងខេត្តព្រះសីហនុ កោះកុង និងឧត្តរមានជ័យ។ រោងចក្របីចុងក្រោយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ ២០២២ ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។
កាលពីខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ធំៗពីកម្ពុជាបានបង្ហាញក្តីបារម្ភអំពីថាមពលនេះ ដែលពួកគេថា វានឹងប៉ះពាល់បរិស្ថានផ្ទុយពីការប្តេជ្ញារបស់ពួកគេក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ក្រុមហ៊ុនបញ្ជាទិញផលិតផលសម្លៀកបំពាក់ទាំងនោះរួមមាន H&M, Adidas, Puma, Gap Inc, Nike និងក្រុមហ៊ុន Specialized។
ពួកគេជំរុញឲ្យកម្ពុជាក្រឡេកមើលថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ដែលកម្ពុជាមានសក្តានុពល។
អាជ្ញាធរកម្ពុជាបានអះអាងថា កម្ពុជាត្រូវការសន្តិសុខអគ្គិសនី ខណៈថាមពលសូឡា និងថាមពលខ្យល់មិនអាចផ្គត់ផ្គង់បានគ្រប់ពេលនោះទេ ពោលគឺបានតែពេលថ្ងៃនិងក្នុងរដូវវស្សា។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា គម្រោងអគ្គិសនីដុតធ្យូងថ្ម «គឺជាជម្រើសមួយរបស់រាជរដ្ឋាភិបាលសម្រាប់ដំណាក់កាលនេះ ដែលកម្ពុជាមិនទាន់មានប្រភពអគ្គិសនីគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខថាមពលនៅឡើយ»។
លោកបន្ថែមថា៖ «ដើម្បីទប់ស្កាត់ការបំពុលខ្យល់ដែលបង្កមកពីរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងគ្រប់គ្រងបាននូវបរិស្ថានល្អ ក្រសួងបរិស្ថានបានគិតគូរយ៉ាងហ្មត់ចត់ និងបានដាក់ចុះនូវវិធានការមួយចំនួន ដោយបានកំណត់យ៉ាងណាឲ្យការបញ្ចេញឧស្ម័ន ដែលផ្ទុកសារធាតុពុលឲ្យស្ថិតក្រោមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាន ដោយប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើបក្នុងការទប់ស្កាត់ឧស្ម័នពុល»។
បើតាមលោក នេត្រ ភក្រ្តា ក្រុមហ៊ុនភាគច្រើនដែលបាននិងកំពុងប្រតិបត្តិការបានអនុវត្តតាមការកំណត់នេះ ដោយបញ្ចេញឧស្ម័នក្រោមស្តង់ដារកំណត់ដោយក្រសួងបរិស្ថាន ហើយក្រុមហ៊ុនទាំងនោះតែងតែធ្វើរបាយការណ៍ជាប្រចាំមកក្រសួងបរិស្ថាន៕
អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ១
អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ២
អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ទាំង ៣ ភាគ