អ្នកវិទ្យាសាស្ត្រអង់គ្លេស និងកេនយ៉ា បានរកឃើញមីក្រុបមួយដែលពួកគេនិយាយថាមាន «សក្តានុពលខ្លាំងក្លា» ចំពោះលទ្ធភាពនៅក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលជាជំងឺដ៏សាហាវបំផុតមួយនៅលើពិភពលោក។
ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Nature Communications បានបញ្ជាក់ថា មីក្រុបនេះការពារសត្វមូសបានទាំងស្រុងមិនឲ្យឆ្លងជំងឺគ្រុនចាញ់។
មីក្រុបនេះមានឈ្មោះថា Microsporidia MB ហើយអ្នកវិទ្យាសាស្ត្រនានាបានរកឃើញវានៅក្នុងពោះវៀន និងប្រដាប់បន្តពូជរបស់សត្វមូស ដែលរស់នៅជុំវិញបឹង Victoria នៅក្នុងប្រទេសកេនយ៉ា។
អ្នកវិទ្យាសាស្ត្រទាំងនោះបានរាយការណ៍ថា ពួកគេរកឃើញថា គ្មានសត្វមូលណាមួយដែលមានមីក្រុបនេះនៅក្នុងពោះវៀនមានវីរុសគ្រុនចាញ់នោះទេ។
អ្នកជំនាញខាងសត្វល្អិត លោកវេជ្ជបណ្ឌិត Jeremy Herren បានប្រាប់ទូរទស្សន៍ BBC ថា៖ «ទិន្នន័យ ដែលយើងមានកន្លងមក បានបង្ហាញថា មីក្រុបនេះអាចរារាំងជំងឺគ្រុនចាញ់បាន ១០០%។ វាគឺជាការភ្ញាក់ផ្អើលមួយ។ ខ្ញុំគិតថា មនុស្សនឹងយល់ថានេះគឺជាការរកឃើញមួយដ៏អស្ចារ្យ»។
អ្នកជំនាញនានាបាននិយាយថា ពួកគេមិនដឹងឲ្យបានពិតប្រាកដទេថាតើមីក្រុបនេះដំណើរការយ៉ាងម៉េច ប៉ុន្តែគ្រាន់តែមានការសង្ស័យថា មីក្រុបនេះអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់សត្វមូលតាមវិធីមួយដែលអនុញ្ញាតឲ្យសត្វមូលអាចយកឈ្នះលើប៉ារ៉ាស៊ីតវីរុសគ្រុនចាញ់បាន។
អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា សត្វមូលប្រហែល ៥% មានមីក្រុបនេះជាធម្មជាតិ។ ជំហានបន្ទាប់របស់អ្នកជំនាញគឺសិក្សាស្រាវជ្រាវអំពីវិធីនៅក្នុងការព្រលែងសត្វមូលដែលមានមីក្រុបនេះនៅក្នុងខ្លួនចូលទៅក្នុងព្រៃ។
ជំងឺគ្រុនចាញ់ឆ្លងរាលដាលដល់មនុស្សតាមរយៈការខាំរបស់សត្វមូស ហើយជំងឺនេះបានសម្លាប់មនុស្សប្រហែល ៤ សែននាក់ជារៀងរាលឆ្នាំ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនគឺជាកុមារអាយុក្រោម ៥ ឆ្នាំ។
ទោះបីជាការប្រើវិធានការមួយចំនួន ដូចជាមុងការពារសត្វមូល និងថ្នាំសម្លាប់សត្វល្អិតជាដើម បានផ្ដល់លទ្ធផលល្អប្រសើរនៅក្នុងការកម្ចាត់ជំងឺគ្រុនចាញ់ ជាពិសេសនៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក នៅក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះក៏ដោយ ក៏យុទ្ធសាស្ត្រដែលមានស្រាប់ទាំងនេះនៅតែមិនគ្រប់គ្រាន់ ដោយសារតែខ្លួនសត្វមូលបានបង្កើតប្រព័ន្ធប្រឆាំងទៅនឹងថ្នាំ សម្លាប់សត្វល្អិតមួយចំនួន។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានព្រមានកាលពីខែមុនថា ទោះបីជាសហគមន៍សុខាភិបាលសកលលោកកំពុងផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏ជំងឺមួយចំនួនផ្សេងទៀតដូចជាជំងឺគ្រុនចាញ់នេះជាដើម «នឹងកាន់តែមានកើនឡើងថែមទៀត» ប្រសិនបើមានមនុស្សតិចតួចទទួលបានវ៉ាក់សាំងការពារជំងឺនេះ ដោយសារតែខ្វះការយកចិត្តទុកដាក់នោះ។
អង្គការសុខភាពពិភពលោកបានព្យាករណ៍ថា ចំនួននៃការស្លាប់ដោយសារជំងឺគ្រុនចាញ់អាចកើនឡើងលើស ៧ សែន ៦ ម៉ឺន ៩ ពាន់នាក់នៅក្នុងឆ្នាំនេះ៕
ប្រែសម្រួលដោយ ភី សុភាដា