ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​រកឃើញ​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​បំផុត​មួយ


រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​ក្នុង​ឯកសណ្ឋាន​ការពារ​ពណ៌ស បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដល់​កម្មករ​សំណង់​វៀតណាម ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​ក្នុង​ឯកសណ្ឋាន​ការពារ​ពណ៌ស បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដល់​កម្មករ​សំណង់​វៀតណាម ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ប្រទេស​វៀតណាម​បាន​រកឃើញ​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​មួយ​ប្រភេទ ដែល​ជា​ប្រភេទ​ច្របាច់​បញ្ចូល​គ្នា​នៃ​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែល​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​និង​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម​លោក Nguyen Thanh Long បាន​និយាយ​ថា អ្នក​វិទ្យាសាស្ត្រ​បាន​ពិនិត្យ​លើ​គំរូ​ហ្សែន​នៃ​វីរុស​នេះ ដែល​បាន​ចម្លង​ដល់​អ្នក​ជំងឺ​ថ្មីៗ​មួយ​ចំនួន និង​បាន​រក​ឃើញ​ទម្រង់​ថ្មី​នៃ​វីរុស​នេះ។

លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍​បាន​បង្ហាញ​ថា វីរុស​បំប្លែង​ថ្មី​នេះ​អាច​ចម្លង​ងាយស្រួល​ជាង​វីរុស​បំប្លែង​ថ្មី​ផ្សេងៗ​ទៀត​នៃ​ជំងឺ​កូវីដ១៩។

ជា​រឿយៗ វីរុស​បាន​បង្កើត​នូវ​បម្រែបម្រួល​ហ្សែន​នៅ​ពេល​ដែល​វីរុស​ផលិត​បរិមាណ​កាន់តែ​ច្រើន។ វីរុស​បំប្លែង​ថ្មី​នានា​នៃ​វីរុស​ជំងឺ​កូវីដ១៩ ត្រូវ​បាន​គេ​រក​ឃើញ​តាំង​ពី​វីរុស​ជំងឺ​កូវីដ១៩ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំ ២០១៩ មក។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កត់ត្រា​វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ចំនួន ៤ ប្រភេទ ដែល «គួរ​ឲ្យ​ព្រួយ​បារម្ភ» នៅ​លើ​ពិភពលោក។ ក្នុង​ចំណោម​នោះ ២ ប្រភេទ ត្រូវ​បាន​រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស​និង​នៅ​ប្រទេស​ឥណ្ឌា និង ២ ប្រភេទ​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​និង​ប្រទេស​ប្រេស៊ីល។

លោក Long បាន​និយាយ​ថា វីរុស​បំប្លែង​ថ្មី​បំផុត​ដែល​រក​ឃើញ​នៅ​ប្រទេស​វៀតណាម​នេះ​អាច​ជា​វីរុស​ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ កើនឡើង​ខ្លាំង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ការ​ចម្លង​ថ្មីៗ​លើក​នេះ​បាន​រាលដាល​ដល់​ទីក្រុង​និង​ខេត្ត​ចំនួន ៣០ ក្នុង​ចំណោម​ទីក្រុង​និង​ខេត្ត​ទាំង ៦៣ នៃ​ប្រទេស​វៀតណាម។

កាលពី​ដំបូង ប្រទេស​វៀតណាម​បាន​ទទួល​ជោគជ័យ​យ៉ាង​ប្រសើរ​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ គិត​ត្រឹម​ដើម​ខែ​ឧសភា ប្រទេស​វៀតណាម​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ តែ​ជាង ៣.១០០ ករណី និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​តែ ៣៥ ករណី​ប៉ុណ្ណោះ តាំងពី​ពេល​ដែល​ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង​មក។

ប៉ុន្តែ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ មាន​ជាង ៣.៥០០ ករណី និង​ករណី​ស្លាប់​ថ្មី​មាន ១២ ករណី ដែល​ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​វៀតណាម​កើន​ដល់ ៤៧ នាក់។

