ទីប្រឹក្សាខាងវិទ្យាសាស្ត្រថ្មីរបស់សេតវិមានសង្ឃឹមថា នឹងមានវ៉ាក់សាំងរួចជាស្រេចក្នុងរយៈពេល១០០ថ្ងៃសម្រាប់ជំងឺរាតត្បាតលើកក្រោយ។ លោក Eric Lander បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ដូច្នេះ នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកចាប់តាំងពីលោកបានស្បថចូលកាន់តំណែងថា លោកនឹងជំរុញឱ្យមានការត្រៀមលក្ខណៈឱ្យបានល្អប្រសើរឡើងសម្រាប់ជំងឺរាតត្បាតលើកក្រោយ។
លោកបាននិយាយថា វារួមបញ្ចូលទាំងប្រភេទវ៉ាក់សាំងដែលអ្នកស្រាវជ្រាវអាចភ្ជាប់ឧបករណ៍ហ្សែនពីការគំរាមកំហែងថ្មី ហើយត្រៀមខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនោះ។ លោកក៏សង្ឃឹមថា វិធីសាស្រ្តនេះអាចបន្ថយជំងឺមហារីកផងដែរ។ លោក Lander បង្ហាញអំពីអនាគតដ៏រុងរឿងដែលវិទ្យាសាស្ត្រមានលទ្ធ ភាពកាន់តែប្រសើរឡើងប្រឆាំងនឹងជំងឺ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងស្វែងយល់បន្ថែមពីអវកាស។
ទីប្រឹក្សាវិទ្យាសាស្ត្រថ្មីនៃសេតវិមានរូបនេះ ចង់ឲ្យមានវ៉ាក់សាំងត្រៀមទប់ទល់នឹងជំងឺរាតត្បាតនាពេលខាងមុខក្នុងរយៈពេលតែ១០០ថ្ងៃ បន្ទាប់ពីបានដឹងអំពីការផ្ទុះឡើងនូវជំងឺរាតត្បាត។
នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោក បន្ទាប់ពីបានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ លោក Eric Lander បានបង្ហាញអំពីអនាគតដ៏រុងរឿងដែលផ្តោតជាថ្មីលើវិទ្យាសាស្ត្រ មិនត្រឹមតែជួយឲ្យពិភពលោកត្រៀមសម្រាប់ជំងឺរាតត្បាតដោយត្រៀមវ៉ាក់សាំងប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងផ្លាស់ប្តូរវិធីប្រឆាំងនឹងជំងឺ និងវិធីព្យាបាលអ្នកជំងឺផងដែរ ព្រមទាំងទប់ស្កាត់ការផ្លាស់ប្តូរអាកាសធាតុ និងស្វែងយល់អំពីអវកាស។
លោក Lander បានប្រាប់សារព័ត៌មាន Associated Press ថា «ពេលនេះមានវិធីច្រើនណាស់មិនមែនត្រឹមតែផ្នែកសុខាភិបាលទេដែលយើងអាចពិចារណាឡើងវិញនូវការសន្មតជាមូលដ្ឋានអំពីអ្វីដែលអាចធ្វើបាន ហើយនោះ មានដូចជា បញ្ហាអាកាសធាតុនិងថាមពល និងវិស័យជាច្រើនទៀត»។
លោក Lander បានស្បថចូលកាន់តំណែងនៅខួប៥០០ឆ្នាំនៃ Mishnah ជាឯកសារវិទ្យាសាស្ត្របុរាណរបស់សាសន៍ជ្វីវដែលចងក្រងជាឯកសារអំពីប្រពៃណីនិងច្បាប់ផ្ទាល់មាត់ធ្វើជាអត្ថបទ។ លោកគឺជានាយកទីមួយនៃការិយាល័យគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលត្រូវបានតែងតាំងឋានៈជាគណៈរដ្ឋមន្រ្តី។
លោក Lander គឺជាគណិតវិទូនិងជាអ្នកជំនាញខាងពន្ធុវិទ្យាដោយការបណ្តុះបណ្តាលដែលជាផ្នែកមួយនៃគម្រោងគូររូបពន្ធុមនុស្ស និងបានដឹកនាំវិទ្យាស្ថាន Broad នៅឯសាកលវិទ្យាល័យ MIT និង Harvard៕