ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Yale បានរកឃើញថា ការនៅជាប់ជាមួយជាតិនីកូទីនក្នុងអំឡុងពេលមានផ្ទៃពោះ អាចជំរុញឲ្យមានការប្រែប្រួលហ្ស៊ែនក្នុងរយៈពេលវែងទៅលើទារកមិនទាន់កើត។ នេះអាចមានផល់ប៉ះពាល់យ៉ាងខ្លាំងទៅលើការព្យាបាល។
បម្រែបម្រួលហ្ស៊ែនដែលទើបរកឃើញថ្មីៗនេះ ហើយដែលជាលទ្ធផលនៃការនៅជាប់ជាមួយនឹងជាតិនីកូទីន អាចជួយពន្យល់អ្នកឲ្យយល់ ថាតើហេតុអ្វីបានជាការជក់បារីនៅពេលមានផ្ទៃពោះ មានទំនាក់ទំនងជាមួយបញ្ហាអាកប្បកិរិយាជាច្រើន ដូចជាកង្វះការប្រុងស្មារតីជាដើម។
ជាតិនីកូទីនធ្វើឲ្យប្រែប្រួលហ្ស៊ែនក្នុងរយៈពេលវែងក្រោយពេលទារកចាប់កំណើត
ការសិក្សាប្រជាសាស្ត្រជាច្រើនកាលពីពេលកន្លងទៅបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលជក់បារី ត្រូវបានគេរកឃើញថា ពួកគេប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ជាងមុនចំពោះការកើតបញ្ហាពិបាកប្រុងស្មារតី ឬហៅកាត់ថា ADHD។
ការស្រាវជ្រាវថ្មីនេះគឺជាលើកទីមួយហើយដែលអ្នកវិទ្យាសាស្ត្របានរកឃើញថា បណ្តុំសកម្មភាពផ្នែកជីវសាស្ត្រគឺជាអ្នកបង្កឲ្យហានិភ័យកាន់តែកើនឡើង។
ការសិក្សានេះត្រូវបានដឹកនាំដោយអ្នកអង្កេតនៃសាកលវិទ្យាល័យ Yale ហើយត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រមួយឈ្មោះ Nature Neuroscience។
លោកស្រី Marina Picciotto សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Yale ក្នុងទីក្រុង New Haven រដ្ឋ Connecticut គឺជាអ្នកនិពន្ធជាន់ខ្ពស់នៃរបាយការណ៍ស្រាវជ្រាវនេះ។ លោកស្រីនិយាយថា មានចំណុចសំខាន់មួយក្នុងការលូតលាស់នៃខួរក្បាលរបស់ទារកក្នុងផ្ទៃ (គភ៌) ដែលទំនងជាត្រូវបានរងការប៉ះពាល់ដោយការរស់នៅជាមួយជាតិនីកូទីន។
ពួកគេបានរកឃើញដូច្នេះដោយការធ្វើតេស្តលើសត្វកណ្តុរដើម្បីឲ្យដឹងថា តើជាតិនីកូទីនធ្វើឲ្យមានការប្រែប្រួលដល់របៀបដែលខួរក្បាលលូតលាស់ឬទេ។
លោកស្រីនិយាយថា៖ «បើសិនជាយើងដាក់សត្វកណ្តុរឲ្យរស់នៅជាមួយជាតិនីកូទីនក្នុងអំឡុងពេលដែលខួរក្បាលលូតលាស់ នោះវានឹងប៉ះពាល់ផ្នែកមួយ ដែលផ្នែកនោះគឺជាស្បូនបើសិនប្រៀបធៀបមកមនុស្សយើង។ តើយើងអាចមើលឃើញការប្រែប្រួលក្នុងខួរក្បាលបានទេ? ចម្លើយគឺថា យើងអាចមើលឃើញការប្រែប្រួលដែលកើតមានរយៈពេលដ៏យូរទៅលើកោសិកាប្រសាទរបស់ស្រោមខួរក្បាល»។
លោកស្រីប្រាប់ VOA បន្ថែមថា៖ «ការប្រែប្រួលដែលកើតមាននៅក្នុងកោសិកាប្រសាទមានភាពផ្សេងពីមុនទៅតាមរយៈពេលដែលយើងអាចមើលឃើញ»។
ខួរក្បាលផ្សេងគ្នា អាកប្បកិរិយាផ្សេងគ្នា
តើការប្រែប្រួលខួរក្បាលរបស់សត្វកណ្តុរប៉ះពាល់ដល់អាកប្បកិរិយារបស់ពួកវាយ៉ាងដូចម្តេចខ្លះ? យោងតាមលោកស្រី Picciotto បន្ទាប់ពីត្រូវបានដាក់ឲ្យរស់នៅជាមួយជាតិនីកូទីនរួចមក ពពួកសត្វកណ្តុរចាប់ផ្តើមមានសកម្មភាពហាក់ដូចជាពួកវាមានជំងឺពិបាកប្រុងស្មារតី ឬ ADHD។
លោកស្រីនិយាយថា ជាធម្មតាសត្វកណ្តុរតែងតែមិនភ្ញាក់ផ្អើលទៅនឹងការតន្រ្តំជើងខ្លាំងៗទេ។ ប៉ុន្តែជាតិនីកូទីនបានធ្វើឲ្យមានការប៉ះពាល់ដល់សត្វកណ្តុរទាំងនោះ។
«តាមពិតទៅ ពួកវាក៏ផ្តោតការប្រុងប្រយ័ត្នដែរ។ ពួកវាប្រុងប្រយ័ត្នចំពោះគ្រឿងជំរុញផ្សេងៗដែលជាធម្មតាត្រូវបានគេបង្ហាញចេញមកក្រៅ»។
ក្រុមអ្នកស៊ើបអង្កេតក៏ស្រាវជ្រាវរកមើលថា តើបណ្តុំសកម្មភាពផ្នែកជីវសាស្ត្រមានជាប់ទាក់ទងទៅនឹងអាការៈនៃជំងឺភាន់ច្រឡំវិញ្ញាណ ឬ Asperger និងជំងឺរវើរវាយខុសពីមនុស្សធម្មតាដែរឬទេ ដែលជំងឺទាំងនេះអាចធ្វើឲ្យរំខានយ៉ាងខ្លាំងដល់ការផ្តោតការយកចិត្តទុកដាក់ និងមុខងារនៃដំណើរការរបស់ខួរក្បាល។ លោកស្រី Picciotto និយាយថា រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយដែលអាចបញ្ជាក់ពីរោគសញ្ញាទាំងនេះដែលបង្កដោយជាតិនីកូទីននោះទេ៕
ប្រែសម្រួលដោយ នៀម ឆេង