ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ការ​ទាក់ទង​គ្នា​រវាង​ការ​ប្រើប្រាស់ E-Cigarette និង​ការ​ប្រើ​ថ្នាំ​ជក់​នៅ​ពេល​ក្រោយ


លោក​ Daryl Cura បង្ហាញ​ពី​ការ​ជក់ E-cigarette​ នៅ​ហាង Vape ក្នុង​ទីក្រុង Chicago កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ២០១៤។

បារី​ដែល​ជក់​ដោយ​ប្រើ​ឧបករណ៍​អេឡិចត្រូនិច​ ឬ​ហៅ​ម៉្យាង​ទៀត​ថា E-Cigarette​ បាន​កើន​ប្រជាប្រិយភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​ចំណោម​យុវវ័យ។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​ សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​ E-Cigarette ក្នុង​ចំណោម​ក្មេង​ជំទង់​អាមេរិកាំង​បាន​កើន​ឡើង​៣​ដង​ពី​ឆ្នាំ២០១៣​ដល់​ឆ្នាំ​២០១៤ ។ ការ​សិក្សាថ្មី​ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​មួយ​នេះ​បាន​បង្ហាញ​ថា ​ការ​ប្រើប្រាស់​ E-Cigarette ​របស់​មនុស្ស​វ័យ​ជំទង់​ទំនង​នឹង​ក្លាយ​ជា​អ្នក​ជក់​បារី​ប្រើ​ថ្នាំ​ជក់​នៅ​ពេល​ក្រោយ ជាងមនុស្ស​វ័យ​ជំទង់​ដែល​មិន​ប្រើ​វា។ ​

លោក Adam Leventhal សហអ្នកនិពន្ធ​នៃ​ការ​សិក្សា​នេះ​ ជាសាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ Southern California (USC) ហើយ​និង​ជា​អ្នកជំនាញ​ខាង​ស្រាវជ្រាវ​វិធី​ផ្ដាច់​បារី​ និង​មូលហេតុ​បង្ក​ការ​ញៀន​បារី។​ បើទោះបី​ជា​ E-Cigarette ​មាន​រសជាតិ​ផ្សេងៗ​ដូច​បារី​ថ្នាំ​ជក់​ក៏​ដោយ​ ក៏​លោក​បាន​សង្កេត​ឃើញ​ថា​ រសជាតិ​ជា​ច្រើន​របស់​ E-Cigarette​ ជា​រសជាតិ​ដែល​មនុស្ស​វ័យ​ជំទង់​ចូលចិត្ត។

លោក Adam Leventhal ​និយាយ​ថា៖ «វា​មាន​រសជាតិ​ដ៏​ទាក់ទាញ​ដូចជា​ស្ករ​សំឡី​ (cotton candy) ស្ករ​កៅស៊ូ​ភ្លុំ​ (bubble gum) ជា​ដើម។ វា​ពិត​ជា​មាន​បច្ចេកទេស​ខ្ពស់​ ហើយ​អ្នក​ដឹង​ទេ​ វា​ពិត​ជា​ទំនើប​និង​អស្ចារ្យ​ណាស់»។

​E-Cigarette​ E-Cigs និង E-Hookas ​ជា​ផលិតផល​តែ​មួយ​ ហើយ​ពួក​វា​ជា​ឧបករណ៍​បញ្ជូន​សារជាតិ​នីកូទីន (Nicotine) ដ៏​សំខាន់។ ពួកវា​ប្រើ​ល្បាយ​រាវ​ដែល​មានកម្រិតសារជាតិនីកូទីន​ផ្សេងៗ​គ្នា។ វិធី​ជក់​ E-Cigarette ​នេះ​ហៅ​ថា ការ​បឺត​បារី​តាម​ឧបករណ៍អេឡិចត្រូនិច។ E-Cigarette ​បាន​ជួយ​អ្នក​ជក់​បារី​ខ្លះ​ឲ្យ​ផ្ដាច់​វា​ដោយ​ខ្លួន​ឯង ​ពី​សារជាតិ​នីកូទីន​ ប៉ុន្តែ​មនុស្ស​វ័យ​ជំទង់​វិញ​ហាក់​ដូច​ជា​ទំនោរ​ទៅ​រក​គ្រឿង​ញៀន​ទៅ​វិញ។

