ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​​និកាយ​ Shia​ នៅ​​​អារ៉ាប៊ីសាអូឌីត​គឺ​ជា​បញ្ហា​ជាប់​ឆ្គឹង​មួយ


ផែនទី​បង្ហាញ​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត។ បញ្ហា​​និកាយ​ Shia​ នៅ​​​អារ៉ាប៊ីសាអូឌីត​គឺ​ជា​បញ្ហា​ជាប់​ឆ្គឹង​មួយ។
ផែនទី​បង្ហាញ​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត។ បញ្ហា​​និកាយ​ Shia​ នៅ​​​អារ៉ាប៊ីសាអូឌីត​គឺ​ជា​បញ្ហា​ជាប់​ឆ្គឹង​មួយ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ស្រប​ពេល​ដែល​មាន​ការ​បះបោរ​រដូវ​ផ្ការីក ឬ​ Arab Spring ដ៏​មានក្តីសង្ឃឹម​ បាន​ប្រែក្លាយ​ទៅ​ជា​សង្គ្រាម​ ឬ​ភាពវឹកវរ​នោះ ​បាតុកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​និកាយ​ Shia​ ភាគតិច​ បានបន្ត​ ជាមួយ​នឹងការបាត់បង់​ជីវិត​ និង​ការ​រង​របួស​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ការ​មាន​ការ​បែក​បាក់កាន់​តែ​ ខ្លាំង​ក្នុង​បណ្តា​និកាយ​ផ្សេងៗ។

ការ​វាយ​ប្រហារ​របស់​ពួក​រដ្ឋអ៊ីស្លាម​នា​ពេល​ថ្មីៗ​នេះ​ គឺ​ជា​ការគម្រាម​មួយ​ដែល​ថា ​នឹងបង្កើន​ភាពតាន​តឹង​ក្នុង​ប្រទេសដែល​ផលិត​ប្រេងកាត​ធំ​ជាង​គេ​នៅលើ​ពិភពលោក​នេះ​។ ហើយ​ប្រទេសនេះ​ក៏កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ ខណៈពេល​ដែល​រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត​ដែល​ប្រកាន់​និកាយ​ Sunni ​កំពុង​បន្ត​ទម្លាក់​គ្រាប់​បែក​លើ​ពួក Houthis និកាយ Shia ក្នុង​ប្រទេស​យេម៉ែន។

អ្នកវិភាគ​និយាយថា​ ជម្លោះ​ដែល​ចាត់​ចូល​ជា​ជម្លោះ​«និកាយ»​នោះ ភាគច្រើន​មិនមែន​ដោយសារ​តែ​ភាពខុសគ្នា​ផ្នែក​មនោគម​វិជ្ជា​ដែល​ទាក់ទង​នឹង​ភាព​ជាជនជាតិ​ដើម​ ឬ សាសនា​នោះ​ឡើយ ក៏ប៉ុន្តែ​ ជម្លោះ​ទាំងនោះ​ គឺ​កើតឡើង​ចេញ​ពី​អំណាច​ ការ​ប្រកួតប្រជែង​យក​ធនធាន​ ឬ​ការ​សងសឹក​គ្នា។

លោក​ Mohammad al-Fal ​គឺ​ជា​និពន្ធ​នាយក​សារព័ត៌មាន​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​នាំមុខ​គេ​របស់​អារ៉ាប៊ីសាអូឌីត​ឈ្មោះ​កាសែត Okaz។ លោក​បាន​និយាយ​ពីការិយាល័យ​របស់​លោក​នៅ​ទីក្រុង​ Jeddah​ ថា​ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​អំពើហិង្សា​ដោយ​ការ​ប្រកាន់​និកាយ​ ​កើត​មាន​ឡើង​តែ​រវាង​ក្រុម​ជន​ជ្រុលនិយម​នៃ​ភាគីទាំង​សងខាង​តែប៉ុណ្ណោះ​ ហើយ​ប្រជាជន​ភាគច្រើន​មិន​បាន​ចូល​ពាក់​ព័ន្ធ​ទេ។

ក៏ប៉ុន្តែ​លោក Fahed al-Shelaimi ​ដែល​ជា​ប្រធាន​វេទិកា​សន្តិភាព​ និង​សន្តិសុខ​នៃ​តំបន់​ឈូង​សមុទ្រ​ពែកស៍​ ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​កូវ៉េត​ បាន​និយាយ​ថា​ បញ្ហា​នេះ​អាច​ប៉ះ​ពាល់​ដល់​សន្តិសុខ​របស់រដ្ឋ​មួយ​នេះ។

