ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​និង​អង់គ្លេស​ពង្រីក​លទ្ធភាព​ចាក់​វ៉ាក់សាំង​កូវីដ១៩


រូបឯកសារ៖ គ្រូពេទ្យ​ម្នាក់ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer BioNTech ដល់​បុរស​ម្នាក់ នៅ​ក្រុង Angers ប្រទេស​បារាំង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ គ្រូពេទ្យ​ម្នាក់ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer BioNTech ដល់​បុរស​ម្នាក់ នៅ​ក្រុង Angers ប្រទេស​បារាំង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ដើម្បី​ប្រឆាំង​នឹង​ការកើន​ឡើង​នូវ​ការឆ្លង​វីរុស​ប្រភេទ​ផ្សេងៗ ប្រទេស​បារាំង​និង​អង់គ្លេស​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​បង្កើនការ​ចាក់​វ៉ាក់​សាំង។ ឥឡូវនេះ បារាំង​អនុញ្ញាត​ឱ្យ​មនុស្ស​ពេញ​វ័យ​ទាំងអស់​ចាក់​វ៉ាក់សាំង​កូវីដ១៩។ លោក​ប្រធានាធិបតី Emmanuel Macron និង​លោកស្រី Brigitte​ ដែល​ជាភរិយា បាន​ចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃ​ច័ន្ទ។

លោក Macron ដែល​ឆ្លង​ជំងឺ​នេះកាលពី​ខែ​ធ្នូ​បាន​សរសេរ​ថា៖ «Brigitteនិង​ខ្ញុំ​ ហើយនឹង​ប្រជាពលរដ្ឋ​បារាំង​ ២៥​ លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​នេះ​ហើយ​ ដូច្នេះ​យើង​គួរតែ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ខ្លួន​យើង និង​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង»។

សាកលវិទ្យាល័យ Johns Hopkins បាន​ឱ្យ​ដឹង​ថា​ គិតត្រឹម​ថ្ងៃ​ច័ន្ទ​ ប្រទេស​បារាំង​មាន​មនុស្ស​ឆ្លង​ជំងឺ​កូវីដចំនួន​ ៥​ លាន ​៧ សែន​នាក់ និង​ស្លាប់​១០៩.៦៩០​នាក់។

នៅ​ប្រទេស​អង់គ្លេស​ មន្ត្រី​សុខាភិបាល​បាន​យក​កីឡាដ្ឋាន​បាល់​ឱប Twickenham នៅ​ទីក្រុង​ឡុងដ៍ ​ធ្វើ​ជាកន្លែង​ចាក់​វ៉ាក់សាំង​ដ៏ធំ​មួយ។ អ្នក​ទៅ​ចាក់វ៉ាក់សាំង​នេះ​មិន​ចាំ​បាច់​ធ្វើ​ការ​ណាត់​ជួប​ជា​មុន​ទេ។ ប្រទេស​អង់គ្លេស​ដែល​កំពុង​មាន​កំណើន​នៃ​ការ​ឆ្លង​វីរុស​នេះ​ កំពុង​ព្យាយាម​ទប់ស្កាត់​វីរុស​ដែល​ឆ្លង​លឿន​ ហើយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ជាលើក​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​ភាគ​ច្រើន​ជាករណី​ថ្មី។​

ប្រទេស​អង់គ្លេស​បាន​បញ្ជាក់​ថា​ មាន​ករណី​ជំងឺ​កូវីដ​១៩​ចំនួន​៤​លាន​៥​សែន​ករណី​កាលពី​ថ្ងៃ​ចន្ទ​និង​ករណី​ស្លាប់​ចំនួន​១២​៨.០​៤៤​នាក់។ ចាប់​ផ្តើម​ពី​ថ្ងៃទី​៧​ ខែ​មិថុនា ប្រទេស​អាល្លឺម៉ង់​មាន​គម្រោង​ឲ្យ​មនុស្ស​ទាំងអស់​ដែល​មាន​អាយុ​លើស​ពី​១៦​ឆ្នាំ​ទៅ​ចាក់​វ៉ាក់សាំង​នេះ។

សាកលវិទ្យាល័យ Johns Hopkins បានឱ្យ​ដឹង​ថា​ គិតត្រឹម​ថ្ងៃ​ច័ន្ទ​ ប្រទេស​អាល្លឺម៉ង់​មាន​ករណី​ឆ្លង​វីរុស​នេះ​ជិត​ ៣ លាន ​៧ ​សែន​ករណី​ និង​មាន​អ្នក​ស្លាប់ ​៨៨.៤៦៩​នាក់។

ចំណែក​ឯ​នៅ​ប្រទេស​វៀតណាម​ឯ​ណោះ​វិញ ពួក​មន្ត្រី​និយាយ​ថា ពីព្រោះ​តែ​ការកើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩កាលពីពេល​ថ្មីៗ​នេះ ពួក​អ្នក​ក្រុង​ទាំងអស់​ចំនួន​៩លាន​នាក់​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ដែល​ជា​ទីក្រុង​ធំ​បង្អស់​នៅ​ក្នុង​ប្រទេស​វៀតណាម នឹង​ត្រូវ​ធ្វើ​តេស្ត​កូវីដ១៩។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​ឲ្យ​ដឹង​ថា កាសែត​រដ្ឋ​វៀតណាម Vietnam News បាន​រាយការណ៍​ថា ទីក្រុង​នេះ​មាន​សមត្ថភាព​ធ្វើ​តេស្ត​ចំនួន​១សែន​នាក់​ក្នុង​មួយ​ថ្ងៃ។

ស្រប​ពេល​ជាមួយ​គ្នា​នោះដែរ ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ដាក់​ការរិតត្បឹត​ការត្រួតត្រា​ការ​ធ្វើ​ដំណើរ​ឡើង​វិញ​នៅ​ក្នុង​ខេត្ត​ក្វាងទុង​ បន្ទាប់ពី​តំបន់​នោះ​បាន​កត់ត្រា​ការឆ្លង​កូវីដ១៩​ថ្មី​ចំនួន​២០​ករណីក្នុង​មួយ​ថ្ងៃ៕

XS
SM
MD
LG