ការ​សិក្សា​បាន​បង្ហាញ​ថា​ សារជាតិ​នីកូទីន​មាន​ផល​ប៉ះពាល់​ដល់​ការ​ចងចាំ​របស់​ក្មេង​ជំទង់។ វា​អាច​បង្កើន​សម្ពោធ​ឈាម ការ​បាក់​ទឹកចិត្ត​ និង​ភាព​អន្ទះអន្ទែង។​ គ្រូ​ពេទ្យ​ខ្លះ​ព្រួយ​ថា​ E-Cigarette នេះនឹង​ជំរុញ​ខួរក្បាលមនុស្ស​វ័យ​ជំទង់​ឲ្យ​មាន​ទំនោរ​ទៅ​រក​ការ​ញៀន​កាន់​តែ​ខ្លាំង​ មិន​ត្រឹម​តែ​សារជាតិ​នីកូទីនទេ ប៉ុន្តែ​សារជាតិ​ផ្សេងៗដូចជា​ កូកាអ៊ីន​ កញ្ឆា និង​គ្រឿងញៀន​ផ្សេងៗ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ USC ​បាន​ស្ទង់មតិ​សិស្ស​វិទ្យាល័យ​ចំនួន​ ២.៣០០​នាក់​នៅ​ទីក្រុង​ Los Angeles ដែល​ចាប់​ផ្តើម​ពី​ថ្នាក់​ទី​៩​ នៅ​ពេល​សិស្ស​ទាំង​អស់​ភាគ​ច្រើន​មាន​អាយុ​១៤​ឆ្នាំ។ ការ​សិក្សា​នេះ​ក៏​បាន​ប្រៀបធៀប​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​ដំបូង​ក្នុង​ចំណោម​សិស្ស​២២២​នាក់​ដែល​ធ្លាប់​បាន​ប្រើ​ E-Cigaretteប៉ុន្តែ​មិន​ប្រើប្រាស់​ថ្នាំ​ជក់​ធម្មតា​ដែល​ដុតឆេះ​ពី​មុន​មក​ទេ។

លោក​ Leventhal និយាយ​ថា៖ «ពួក​យើង​ប្រៀបធៀប​យុវជន​ដែល​ធ្លាប់​បាន​ប្រើប្រាស់​ E-Cigarette និង​យុវជន​ដែល​មិន​ដែល​ប្រើប្រាស់​ យើង​មើល​ថា​តើ​មាន​អ្វី​ខុសទេ​រវាង​ក្រុម​ទាំង​ពីរ ​និង​ការ​ជក់​ថ្នាំ​ធម្មតាដុត​ឆេះ​លើក​ដំបូង»។ ការ​ស្ទង់​មតិបាន​ត្រូវ​ធ្វើ​ម្ដងទៀត​ជា​មួយ​សិស្ស​ទាំង​នោះ​នៅ​៦​ខែ​ក្រោយ​មក​ និង​នៅ​ពេល​ពួក​គេ​ឡើងថ្នាក់​ទី​ដប់។​

លោក​ក៏​បាន​បន្ត​ទៀត​ថា៖ «យុវជន​ដែល​បាន​ប្រើប្រាស់ ​E-Cigarette ទំនង​ជា​នឹង​ចាប់ផ្ដើម​ជក់​បារី​ជាង​មនុស្ស​វ័យ​ជំទង់​ដែល​មាន​ដែល​មិន​ប្រើប្រាស់​ E-Cigarette​ ចំនួន​៤​ដង។ ​លោក​បាន​និយាយ​ថា​ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ថា ​ការ​ប្រើប្រាស់​ E-Cigarette មាន​ទំនាក់ទំនងផ្ទាល់​ទៅ​នឹង​ការជក់​បារី​ទេ​ ប៉ុន្តែ​វា​បង្កើន​គ្រោះថ្នាក់»។