«ខ្ញុំ​គិត​ថា​ យើង​គួរ​តែ​គិត​គូរ ហើយ​មិន​ត្រូវ​អើពើ​អំពី​បញ្ហា​នោះ​ទេ។ ហើយ​ការ​ដែល​យើងគិត​គូរ​ពី​វា​ គឺ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នោះ។ វាមិន​មែន​ជា​ជម្លោះ​ដោយសារ​និកាយទេ។ វាជា​ជម្លោះ​នយោបាយ​ដែល​កំពុង​ប្រើប្រាស់​និកាយជាឧបករណ៍​ដើម្បី​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​រដ្ឋ​នានា»។

ភាព​តានតឹង​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​ក្នុង​ប្រទេសអារ៉ាប៊ី សាអូឌីត ​រវាង​ពួក​ជន​និកាយ Sunniភាគ​ច្រើន និងពួក​ជន​និកាយ​ ​Shia ​ភាគតិច​ដែល​មាន​ប្រមាណ​១៥​ភាគរយ​នៃប្រជាជន​សរុប។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​មនុស្ស​២៧នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​មនុស្ស​ជាង​២០០នាក់ទៀត​បាន​រងរបួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ខេត្ត​ភាគ​ខាងកើត​ ដែល​ជា​កន្លែង​ដែល​ពួក​និកាយ​ ​Shia ​ភាគច្រើន​រស់​នៅ។ នេះ​បើ​តាម​សម្តី​លោក​Giorgio Cafiero ​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ ​Gulf State Analytics។

«ពួកគេត្រូវបាន​គេ​ដាក់​នៅ​ក្រៅ​មុខងារ​ដែល​មាន​អំណាច​ ហើយ​ពួក​គេ​ប្រឈម​មុខនឹង​ការរើសអើង​ផ្នែក​ការងារ​ទាំង​នៅ​ក្នុង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន។ នៅ​ខេត្ត​ភាគ​ខាងកើត​ ​ការ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​តែង​កើត​មាន​ឡើង ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពួក​អាជ្ញាធរ​មាន​អំណាច។ ហើយ​ក៏​មាន​អ្នក​ប្រឆាំង​ពួក​និកាយ ​Shi’ite ​ច្រើន​ណាស់​ ដែល​ត្រូវ​បាន​បង្ខាំង​ទុក​ និង​កំពុង​តែ​ជាប់ឃុំ​ឃាំង​ដោយសារ​ការ​បញ្ចេញ​មតិ​នយោបាយ​ប្រឆាំង​ដោយ​សន្តិវិធី»។

លោក​បាន​បន្ត​ថា​ ជម្លោះ​ក្នុង​តំបន់ដែល​កំពុង​តែ​កើនឡើង​នេះ​ បាន​ដុត​កម្តៅ​ឲ្យ​មាន​ភាពទោមនស្ស​កាន់​តែ​ខ្លាំង​ឡើងៗ។

ជា​ឧទាហរណ៍​ ការ​តាំង​ចិត្តរបស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ក្នុង​ការ​កម្ចាត់​ពួក​ឧទ្ទាម​ Houthi​ នៅក្នុង​ប្រទេស​យេម៉ែន បាន​បង្កើន​ភាព​តានតឹង​ផ្នែក​សាសនា​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​ផ្ទាល់។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកវិភាគ​ លោក Theodore Karasik ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Dubai។

លោក​បាន​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ ចាត់​ទុក​ថា​ពួក​ Houthis​ ជា​ការគម្រាម​កំហែង​មួយ​ ព្រោះ​ពួក​គេ​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដែល​ជាដៃគូ​ប្រកួត​ប្រជែង។ ហើយ​ទស្សនៈ​របស់​អារ៉ាប៊ីសាអូឌីត​យល់​ឃើញ​ថា ​ពួកHouthis នេះ​អាច​ពង្រឹង​អំណាច​ដល់​ពួក​ ​Shia ​ដែល​កំពុង​មាន​ការ​អាក់​អន់​ចិត្ត​នៅ​អារ៉ាប៊ី​ សា​អូឌីត។

«តាម​ទស្សនៈ​របស់​ប្រជាជន​អារ៉ាប៊ីសាអូឌីត ពួក​គេមិន​ចង់​បាន​រដ្ឋ​មួយ​ដែល​គាំទ្រ​ពួក​ Shi'ite ​កើត​មាន​ឡើង​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​ទេ។ ​ បើ​តាម​ការ​យល់​ឃើញ​របស់​ពួក​គេ​ ការ​ធ្វើ​ដូច្នោះ​ នឹង​ធ្វើ​ឲ្យ​ជម្លោះ​នៅ​ខេត្ត​ភាគខាង​កើត​ឆាប​ឆេះ​កាន់​តែ​ខ្លាំង»។

លោក​ Cafiero​ និយាយ​ថា​ ការ​ថែ​រក្សា​សន្តិភាព​នៅ​ខេត្ត​ភាគ​ខាងកើត​គឺ​ជា ​អាទិភាព​ដំបូង​របស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ ពីព្រោះ​ប្រេងកាត​ស្ទើរតែទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ ដែល​មានប្រហែល​ជា​១ភាគ​៥​នៃ​ការផ្គត់ផ្គង់​ទៅ​កាន់ពិភពលោក​ គឺ​មក​ពីតំបន់​នេះ។