ភាគ​ច្រើន​នៃ​ការ​ឆ្លង​ថ្មីៗ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត Bac Ninh និង​ខេត្ត Bac Giang ដែល​ជា​ខេត្ត​ពីរ​ដែល​មាន​តំបន់​ឧស្សាហកម្ម​ជា​ច្រើន ដោយ​មនុស្ស​រាប់​សែន​នាក់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដូចជា​ក្រុមហ៊ុន Samsung ក្រុមហ៊ុន Canon និង​ក្រុមហ៊ុន Luxshare ដែល​ជា​ក្រុមហ៊ុន​ដៃគូ​ដំឡើង​ផលិតផល​របស់​ក្រុមហ៊ុន Apple ជាដើម។

ទោះបីជា​មាន​វិធានការ​សុខាភិបាល​តឹងតែង​ក៏ដោយ ក៏​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ខេត្ត Bac Giang បាន​រកឃើញ​ថា កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ ៥ នាក់ នៃ​កម្មករ​សរុប​ចំនួន ៤.៨០០ នាក់​របស់​ខ្លួន បាន​ធ្វើ​តេស្ត​ឃើញ​មាន​ឆ្លង​ជំងឺ​កូវីដ១៩។

នៅ​ក្នុង​ទីក្រុង​ហូជីមិញ ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​វៀតណាម​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៩ លាន​នាក់​រស់នៅ យ៉ាង​ហោច​ណាស់ ពលរដ្ឋ ៨៥ នាក់ បាន​ធ្វើ​តេស្ត​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ១៩។ ការ​ឆ្លង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​វិហារ​គ្រិស្ត​សាសនា​ប្រូតេស្តង់​មួយ​កន្លែង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​វៀតណាម។

អ្នក​គោរព​បូជា​សាសនា​បាន​ច្រៀង​និង​បន្ទរ​ចម្រៀង​សាសនា​នៅ​ពេល​ដែល​ពួកគេ​អង្គុយ​កៀកៗ​គ្នា​ដោយ​មិន​បាន​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ឬ​ក៏​មិន​បាន​រក្សា​វិធានការ​ប្រយ័ត្នប្រយែង​ផ្សេងៗ​ទៀត។

តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជា​ឲ្យ​ហាមឃាត់​ពិធី​សាសនា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។ នៅ​តាម​ទីក្រុង​ធំៗ អាជ្ញាធរ​បាន​ហាមឃាត់​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ បិទ​ឧទ្យាន​សាធារណៈ​និង​អាជីវកម្ម​មិន​សូវ​ចាំបាច់​នានា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ភោជនីយដ្ឋាន បារនីយដ្ឋាន ក្លឹបកម្សាន្ត និង​កន្លែង​ស្ប៉ា​ផ្សេងៗ​ផងដែរ។

កន្លង​មក ប្រទេស​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ AstraZeneca ដល់​ពលរដ្ឋ​ប្រហែល ១ លាន​នាក់។ កាលពី​សប្ដាហ៍​មុន ប្រទេស​នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូវីដ១៩ ចំនួន ៣០ លាន​ដូស​ពី​ក្រុមហ៊ុន Pfizer ដែល​គ្រោង​នឹង​បញ្ជូន​ទៅ​ដល់​ប្រទេស​នេះ​នៅ​ក្នុង​ត្រីមាស​ទី ៣ និង​ទី ៤ នៃ​ឆ្នាំ​នេះ។ វៀតណាម​ក៏​កំពុង​ពិភាក្សា​ជាមួយ​នឹង​ក្រុមហ៊ុន Moderna ផងដែរ ដើម្បី​ទិញ​វ៉ាក់សាំង​បង្គ្រប់​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​ចំនួន ៨០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​របស់​ខ្លួន​ចំនួន ៩៦ លាន​នាក់៕

XS
SM
MD
LG