លោក​បន្ត​ថា៖ «ប្រសិន​បើ​ពួក​គេ​ចាប់ផ្ដើម​ស្រូប​ជាតិ​នីកូទីន ហើយ​ចូលចិត្ត​អារម្មណ៍នៃ​ការ​ជក់យក​ជាតិ​នីកូទីន​តាម​រយៈ E-Cigarette» នោះ​វា​អាច​ធ្វើ​ឲ្យ​ពួកគេ​ចង់​សាកល្បង​ជក់​បារី​ធម្មតា ឬ​ផលិតផល​ថ្នាំ​ជក់​នានា​នៅ​ពេល​អនាគត។

ការ​សិក្សា​នេះ​បាន​លើ​កឡើង​អំពី​បញ្ហា​ជក់បារីរបស់​មនុស្ស​វ័យ​ជំទង់​ផង​ដែរ។ លោក​ស្រី​វេជ្ជបណ្ឌិត​ Nora Volkow ជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​នៃ​ការ​បំពាន​គ្រឿងញៀន ឬ NIDA នៃ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ។

លោកស្រី​បាន​ឱ្យ​ដឹង​ថា៖ «ខណៈ​ដែល​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ដោយ​មនុស្ស​វ័យ​ជំទង់​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា​ យើង​គួរ​តែ​បន្ត​ការ​ឃ្លាំ​មើលនិន្នាការ​នៃ​ការ​ជក់​បារី​ដោយ​មនុស្ស​វ័យ​ជំទង់យ៉ាង​ប្រុងប្រយ័ត្ន»។

អ្នកស្រី​បាន​និយាយ​បន្ត​ថា៖ «ឪពុក​ម្ដាយ​ និង​មនុស្ស​វ័យ​ជំទង់​គួរ​តែ​យល់​ដឹង​ថា​ ទោះ​បី​ជា E-Cigarette ​ប្រហែលជា​មិនអាច​មាន​ផល​ប៉ះពាល់​បង្ក​ជាជំងឺ​មហារីក​ដូច​ជា​បារី​ធម្មតា​ទេ តែ​ E-Cigarette មាន​ហានិភ័យ​នៃ​ការ​បង្ក​ការ​ញៀន‍»។‍

ទីភ្នាក់ងារ​អាមេរិក​ទទួល​បន្ទុក​អំពី​ចំណី​អាហារ​ និង​ឱសថ​បាន​ឱ្យ​ដឹង​ថា ​ពួកគេ​គ្រោង​នឹង​មាន​វិធានការ​គ្រប់គ្រង​លើ​ E-Cigarette រួម​ជាមួយ​នឹង​បារី​ស៊ីហ្គា​ និង​ផលិតផល​ថ្នាំ​ជក់​ផ្សេង​ទៀត​ដែល​បច្ចុប្បន្ន​មិន​ត្រូវ​បាន​ដាក់​កម្រិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ប្រទេស​មួយ​ចំនួន​បាន​ដាក់​កម្រិត​ការ​លក់​នៃ​ប្រភេទE-Cigarette ​មួយ​ចំនួន​ ប៉ុន្តែ​វា​គឺ​ត្រូវ​គេ​លក់​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាញអ៊ីនធឺណិត​ដែល​ធ្វើ​ឱ្យការ​គ្រប់គ្រង​ជាក់ស្តែងមាន​ការ​លំបាក។

ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ Journal of the American Medical Association៕

ប្រែ​សម្រួល​ដោយ មាន​ ឥស្សរាយស

XS
SM
MD
LG