«សេដ្ឋកិច្ច​របស់​អារ៉ាប៊ីសាអូឌីត​ជាក់ស្តែង​គឺ​ ពឹងផ្អែក​លើ​ការនាំ​ចេញ​ប្រេងកាត​ ហេតុដូច្នេះ​ហើយ​ប្រេង​កាត​នេះ​ បាន​ធ្វើ​ឲ្យ​ភាពតានតឹង​ទាក់​ទង​នឹងនិកាយ​ នៅ​ក្នុង​រាជាណាចក្រ​មួយ​នេះ​ ​មាន​សារៈ​សំខាន់​យ៉ាង​ក្រៃលែង​ បើ​និយាយ​ពី​បរិបទ​ស្ថិរភាព​ដែល​កំពុង​បន្ត​មាន​ឡើង។ ការ​ធ្វើ​ឲ្យ​ភាព​តានតឹង​ទាក់​ទង​នឹង​និកាយ​កាន់តែ​ធ្ងន់ធ្ងរ​ អាច​ចោទ​ជា​ហានិភ័យ​ដ៏​ធំ​មួយ​ចំពោះ​ស្ថិរភាព»។

ក៏​ប៉ុន្តែ​ ការ​ទប់កំហឹង​របស់ពួកជន​និកាយ​ ​Shia​ មិន​មែន​ជា​រឿង​តែ​មួយគត់​ដែល​រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត​ត្រូវ​តែ​ធ្វើ​ដើម្បី​បន្ធូរ​ភាព​តានតឹងដោយសារ​និកាយ​នោះទេ​ ពួក​គេ​ក៏​ត្រូវ​លួង​លោម​ពួក​និកាយ​ Sunni ​ជ្រុលនិយម​ផង​ដែរ។

ម្យ៉ាងទៀត​ ព្រឹត្តិការណ៍​នៃ​ការ​វាយ​ប្រហារ​របស់​ពួក​រដ្ឋ​អ៊ីស្លាម​ទៅលើ​ព្រះវិហារ​អ៊ីស្លាម​របស់​និកាយ​ Shia​ មួយ​ កាល​ពីសប្តាហ៍​មុន​ ដែល​បានសម្លាប់​មនុស្ស​២១នាក់​ អាចបន្សល់​ទុកនូវ​បញ្ហា​ជាប់​ឆ្គឹងមួយ​សម្រាប់​រដ្ឋាភិបាល​អារ៉ាប៊ី​ សាអូឌីត។

អ្នក​វិភាគប្រវត្តិសាស្រ្ត​ និង​នយោបាយ​មាន​មូលដ្ឋាន​នៅប្រទេសកូវ៉ែត​ លោក​ Haider Ghadanfari​និយាយ​ថា​ ការ​វាយប្រហារ​នោះ​បាន​រួបរួម​ពួក Sunni និង​ពួក​ Shia ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជាមួយ​គ្នា​ដើម្បី​ប្រឆាំង​នឹង​សត្រូវ​របស់ពួក​គេ​ គឺ​ក្រុម​រដ្ឋអ៊ីស្លាម។

លោក​ Cafiero ​បាន​និយាយ​ថា​ ស្រប​ពេល​ដែល​ពួក​ Sunni និង​ពួក​ Shia​ កំពុង​កាន់​ទុក្ខ​រួមគ្នា​ រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីតក៏កំពុង​ប្រឈម​មុខ​នឹង​ការរិះគន់​ពី​ពួក​ជន​ជ្រុល​និយម​ ដែល​ក្នុង​នោះ​មាន​អ្នក​ខ្លះ​ជឿ​ថា​ ពួក ​Shia ​គួរ​តែ​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​ទាំង​អស់។

លោក​បាន​បន្ត​ទៀតថា​ នេះអាច​ពង្រឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​បាន​ស្បថ​រួច​ហើយ​ថា​ នឹង​កម្ទេច​រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត​ ដើម្បី​ពួក​ Shia ទាំង​អស់។

លោក​និយាយ​ថា​ទៀត​ថា​ ប្រសិនបើ​រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត​មិន​សង្រ្គោះ​ជនរងគ្រោះ​ដែលជា​ពួក​Shia​ ទេ​ វា​អាច​ពង្រឹង​អំណាច​កងកម្លាំង​ពួក​ Shia​ ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល។ ក៏ប៉ុន្តែ​ ប្រសិន​បើ​រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត​ជួយ​ជនរងគ្រោះ​ដែល​ជា​ពួកShia វិញ​នោះ​ វានឹង​អាច​ផ្តល់​អំណាច​ដល់​កង​កម្លាំង​ពួក​ Sunni ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​ផង​ដែរ៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG